ភ្នំពេញ: ក្រុមហ៊ុន​ធានារ៉ាប់រង BIMA ដែលជា​ប្រតិបត្តិករ​ផ្ដល់​សេវា​ធានារ៉ាប់រង​សុខភាព​តាម​ទូរស័ព្ទដៃ និង​ប្រតិបត្ដិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​នៅ​កម្ពុជា SmartAxiata បាន​ពង្រីក​គម្រោង​ធានារ៉ាប់រង​អាយុជីវិត​វៃឆ្លាត​ដែល​បាន​បង្កើន​ទឹកប្រាក់​សំណង​ពី ៣ ២០០ ​ដុល្លារ​ដល់ ៥ ០០០ ​ដុល្លារ​។

អតិថិជន​ដែល​កំពុង​ប្រើ​គម្រោង​ធានារ៉ាប់រង​អាយុជីវិត​វៃឆ្លាត​របស់ BIMA អាចដាក់​ពាក្យស្នើសុំ​លក្ខខណ្ឌ​ថ្មី​នេះ​ចាប់ពី​ថ្ងៃទី​ ១ មេសា តទៅ​។

កញ្ញា អំ គីមតុល នាយកប្រតិបត្ដិ BIMA បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​តម្រូវការ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​របស់​អ្នកវណ្ណៈ​កណ្តាល​កំពុង​កើនឡើង​បាន​តម្រូវ​ឲ្យ BIMA ធ្វើការ​បង្កើន​ការផ្តល់ជូន និង​ផ្តល់​ការធានារ៉ាប់រង​ប្រសើរ​ជាង​មុន​។

កញ្ញា​ថ្លែងថា​៖ «​គ្រួសារ​ប្រាក់ចំណូល​ទាប​នៅ​កម្ពុជា​ពុំមាន​លទ្ធភាព​ប្រើ​គម្រោង​ធានា​រ៉ាប់រង​លក្ខណៈ​ពាណិជ្ជកម្ម និង​សង្គម​បាន​ទេ ដូច្នេះ​នៅ BIMA យើង​កំពុង​ធ្វើការ​បង្កើន​ប្រសិទ្ធភាព​នៃ​ផលិតផល​របស់​យើង​រៀងរាល់​ថ្ងៃ​។ យើង​អាច​បំបាត់​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​ហើយ​ជួយ​ពួកគេ​ឲ្យ​ទៅជា​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​នៅ​ថ្ងៃ​អនាគត​»​។

កញ្ញា​បន្ត​ថា ចាប់តាំងពី​ឆ្នាំ ២០១៤ មក​ក្នុង​ភាព​ជា​ដៃគូ​​ជាមួយ​ក្រុមហ៊ុន Smart បាន​ជួយ​ឲ្យ​ក្រុមហ៊ុន BIMA ផ្តល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​ជាង​ ១ ​លាន​នាក់​ក្នុង​គម្រោង​ធានារ៉ាប់រង​សុខភាព មន្ទីរពេទ្យ និង​អាយុជីវិត​។ កញ្ញា​ឲ្យ​ដឹង​ទៀតថា​៖ «​តាមរយៈ​ការបន្ដ​កិច្ចខិតខំ​កសាង​ភាព​ជា​ដៃគូ និង​នវានុវត្ដន៍ យើង​រំពឹងថា​ចំនួន​នឹង​អាច​កើនឡើង​ហើយ​ស្របពេល​ជាមួយ​គ្នា​នេះ​យើង​ក៏​អាច​ផ្ដល់​សេវា​គ្រប់គ្រង​ហានិភ័យ​ដ៏មាន​តម្លៃ​ដល់​ជន​ងាយ​រងគ្រោះ​ផងដែរ​»​។

លោក StjepanUdovicic នាយក​ផ្នែក​ទីផ្សារ​របស់ SmartAxiata បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ឈានមុខ​នៅ​កម្ពុជា ក្រុមហ៊ុន​ប្តេជ្ញា​ថា​នឹង​បន្ដ​ស្វែងរក​អ្វី​ថ្មីៗ ដើម្បី​ច្នៃ​ជីវិត​រស់នៅ​របស់​អតិថិជន​ឲ្យ​បាន​ប្រសើរ​ឡើង​តាមរយៈ​សេវា​ផ្ដល់​តម្លៃបន្ថែម​នានា និង​គំនិត​ផ្ដួចផ្ដើម​ច្នៃប្រឌិត​ក៏ដូចជា​ការធានារ៉ាប់រង​វៃឆ្លាត​។

លោក​ថ្លែង​​ថា​៖ «​ជាមួយ BIMA យើង​សង្ឃឹម​ថា​នឹង​ពង្រីក​ការផ្តល់សេវា​ធានា​អាយុជីវិត និង​រ៉ាប់រង​ថ្លៃ​ព្យាបាល​តូចៗ​តាមរយៈ​វិធី​ទូទាត់​ងាយៗ និង​មិន​ប្រើ​ក្រដាសប្រាក់​។ ពួកយើង​ក៏មាន​បំណង​បញ្ជ្រាប​ពី​អត្ថប្រយោជន៍​នៃ​ធានារ៉ាប់រង និង​ការជំរុញ​ការពង្រីក​បណ្ដាញ​ចែកចាយ​ការធានារ៉ាប់រង​ខ្នាតតូច​ដល់​អ្នកប្រើប្រាស់​ផងដែរ​»​។

អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ធានារ៉ាប់រង​អាយុជីវិត​វៃឆ្លាត​នឹង​តម្រូវ​ឲ្យ​បង់ប្រាក់​ចន្លោះ​ពី ១,៦០ ​ដុល្លារ ទៅ ២,៤០ ​ដុល្លារ​ក្នុង​មួយខែ ហើយ​អតិថិជន​នឹង​ទទួល​បាន​សំណង​រហូត​ដល់​ ៥ ០០០ ​ដុល្លារ​អាមេរិក ។ នេះ​បើតាម​កញ្ញា​ ថុលអាម​។

កញ្ញា​ គីមតុល បន្តថា គម្រោង​ធានារ៉ាប់រង​មន្ទីរពេទ្យ​វៃឆ្លាត ក្រុមហ៊ុន​បានកំណត់​ការចំណាយ​លើ​ការ​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​ ១០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​យប់ ហើយ​ពួកគេ​អាច​សម្រាក​នៅ​ពេទ្យ​រហូត​ដល់​ ៣២ ​យប់​។

កញ្ញា​ថ្លែងថា​៖ «​អតិថិជន​ដែល​បង់​រយៈពេល​ ១ ​ខែ​នឹង​ទទួល​បាន​ការរ៉ាប់រង​នៅ​ខែ​បន្ទាប់ ហើយ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​គឺ​តម្រូវ​ឲ្យ​បង់​បុព្វលាភ​រ៉ាប់រង​ពេញលេញ​»​។

កញ្ញា​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន BIMA មាន​អតិថិជន​សរុប ៣៥០ ០០០ ​នាក់​​ ក្នុងនោះ​អតិថិជន​ប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​វៃឆ្លាត ២៥៦ ០០០ ​នាក់​។ ក្រុមហ៊ុន​បានផ្តល់​សំណង​ជាង​ ១,២ លាន​ដុល្លារ​រួមមាន​គម្រោង​ធានារ៉ាប់រង​អាយុជីវិត​វៃឆ្លាត និង​គម្រោង​ធានារ៉ាប់រង​មន្ទីរពេទ្យ​វៃឆ្លាត​។

លោកស្រី ហោ សុវឌ្ឍនា អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពីថ្ងៃ​ចន្ទ​ថា និន្នាការ​ការប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង​របស់​ប្រជាជន​កម្ពុជា​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈ​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។

លោកស្រី​បន្តថា បច្ចុប្បន្ន​នៅ​កម្ពុជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ធំៗ​មាន​ចំនួន ១១ ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​ ១៦ ក្រុមហ៊ុន និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាតតូច​មាន​ចំនួន​ ៧៕LA