ភ្នំពេញៈ ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ឱ្យមក​ដាក់ពាក្យ​ស្នើសុំ​កញ្ចប់​ថវិកា​សម្រាប់​រៀប​ចំ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ពង្រឹង​ធនធាន​មនុស្ស​បន្ថែមទៀត​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

ក្រសួង​ប្រកាសថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បណ្តុះបណ្តាល​លើ​ជំនាញ​ដែល​ពាក់ព័ន្ធ​អាចដាក់​សំណើ​ដេញថ្លៃ​លើ​សកម្មភាព​រៀបចំ និង​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល ដើម្បី​ពង្រឹងសមត្ថភាព​សម្រាប់​ក្រសួង​​ទេសចរណ៍ និង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា កម្មវិធី​នេះ​ស្ថិតក្រោម​ក្របខ័ណ្ឌ​គម្រោង​កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ (TCBP) ​ដែល​ក្រសួង​ទទួល​បាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងទៀតថា គម្រោង TCBP ត្រូវ​បែងចែក​ជា ១៨ វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ចំនួន​ ៧ ដែល​រួមមាន ជំនាញ​ទំនាក់ទំនង និង​កន្លែង​ការងារ​, ទីផ្សារ និង​ទេសចរណ៍​, ការគ្រប់គ្រង​គម្រោង​, ស្ថិតិ និង​ការស្រាវជ្រាវ​, សុវត្ថិភាព​ចំណីអាហារ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង ICT​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា ក្រសួង​ក៏មាន​បំណង​ជ្រើសរើស​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយ ឬ​ច្រើន ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការរៀបចំ និង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជាក់លាក់​ដែល​ក្រសួង​រំពឹងថា សកម្មភាព​វគ្គ​បណ្តុះបណ្តាល​ភាគច្រើន​នឹង​បញ្ជូល​គ្នា​ទាំង​ការបង្រៀន​ដោយផ្ទាល់ និង​អនឡាញ​តាមរយៈ​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា​ (Learning Management System)​។

សេចក្តី​ជូនដំណឹង​បន្ថែមថា ការបណ្តុះបណ្តាល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ១២ ​ខែ​។ នេះ​បើតាម​កាលវិភាគ​ដែល​សម្របសម្រួល​ដោយ​ផ្នែក​គ្រប់គ្រង​គម្រោង​នៃ​ក្រសួងទេសចរណ៍​។

វិសាលភាព​ការងារ​របស់​អ្នកពិគ្រោះ​យោបល់​នេះ​គ្របដណ្តប់​លើ​រាល់​សកម្មភាព​ដែល​ត្រូវការ​ការរចនា​ការរៀបចំ និង​វាយតម្លៃ​លើ​វគ្គ​បណ្តុះបណ្តាល និង​ការកសាង​សមត្ថភាព​ដែល​បានបញ្ជាក់​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​។

ការផុតកំណត់​ឈប់​ទទួល​ពាក្យស្នើសុំ​នៅ​ថ្ងៃទី​ ១០ ខែ ឧសភា ឆ្នាំ​ ២០២១​។

រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) ​បានផ្តល់​ជំនួយឥតសំណង​ ១,៥ ​លាន​អឺរ៉ូ​ (១,៧ ​លានដុល្លារ​) ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយ​កូវីដ​ ១៩ ដែល​ជំនួយ​នេះ​ស្ថិតក្រោម​គម្រោង​កសាង​សមត្ថភាព​ទេសចរណ៍​ឆ្នាំ​ ២០២០-២០២៣​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ឱ្យ​ដឹងថា កម្មវិធី​បណ្តុះបណ្តាល​នេះ​គឺជា​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការផ្តល់​ជំនាញ​បន្ថែម​ដល់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​រងផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​យើង​ផ្តោត​តែ​លើ​ប្រតិបតិ្តករ​ទេសចរណ៍ ភ្នាក់ងារទេសចរណ៍​ដែល​បម្រើ​ការងារ​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​គឺ​ស្ថិតនៅក្នុង​កញ្ចប់​នេះ​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​តាមរយៈ​ការពង្រឹង​ជំនាញ​បន្ថែមទៀត​។

អ្នកស្រី​រំពឹងថា ក្រោម​កម្មវិធី​នេះ​នឹង​ជួយ​ទាក់ទាញ​អ្នកប្រកបរបរ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ភាគច្រើន​បាន​បោះបង់​អាជីព​ទៅ​ប្រកបរបរ​ផ្សេង​ក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ងាក​មក​ចាប់យក​របរ​នេះ​វិញ​។

អ្នកស្រី​បាន​បន្ថែមថា​៖ «​ខ្ញុំ​សង្ឃឹមថា​ការផ្តល់​វគ្គបណ្តុះបណ្តាល​នឹង​អាច​ទាញ​ពួកគាត់​ចូលមក​វិស័យនេះ​វិញ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​ប្រសើរឡើង​។ យើង​កំពុង​បារម្ភ​ថា​ការបោះបង់​ពី​អាជីព​វិស័យ​ទេសចរណ៍​នឹង​ធ្វើឱ្យ​ប្រឈម​កង្វះ​ធនធានមនុស្ស​ពេល​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​»៕ LA