ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​គាំទ្រ​ការកែទម្រង់​ពន្ធ​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ដែល​នឹង​លុបចោល​ការលើកលែង​ពន្ធ​ ដើម្បី​ដោះស្រាយ​ជម្លោះ​រយៈពេល​យូរ​ជាមួយ​សហភាព​អឺរ៉ុប (EU)​។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ហូតពន្ធ​ពិន័យ​រួចហើយ​លើ​ផលិតផល EU តម្លៃ​ ៧,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ជម្លោះ​ជុំវិញ​ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus​។

កាលពី​ថ្ងៃ​សុក្រ លោក ត្រាំ បាន​បង្កើន​ពន្ធ​នាំចូល​យន្តហោះ​ដល់​ ១៥ ​ភាគរយ ពី​ ១០ ​ភាគរយ​ដែលជា​ផ្នែក​មួយ​នៃ​ការដាក់​ទណ្ឌកម្ម​ទាំងនោះ​។

សហភាព​អឺរ៉ុប​បាន​គំរាមថា នឹង​អនុវត្ត​ប្រឆាំងនឹង​អាមេរិក​សម្រាប់​ការគាំទ្រ​ដែល​ខ្លួន​បាន​ផ្ដល់​ដល់​ក្រុមហ៊ុន Boeing ដូចគ្នា ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​បាន​ឲ្យ​ដឹងថា ការកែទម្រង់​ពន្ធ​រដ្ឋ​នឹង​ដោះស្រាយ​បញ្ហា​នេះ​។

ក្រុមហ៊ុន Boeing បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​យើង​គាំទ្រ​យ៉ាង​ពេញលេញ និង​បាន​គាំទ្រ​សម្រាប់​វិធានការ​នេះ​»​។ ក្រុមហ៊ុន​បន្តថា​៖ «​នៅពេល​យើង​បាន​អនុម័ត​ច្បាប់​នេះ វា​នឹង​ក្លាយជា​ដំណោះស្រាយ​តែមួយគត់​ដែល​យើង​រកឃើញ​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រយៈពេល​វែង​រវាង​អឺរ៉ុប និង​អាមេរិក និង​ជុំវិញ​ការគាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​ការផលិត​យន្តហោះ​ពាណិជ្ជកម្ម​ខ្នាត​ធំ​»​។ ក្រុមហ៊ុន​បញ្ជាក់ថា​៖ «​ការផ្លាស់ប្តូរ​ដែល​លុបចោល​ការកាត់បន្ថយ​ពន្ធ​ ៤០ ​ភាគរយ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​នឹង​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក ដើម្បី​ពាណិជ្ជកម្ម​ស្មើភាព និង​ផ្អែក​តាមច្បាប់ និង​ដើម្បី​គោរព​តាម​សេចក្ដី​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»​។

ក្រុមហ៊ុន Boeing ដែល​មាន​រោងចក្រ​ផលិត​សំខាន់ៗ​របស់ខ្លួន​នៅ​ភាគ​ពាយព្យ​រដ្ឋ​វ៉ាស៊ីនតោន​អាមេរិក​បាន​សន្សំ​ប្រហែល ២៣០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ពី​ការលើកលែង​ពន្ធ​នេះ និង​ការលើកលែង​ពន្ធ​ផ្សេងទៀត​។

ក្រុមហ៊ុន Boeing បាន​ឲ្យ​ដឹងថា ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន Airbus បានទទួល​អត្ថប្រយោជន៍​ពី​ការដំណើរការ​ជំនួយ និង​ការឧបត្ថម្ភធន​ខុសច្បាប់​រាប់ពាន់​លាន​ដុល្លារ​ដែល WTO បាន​រកឃើញ​ម្ដង​ហើយ​ម្ដង​ទៀតថា រំលោភ​លើ​ច្បាប់ពាណិជ្ជកម្ម​ពិភពលោក​» ហើយ​បញ្ហា​នេះ​នៅតែ​មិនទាន់​ត្រូវបាន​ដោះស្រាយ​។

ក្រុមហ៊ុន​បន្តថា​៖ «​នៅពេល​នេះ​ជា​ពេលវេលា​សម្រាប់​ក្រុមហ៊ុន Airbus និង​សហភាព​អឺរ៉ុប​ត្រូវ​គោរព​ច្បាប់​តាមរយៈ​ការបញ្ចប់​ការឧបត្ថម្ភធន​ជំនួយ​ដែល​ធ្វើឡើង​ដោយ​ខុសច្បាប់ នៅពេល​នេះ និង​ជា​លើកចុងក្រោយ​បំផុត និង​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​បាន​បង្ក​ដល់​ឧស្សាហកម្ម​យន្តហោះ​អាមេរិក និង​កម្មករ​របស់​ខ្លួន​»​។

សង្គ្រាម​ផ្លូវច្បាប់​រយៈពេល​វែង​រវាង​ក្រុមហ៊ុន Airbus និង​ក្រុមហ៊ុន Boeing នៅ WTO បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​ ២០១៤ នៅពេល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ប្រទេស​អេស្ប៉ាញ​ពី​បទ​ផ្ដល់​ការឧបត្ថម្ភធន​ខុសច្បាប់ និង​ផ្ដល់​ការគាំទ្រ​ដល់​ការផលិត​ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន Airbus​។

១ ​ឆ្នាំ​ក្រោយមក EU បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន Boeing បាន​ទទួល​ការឧបត្ថម្ភធន​ដែល​ហាមឃាត់​តម្លៃ​ ១៩,១ ​ពាន់​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ១៩៨៩ ដល់​ឆ្នាំ​ ២០០៦ ពី​សាខា​ផ្សេងៗ​របស់​រដ្ឋាភិបាល​អាមេរិក​។

ករណី​ ២ ​នេះ​បន្ទាប់មក​ត្រូវបាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ផ្លូវច្បាប់ ដោយ​ភាគី​នីមួយៗ​ត្រូវ​ផ្ដល់នូវ​ភាពត្រឹមត្រូវ​មួយផ្នែក បន្ទាប់ពី​បណ្ដឹងឧទ្ធរណ៍ និង​បណ្ដឹងតប​ជា​បន្តបន្ទាប់​៕ LA