ប៉ារីសៈ​ ក្រុមហ៊ុន ​Airbus ​ដែល​​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​​អឺរ៉ុប បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​នឹង​បញ្ចប់​ការ​ផលិត​យន្តហោះ​ A380 ​ជា​ប្រភេទ​​​យន្តហោះ ​២ ជាន់ ​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​ដំណើរ ​ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ទីផ្សារ​ដោយ​សារ​តែ​ការ​ចំណាយ​ខ្ពស់​ពេក​។

ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​បញ្ឈប់​ការ​ចែកចាយ​​យន្តហោះ​ A380 ក្នុង​ឆ្នាំ ​២០២១ ដែល​បាន​​ប្រតិបត្តិ​ការ​​រយៈ​ពេល​ជាង ​១ ​ទសវត្សរ៍​ បន្ទាប់​ពី​ Emirates ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ កាត់​បន្ថយ​ការ​បញ្ជា​ទិញ​សរុប​​​ចំនួន ​៣៩ ​គ្រឿង​​។​

វា​បង្ហាញ​ពី​ការ​បញ្ចប់​ដ៏​គួរ​ឲ្យ​អាម៉ាស់ ​ដោយ​សារ​​ការ​បញ្ចប់​​ការ​ផលិត​នេះ ​តើ​មនុស្ស​រាប់​លាន​នាក់​នឹង​ធ្វើ​ដំណើរ​នៅ​ពេល​​អនាគត​ដូច​ម្ដេច ​ខណៈ​ក្រុមហ៊ុន​​អាកាសចរណ៍​ជា​ច្រើន​ជម្នះ​​ក្នុង​ការ​បំពេញ​សមត្ថភាព​យន្តហោះ​នៃ​ការ​ដឹក​​ជញ្ជូន​ចាប់​ពី​ ៥០០​ ទៅ​ ៨៥០ ​នាក់​។​

ក្រុមហ៊ុន Airbus ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​​បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ហើយ​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​​ផ្នែក​បច្ចេកវិទ្យា​យន្តហោះ ​និង​គ្រឿង​ម៉ាស៊ីន ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ​ កំពុង​កាត់​បន្ថយ​​ការ​បញ្ជា​ទិញ​យន្តហោះ ​A380 ​របស់​ខ្លួន​​ពី​​ ១៦២ ​គ្រឿង​មក​នៅ​ត្រឹម ​១២៣ ​គ្រឿង​»។​

​ក្រុមហ៊ុន​​​បន្ត​ថា​៖ «​ដោយ​​សារ​តែ​​ផល​វិបាក ​និង​ដោយ​សារ​តែ​កង្វះ​បញ្ជី​កត់ត្រា​ការ​បញ្ជា​ទិញ​ជា​មួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​ផ្សេង​ទៀត​ ក្រុមហ៊ុន​ Airbus ​នឹង​បញ្ឈប់​ការ​ចែកចាយ​យន្តហោះ​ ​A380 ក្នុង​ឆ្នាំ ​២០២១​»​។​

ក្រុមហ៊ុន​ Airbus  ត្រូវ​បាន​បង្ខំ​ឲ្យ​បន្ថយ​ល្បឿន​ការ​ផលិត​យន្តហោះ​ A380 ក្នុង​រយៈ​ពេល​ប៉ន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​មុន​ពេល​ការ​ព្រមាន​កាល​ពី​ខែ​មករា ​​​ឆ្នាំ ២០១៨ ​ថា ​កម្មវិធី​នេះ​​អាច​ត្រូវ​បាន​បោះបង់​ចោល​ ប្រសិន​បើ​​មិន​មាន​ការ​បញ្ជា​ទិញ​ថ្មី​ៗ​ធ្វើ​ឡើង​ទេ​នោះ​។​

រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​សេចក្ដី​ប្រកាស​នេះ​ ក្រុមហ៊ុន​​​នេះ​បាន​បង្ហាញ​ការ​ទទួល​​បាន​ការ​គាំទ្រ​ជា​មួយ​នឹង​​កិច្ច​ព្រមព្រៀង ​ចុង​​ក្រោយ​បំផុត​​របស់​​ក្រុមហ៊ុន​​ Emirates ប៉ុន្តែ​កាល​ពី​ខែ​មុន​​​ Airbus ​បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​នេះ​ ពេល​នេះ​​អាច​បាន​ និង​កំពុង​​ពិចារណា​។​

សេច​ក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្រុមហ៊ុន​ Airbus បាន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ចែក​ចាយ​យន្តហោះ A380s ​ចុង​ក្រោយ ​១៤ គ្រឿង​ឲ្យ​​ក្រុមហ៊ុន​អាកាស​ចរណ៍​ Emirates ​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​​ក្រោយ។ ​សេច​ក្ដី​ប្រកាស​នេះ​បន្ថែម​ថា ​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ ​បាន​បញ្ជា​ទិញ​យន្តហោះ​ធុន​តូច​ ៧០ គ្រឿង ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ។​

លោក​ Tom Enders អគ្គនាយក​​ក្រុមហ៊ុន ​Airbus ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ដោយ​លើក​​ឡើង​ថា សេចក្ដី​សម្រេច​ចិត្ត​​របស់​​ក្រុមហ៊ុន​​​​ Emirates មាន​ន័យ​ថា ​ក្រុមហ៊ុន Airbus «​មិន​មាន​ការ​កត់ត្រា​បញ្ជី​យន្តហោះ​​ A380​ ច្រើន​នោះ​ទេ ​ហើយ​​ដូច្នេះ​​មិន​មាន​មូលដ្ឋាន​ក្នុង​​ការ​​ទ្រទ្រង់​ការ​ផលិត​នោះ​ទេ ​ទោះ​​បីជា​កិច្ច​ខិតខំ​ប្រឹងប្រែង​​ការ​​​លក់​របស់​យើង​ទាំង​អស់​ ជា​​មួយ​​ក្រុមហ៊ុន​អាកាសចរណ៍​​ផ្សេង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ក៏​ដោយ​»។​

Airbus ​បង្ហាញ​ប្រាក់​ចំណេញ​របស់​ខ្លួន​សម្រាប់​ឆ្នាំ ​២០១៨ កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​រាយការណ៍​កំណើន​ប្រាក់​ចំណេញ​សុទ្ធ​ ​២៩ ​ភាគរយ​ ដល់​​ ​៣,៤ ​ពាន់​លាន​ដុល្លារ​​​​។​

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចែកចាយ​យន្តហោះ​ពាណិជ្ជកម្ម​ថ្មី​ចន្លោះ​ពី ​៨៨០ ​ទៅ​ ៨៩០ ​គ្រឿង​នៅ​ឆ្នាំ​នេះ​។​ ក្រុមហ៊ុន​នេះ​បន្ថែម​ថា​ ខ្លួន​កំពុង​​​​បម្រុង​ប្រាក់​ ៤៣៦ ​លាន​អឺរ៉ូ​សម្រាប់​​កម្មវិធី​យន្តហោះ​ដឹក​ជញ្ជូន​យោធា A400​M៕ AFP/LA​