ភ្នំពេញៈ AHF Products ដែលជា​ក្រុមហ៊ុន​ផលិត​ក្តារ​កុងប្លាកេ និង​ក្តារបន្ទះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាមេរិក​ នឹង​ពង្រីក​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ទ្វេដង​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បិទ​រោងចក្រ​នៅក្នុង​ទីក្រុង​ស៊ាងហៃ​ប្រទេស​ចិន​។

ក្រុមហ៊ុន AHF Products បាន​ប្រកាស​ថា រោងចក្រ​ផលិត​ក្តារ​កុងប្លាកេ និង​ក្តារបន្ទះ​របស់​ខ្លួន​នៅក្នុង​ក្រុងព្រះសីហនុ​នឹង​បង្កើន​ចង្វាក់​ផលិតកម្ម​ទ្វេដង​ដើម្បី​បម្រើ​អតិថិជន​អន្តរជាតិ​របស់ខ្លួន​។ ​ផែនការ​ពង្រីក​ផលិតកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ឈប់​ការផលិត​នៅ​ទីក្រុង​សៀងហៃ​។ នេះ​បើតាម​ទស្សនាវដ្តី Hardwood Floors ដែល​ចុះផ្សាយ​កាលពី​សប្តាហ៍​មុន​។

ទស្សនាវដ្តី​នេះ​បាន​ឲ្យ​ដឹងថា រោងចក្រ​នៅ​ទីក្រុង​សៀងហៃ​បាន​ទិញ​ភាគហ៊ុន​មួយផ្នែក​នៃ​អាជីវកម្ម​របស់ LM Flooring ដែល​ជា​ក្រុមហ៊ុន​ផលិត​កម្រាល​ឥដ្ឋ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កាណាដា អឺរ៉ុប អូស្ត្រាលី និង​អាស៊ី ហើយ​អតិថិជន​របស់​ក្រុមហ៊ុន AHF Products នឹង​បន្ត​ទទួល​បាន​សេវាកម្ម​ពី​រោងចក្រ​នៅ​កម្ពុជា​។

លោក Brian Carson ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​ AHF Products បាន​ថ្លែងថា​៖ «​បន្ទាប់ពី​ពិនិត្យ​យុទ្ធសាស្ត្រ​អាជីវកម្ម​ឡើងវិញ​យើង​បាន​សម្រេច​ចិត្ត​ដ៏ពិបាក​ក្នុង​ការបិទ​រោងចក្រ​នៅ​ទីក្រុង​ស៊ាងហៃ​។ លោក​បាន​បន្តថា​៖ «​មេដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​នឹងត្រូវ​ផ្ទេរ​ទៅកាន់​រោងចក្រ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​ក្រុមការងារ​នៅ​ទីនោះ​បន្ថែមទៀត​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន AHF Products ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ជា​ក្រុមហ៊ុន Fine Flooring (Cambodia) Co.,Ltd បាន​សង់រោង​ចក្រ​លើ​ផ្ទៃដី ៨ ​ហិកតា​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​​ព្រះសីហនុ ដោយ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០១៧​។

លោក​ថ្លែងថា​៖ «​ការបង្កើន​ចង្វាក់​ផលិតកម្ម​នឹង​ផ្តល់​ប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ច កម្ពុជា​តាមរយៈ​ការបង់ពន្ធ និង​ជួយ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​»​។

យោងតាម​ទស្សនាវដ្តី Hardwood Floors ក្នុង​រយៈពេល ១២ ​ខែ​ចុងក្រោយ AHF បាន​បង្កើន​សមត្ថភាព​ផលិត​របស់ខ្លួន​ចំនួន ៣ ​ដង​មកហើយ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ក៏​មាន​ផែនការ​នឹង​បង្កើន​សមត្ថភាព​ទ្វេដង​បន្ថែម​ទៀត​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ខាងមុខ​៕LA