ភ្នំពេញ៖ កម្ពុជា​នឹង​តភ្ជាប់​ទៅ​កាន់​ភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជាជាង ១,៦ ពាន់​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាង ១៩០ ជុំវិញ​ពិភព​លោក ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា បន្ទាប់​ពី​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​កម្ពុជា​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន Amadeus។

Amadeus គឺ​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធ្វើ​ដំណើរ​មួយ ដែល​មាន​ដំណោះស្រាយ​សំខាន់ៗ ដែល​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ព្រលាន​យន្តហោះ​ជាច្រើន សណ្ឋាគារ និង​ខ្សែ​រថភ្លើង ម៉ាស៊ីន​ស្រាវជ្រាវ ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិករ​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ផ្សេងៗ​ទៀត ដើម្បី​ដំណើរការ​ប្រតិបត្តិការ​របស់​ពួក​គេ និង​កែ​លម្អ​បទពិសោធន៍​ធ្វើ​ដំណើរ ដែល​មាន​ចំនួន​រាប់​ពាន់​លាន​ដង​ក្នុង​មួយ​ឆ្នាំ​ជុំវិញ​ពិភព​លោក។

យោង​តាម​សេចក្ដី​ប្រកាស​បាន​ពី​ក្រុមហ៊ុន Amadeus កាល​ពី​ថ្ងៃទី ២៧ ខែ​មេសា ក្រុមហ៊ុន Cambodia Airports ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ VINCI Airports ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ប្រតិបត្តិករ​ព្រលាន​យន្តហោះ​ទាំង ៣ របស់​ប្រទេស​កម្ពុជា បាន​ជ្រើសរើស​យក Amadeus Flow ដែល​ជា​វេទិកា​ខ្លោដ​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញ​លេញ​មួយ​សម្រាប់​សេវាកម្ម​អ្នក​ដំណើរ​តាម​ព្រលាន​យន្តហោះ ដើម្បី​ដាក់​ពង្រាយ​យ៉ាង​រហ័ស​នូវ​សមត្ថភាព​គ្រប់គ្រង​អ្នក​ដំណើរ​ថ្មីៗ តាមរយៈ​អ៊ីនធឺណិត​នៅ​ពេល​ចាំបាច់។

ជាមួយ​នឹង​ដំណោះស្រាយ​ថ្មី​នេះ ក្រុមហ៊ុន Cambodia Airports អាច​បែងចែក​ធនធាន​បណ្ដោះ​អាសន្ន​ដែល​មិន​ប្រើប្រាស់។ ជា​ឧទាហរណ៍ កម្មវិធី​បច្ចេកវិទ្យា​នេះ​នឹង​ចែកចាយ​បន្ត​នូវ​សេវា​អាកាសចរណ៍​រវាង​ចំណត​ទទួល​អ្នក​ដំណើរ ដោយសារ​តែ​កន្លែង​ត្រួត​ពិនិត្យ​ពេល​ចូល និង​ច្រកទ្វារ​នានា នឹង​លែង​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ចាស់ នៅ​តាម​ចំណុច​ជាក់លាក់​នៅ​ក្នុង​ចំណត​អ្នក​ដំណើរ​ទៀត​ហើយ។

លោក Sarah Samuel ប្រធាន​ក្រុមហ៊ុន Airport IT, APAC, Amadeus បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Airports កំពុង​ស្ថិត​ក្នុង​ផ្លូវ​បំបែក​មួយ​បើ​និយាយ​អំពី​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​អ្នក​ដំណើរ បើ​ពួក​គេ​ចាប់​យក​ខ្លោដ​កុំព្យូទ័រ ឬ​បន្ត​ក្នុង​ការ​ធ្វើ​អ្វីៗ តាម​របៀប​ដែល​ពួក​គេ​តែងតែ​បាន​ធ្វើ។

លោក Sarah ថ្លែង​ថា៖ «សម្រាប់​កម្មវិធី Amadeus យើង​ជឿជាក់​ថា ឧស្សាហកម្ម​ព្រលាន​យន្តហោះ បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ហើយ ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​ជំងឺ​កូវីដ ១៩ ដែល​បង្កើន​ល្បឿន​ការ​ឆ្ពោះ​ទៅ​រក​កម្មវិធី​ខ្លោដ។ ការណ៍​នេះ​ផ្ដល់​ឱកាស​ជាច្រើន​សម្រាប់​ព្រលាន​យន្តហោះ​នានា ខណៈ​ពេល​ដែល​យើង​អនុវត្ត​នវានុវត្តន៍ ដូច​ជា​ជីវមាត្រ ដើម្បី​បង្កើត​ជា​ថ្មី​ឧស្សាហកម្ម​មួយ​កាន់​តែ​ប្រសើរ។ យើង​មាន​ក្ដី​រីករាយ​ដែល​ធ្វើ​ដៃគូ​ជាមួយ​ក្រុមហ៊ុន Cambodia Airports និង​ទន្ទឹង​រង់ចាំ​ការ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ជា​យុទ្ធសាស្ដ្រ​របស់​ពួក​គេ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ និង​ឱកាស​ក្នុង​រយៈពេល​វែង»។

លោក Hervé Bonin អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​រំពឹង​ថា នឹង​ទទួល​បាន​បទពិសោធន៍​ដោយ​រលូន និង​ផ្លាស់ប្តូរ​ទៅ​វេទិកា​ខ្លោដ​ជាមួយ Amadeus ដែល​មាន​ន័យ​ថា ព្រលាន​យន្តហោះ​របស់​លោក​អាច​ផ្ដល់​នៅ​ពេល​នេះ និង​ទៅ​ថ្ងៃ​អនាគត។

លោក​ថ្លែង​ថា៖ «ការ​ចែក​រំលែក​ចក្ខុ​វិស័យ​រយៈពេល​វែង​របស់​យើង Amadeus គឺ​ជា​ដៃគូ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​ភាព​ស្មុគស្មាញ​នៅ​ពី​ក្រោយ​ឆាក ដូច្នេះ​យើង​អាច​អនុវត្ត​នវានុវត្តន៍​ថ្មី​ដោយ​ងាយ​ស្រួល ដែល​ដាក់​អតិថិជន អ្នក​ដំណើរ និង​ក្រុមហ៊ុន​ទេសចរណ៍​របស់​យើង នៅ​កន្លែង​ដ៏​សំខាន់​បំផុត​នៃ​គំរូ​ព្រលាន​យន្តហោះ​របស់​យើង។ ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ឈាន​មុខ​គេ​នេះ ជាមួយ​នឹង​ការ​វិនិយោគ​សំខាន់ៗ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គ្រឿង​បរិក្ខារ វេទិកា​របស់​យើង ត្រូវ​បាន​រៀបចំ​បាន​យ៉ាង​ល្អ​ប្រសើរ ដើម្បី​ស្វាគមន៍​ដំណាក់កាល​កំណើន​បន្ទាប់»។

សិ្ថត​ក្រោម​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports ទទួល​បាន​សិទ្ធ​សម្បទាន​រយៈពេល ៤០ ឆ្នាំ​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​បណ្ដាញ​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ដែល​បម្រើ​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ។

ភាគ​ទុកនិក​របស់​ក្រុមហ៊ុន Cambodia Airports គឺ​ក្រុមហ៊ុន VINCI Airports របស់​ប្រទេស​បារាំង (៧០ ភាគរយ) និង​ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០ ភាគរយ) ដែល​ជា​ការ​វិនិយោគ​រួម​រវាង​ម៉ាឡេស៊ី និង​កម្ពុជា។

កម្ពុជា​បាន​ទទួល​ចំណូល​ពី​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១,០២៣ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន ធ្លាក់​ចុះ​ចំនួន ៧៩,៤ ភាគរយ ធៀប​នឹង ៤,៩១៩ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៩ ដោយសារ​តែ​ផល​ប៉ះពាល់​ជា​ទូទៅ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍​បាន​រាយការណ៍​កាល​ពី​ថ្ងៃទី ១៩ ខែ​មេសា។

កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១៣០៦ ១៤៣ នាក់ កាល​ពី​ឆ្នាំ ២០២០ ធ្លាក់​ចុះ ៨០,២ ភាគរយ​ធៀប​នឹង ៦ ៦១០ ៥៩២ នាក់ កាល​ពី​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ៕LA