ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋកំពុងពិចារណាពីការទម្លាក់អត្រាការប្រាក់ពី ៦ ភាគរយមកត្រឹម ៥ ភាគរយ ដើម្បីគាំទ្រសហគ្រិនខ្នាតតូចឲ្យបានកាន់តែច្រើនថែមទៀត ក្នុងការចូលរួមអនុវត្តកម្មវិធីឥណទានពិសេសរបស់រដ្ឋាភិបាលដែលមានទំហំទឹកប្រាក់ ៥០ លានដុល្លារ។
លោក កៅ ថាច អគ្គនាយក ARDB បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា និងកសិករដាំបន្លែប្រមាណ ២៥០ នាក់ក្នុងខេត្តកណ្តាលកាលពីសប្តាហ៍មុនថា ARDB កំពុងពិចារណាទម្លាក់អត្រាការប្រាក់មកនៅត្រឹម ៥ ភាគរយដើម្បីគាំទ្រដល់ប្រជាកសិករនៅកម្ពុជា។
លោកថ្លែងថា៖ «ការកំណត់អត្រាការប្រាក់ខាងលើនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកំពុងពិចារណាទម្លាក់មកត្រឹម ៥ ភាគរយប្រចាំឆ្នាំវិញ ប្រសិនបើមានការចង្អុលបង្ហាញ និងណែនាំពីថ្នាក់ដឹកនាំ»។
ARDB បានបញ្ចេញមូលនិធិ ៥០ លានដុល្លារជាផ្លូវការកាលពីខែមីនា សម្រាប់ផ្តល់កម្ចីដល់សហគ្រាសនៅក្នុងវិស័យឧស្សាហកម្មក្នុងអត្រាការប្រាក់ទាប។ បច្ចុប្បន្ន ARDB បានផ្តល់កម្ចីចាប់ពី ១០ ០០០-៣០០ ០០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ៦ ភាគរយសម្រាប់ទុនបង្វិល និង ៦,៥ ភាគរយ សម្រាប់ទុនវិនិយោគក្នុងរយៈពេល ១ ឆ្នាំ។
លោកបានឲ្យដឹងទៀតថា ចំពោះទ្រព្យធានាឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសនេះ ARDB អាចផ្តល់ជូនរហូតដល់ ៨០ ភាគរយ នៃតម្លៃទ្រព្យធានាបំណុល។ លោកបញ្ជាក់ថា៖ «ការទទួលយកទ្រព្យធានាបំណុលនឹងមានភាពបត់បែនដោយយើងនឹងទទួលទ្រព្យធានាឥណទាន រួមមាន ឧបករណ៍ និងគ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើក្រៅពីអចលនទ្រព្យ»។
នៅក្នុងសិក្ខាសាលានោះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើសុំឲ្យ ARDB ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌអនុគ្រោះមួយចំនួនក្នុងការផ្តល់ឥណទានដល់ប្រជាកសិករ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេធ្វើការពង្រីកអាជីវកម្មបន្ថែមក្នុងអំឡុងពេលនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើឲ្យមានការបន្ថយអត្រាការប្រាក់ដល់កសិករដែលទទួលបានឥណទានសម្រាប់យកទៅប្រកបរបរ ហើយសូមស្នើឲ្យមានការយោគយល់ក្នុងការបង់ប្រាក់ស្ថិតក្នុងស្ថានភាពមានការឆ្លងជំងឺកូវីដ១៩ ស្របតាមគោលការណ៍ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា»។
បើតាមលោក កៅ ថាច គិតមកដល់ពេលនេះ ARDB កំពុងធ្វើការពិនិត្យមើលលើពាក្យស្នើសុំកម្ចីរបស់សហគ្រាសធុនតូច និងមធ្យមចំនួន ៧ ចាប់តាំងពីធនាគារនេះបញ្ចេញមូលនិធិ ៥០ លានដុល្លារជាផ្លូវការសម្រាប់ផ្តល់កម្ចីដល់សហគ្រាសនៅក្នុងវិស័យកសិឧស្សាហកម្ម។ លោកបន្តថា សហគ្រាសធុនតូច និងមធ្យមទាំងនោះបានដាក់ពាក្យស្នើសុំកម្ចីក្នុងទំហំ ២០០ ០០០ ដុល្លារដូចៗគ្នា។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក្នុងគោលបំណងដើម្បីគាំទ្រហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមដែលមានជាង ៥០០ ០០០ ដោយរដ្ឋាភិបាលបានបញ្ចេញសហហិរញ្ញប្បទាន ១០០ លានដុល្លារ និងបានដាក់ឲ្យដំណើរការកាលពីដើមខែមេសានេះ។
បច្ចុប្បន្ន SME Bank បានពង្រីកទុនរបស់ខ្លួនរហូតដល់ជិត ១៥០ លានដុល្លារ ដោយសារមានការបន្ថែមដើមទុនថ្មីពីគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៣៣ ដែលបានកើនដល់ប្រមាណ ៩៧,៥ លានដុល្លារ។
យោងតាមការស្ទង់មតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ទៅលើម្ចាស់អាជីវកម្ម ៧១ ដោយរកឃើញថា សហគ្រាសធុនតូច និងមធ្យមត្រូវការជំនួយសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍសេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធានមនុស្ស ហិរញ្ញវត្ថុ ការចុះបញ្ជីអាជីវកម្មពន្ធដារ និងការលម្អស្តង់ដាអនាម័យ៕ LA