ក្រុងហ្វ្រែងហ្វឺតៈ ក្រុមហ៊ុនផលិតស្បែកជើង Adidas របស់ប្រទេស អាល្លឺម៉ង់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជាងពាក់កណ្តាលនៃសាច់ក្រណាត់សំយោគប៉ូលីយេស្ទ័រ (polyester) ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលរបស់ខ្លួនក្នុងឆ្នាំនេះនឹងត្រូវផលិតចេញពីសម្ភារដែលអាចប្រើប្រាស់ទ្បើងវិញបាន រួមទាំងស្បែកជើងរាប់លានគូដែលផលិតចេញពីប្លាស្ទិកផងដែរ។
ក្រុមហ៊ុនឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឆ្នាំ ២០២០ ចំណែកនៃសាច់ក្រណាត់សំយោគប៉ូលីយេស្ទ័រដែលត្រូវបានកែច្នៃទ្បើងវិញក្នុងផលិតផលរបស់ក្រុមហ៊ុន Adidas នឹង «កើនខ្ពស់ជាង ៥០ ភាគរយ ជាលើកដំបូង»។
គិតត្រឹមឆ្នាំ ២០២៤ ក្រុមហ៊ុន Adidas «បានប្តេជ្ញាចិត្តចំពោះការប្រើប្រាស់ក្រណាត់សំយោគប៉ូលីយេស្ទ័រដែលត្រូវបានកែច្នៃឡើងវិញ» នៅទូទាំងផលិតកម្មស្បែកជើង សម្លៀកបំពាក់ និងសម្ភារផ្សេងៗទៀតដូចជាកាបូប និងប្រដាប់ការពារឆ្នឹងស្មងជើង។
ក្រុមហ៊ុន Adidas ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់ខ្លួនមានបំណងផលិតស្បែកជើងឲ្យបានពី ១៥ ទៅ ២០ លានគូ នៅក្នុងឆ្នាំ ២០២០ ដោយប្រើប្រាស់សំណល់ប្លាស្ទិកដែលត្រូវបានកែច្នៃឡើងវិញដែលប្រមូលបាននៅតាម «ឆ្នេរ និងតំបន់សមុទ្រនានា»។
ក្រុមហ៊ុនបានចេញលក់រួចហើយនូវស្បែកជើងចំនួន ១១ លានគូ កាលពីឆ្នាំមុនដែលគ្រាន់តែជាចំណែកតូចមួយនៃស្បែកជើងសរុបជាង ៤០០ លានគូ ដែលក្រុមហ៊ុននេះផលិតបានប្រចាំឆ្នាំ។
ក្រុមហ៊ុន Adidas ឲ្យដឹងទៀតថា ក្រុមហ៊ុនប្តេជ្ញាចិត្តចំពោះការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិក «ដើម្បីបញ្ឈប់ការបំពុលមហាសមុទ្ររបស់ពិភពលោក»៕