ភ្នំពេញៈ ខណៈម៉ាស៊ីនរាង ៤ ជ្រុងពណ៌ស ចាប់ផ្ដើមបន្លឺសំឡេងងូងៗនៅពីមុខបន្ទប់ ឧបករណ៍ជាដៃធ្វើពីលោហៈអាចត្រូវបានគេមើលឃើញទាញទៅទាញមក តាមរយៈបន្ទះខាងមុខថ្លារបស់ប្រអប់នេះ ខណៈមានមនុស្សជាច្រើនកំពុងឈរមើល ម៉ាស៊ីនព្រីនរូប 3D ដែលកំពុងបង្កើត រូបដាយណូស័រ មេអំបៅ និងដៃសិប្បនិម្មិត។
ខណៈកំពុងលើករបាំងគ្រោងម៉ាស៊ីនព្រីនរូប 3D និស្សិតមួយរូបនិយាយថា៖ «ខ្ញុំចង់ដឹងពីរបៀបរចនា និងបោះពុម្ពរបស់របរដូចនេះ»។
នេះជាថ្នាក់ដំបូងដែលបានផ្ដល់ដោយក្រុមហ៊ុនបោះពុម្ពរូប 3D Arc Hub Pnh នៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារដែលមាននិស្សិត ៥ រូប បានរៀនមូលដ្ឋានរបៀបបញ្ចូលការបោះពុម្ពរូប 3D នៅក្នុងអាជីវកម្មផ្ទាល់របស់ពួកគេ។
លោក KiHow Tran ស្ថាបនិកក្រុមហ៊ុន Arch Hub Pnh ដែលជានាយកប្រតិបត្តិការនៅ Trybe ជាការិយាល័យធ្វើការងាររួម (coworking space) ដែលបានរៀបចំថ្នាក់រៀននេះបានចាប់ផ្ដើមបង្រៀនដោយផ្ដល់ការរំឭកខ្លីៗ អំពីសូហ្វវែរ និងយន្តសាស្ដ្រដែលជាប់ទាក់ទងនៅក្នុងដំណើរការការបោះពុម្ពរូប 3D។
ក្រុមហ៊ុន Arc Hub បានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៣ ដែលពីដំបូងបង្កើតហាងនៅក្នុងសាកលវិទ្យាល័យក្នុងស្រុក ដោយមានគោលបំណងផ្ដល់អាជីវកម្មក្នុងស្រុកដែលត្រូវការសម្ភារបោះពុម្ពរូប។
មិនយូរប៉ុន្មានវាក៏ដឹងច្បាស់ថា ការបោះពុម្ពរូប 3D មិនមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជាដូចលោក Tran បានសង្ឃឹមទុកពីមុននោះទេ ប៉ុន្តែអាជីវកម្មនេះភ្លាមៗបានប្រែក្លាយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅជាការបង្រៀនសហគ្រិនវ័យក្មេង និងក្រុមចូលចិត្តបច្ចេកវិទ្យាអំពីកម្មវិធីបោះពុម្ពរូប 3D ។
លី ចាន់ពិសិដ្ឋ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើននៅក្នុងថ្នាក់រៀនកាលពីថ្ងៃអង្គារបានឲ្យដឹងថា រូបគេបានសម្រេចចិត្តចូលរៀន ដោយសារតែចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយនៅក្នុងការងារទីផ្សាររបស់ខ្លួន។
ក្រោយពីបញ្ចប់ថ្នាក់នេះលោក លី បានថ្លែងថាលោកនឹងត្រឡប់ទៅនិយាយបន្ថែមទៀតជាមួយលោក Tran អំពីរបៀបប្រើប្រាស់ម៉ាស៊ីននេះឲ្យបានល្អបំផុត។
សម្រាប់និស្សិតផ្សេងទៀតដូចជា ម៉ុម លីហួរ មានកម្មវិធីជាក់ស្ដែងជាច្រើន។ បងស្រីរបស់ ម៉ុម លីហួរ កំពុងដំណើរការអាជីវកម្មគ្រឿងអលង្ការថ្មីមួយ ហើយលោកបានថ្លែងថា ម៉ាស៊ីនព្រីនធ័រអាចជួយបង្កើនល្បឿនដំណើរការការធ្វើគំរូសម្រាប់ការបង្កើតថ្មី។
លោកថ្លែងថា៖ «សម្រាប់គ្រឿងអលង្ការ ជួនកាលយើងអាចប្រើប្រាស់ក្រមួន 3D ដើម្បីធ្វើគំរូចិញ្ចៀន»។ លោកបន្តថា៖ «វានឹងល្អក្នុងការរៀនពីរបៀបប្រើប្រាស់ម៉ាស៊ីនទាំងនេះ ដើម្បីធ្វើការងារនោះ»។
លោក Tran បានកត់សម្គាល់ថា ការបោះពុម្ពជារូប 3D ជារឿយៗត្រូវបានប្រើប្រាស់នៅក្នុងការផលិតគ្រឿងអលង្ការ ហើយអាចជួយបង្កើនល្បឿនដំណើរការនៃការធ្វើគំរូក្រមួនផងដែរ។ លោកថ្លែងថា៖ «ការបោះពុម្ពជារូប 3D ត្រូវបានប្រើប្រាស់ច្រើនសម្រាប់ការផលិតគ្រឿងអលង្ការ»។ លោកបន្តថា៖ «ជាងទងធ្លាប់ប្រើប្រាស់ដើម្បីបំបែកការរចនាក្រមួនទាំងនេះក្នុងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែប្រសិនបើអ្នកព្រីនរូប 3D វាត្រូវការរយៈពេល ២-៣ ម៉ោងប៉ុណ្ណោះ»។
ម៉ាស៊ីនព្រីនរូប 3D របស់ក្រុមហ៊ុន Arc Hub Pnh បានជួយអាជីវកម្មបង្កើតថ្មីចំនួន ២ រួចមកហើយនៅប្រទេសកម្ពុជារហូតមកដល់ពេលនេះ។
លោក ឯម ចាន់រិទ្ធីកុល ស្ថាបនិកក្រុមហ៊ុន Doy Doy ជាក្រុមហ៊ុនឧបករណ៍ក្មេងលេងដែលប្រើប្រាស់ម៉ាស៊ីនព្រីនរូប 3D បានសន្មតភាពជោគជ័យរបស់លោកដោយសារថ្នាក់រៀនមួយដែលបានរៀននៅ Trybe កាលពីឆ្នាំមុន។ ក្រុមហ៊ុននេះបានជួយបង្រៀនបច្ចេកទេសបោះពុម្ពរូប 3D ដល់សហគ្រិនវ័យក្មេងដែលបានចាប់ផ្ដើមការបោះពុម្ពរូប 3D។
លោក Tran បច្ចេកវិទ្យាបានបង្ហាញពីឱកាសក្នុងការធ្វើបដិវត្តន៍ភាពខុសគ្នានៃអាជីវកម្ម និងវិស័យជាច្រើន៕LA