ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន Broadcom ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​កាត់​បន្ថយ​តម្លៃ​ទិញ​យក​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​បគ្រឿង​អេឡិចត្រូនិក​ចល័ត Qualcomm ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​បាន​ដំឡើង​តម្លៃ​ដេញ​ថ្លៃ​ទិញ​យក​ក្រុមហ៊ុន NXP របស់​ហូឡង់​។

ក្រុមហ៊ុន Broadcom បាន​ទម្លាក់​តម្លៃ​ដែល​ខ្លួន​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន Qualcomm ពី ៨២ ដុល្លារ​មក​នៅ​ត្រឹម ៧៩ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ដែល​នឹង​នៅ​តែ​ជា​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដដែល បើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បញ្ចប់​នៅ​តម្លៃ​ប្រមាណ​ ១១៧ ​ពាន់​លាន​ដុល្លារ​។

ការ​ទម្លាក់​តម្លៃ​នេះ​កើត​មាន​ឡើង​ក្នុង​គ្រា​ដែល​មាន​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​ទៅ​លើ​សំណើ​ទិញ​ក្រុមហ៊ុន Qualcomm នេះ​ដែល​អាច​នឹង​ផ្លាស់ប្តូរ​វិស័យ​ផលិត​បន្ទះ​ឈីប​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នេះ ប្រសិន​បើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​សម្រេច​បាន​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន Broadcom បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​តម្លៃ​នេះ​ត្រូវ​បាន​កាត់បន្ថយ​ដោយសារ «​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន Qualcomm បាន​ប្រព្រឹត្ត​ជំទាស់​នឹង​អត្ថប្រយោជន៍​ដ៏ល្អ​បំផុត​របស់​ភាគហ៊ុនិក​របស់​ខ្លួន តាមរយៈ​ការផ្ទេរ​ដោយ​ឯកតោភាគី​នូវ​តម្លៃ​ដ៏លើស​លប់​ទៅ​ឲ្យ​ភាគហ៊ុនិក​សកម្ម​របស់​ក្រុមហ៊ុន NXP»​។

ក្រុមហ៊ុន Qualcomm ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ទូរស័ព្ទ​ទំនើប​ល្បី​ឈ្មោះ​បាន​ងាក​មក​ទប់ស្កាត់​កិច្ចប្រឹងប្រែង​ទិញ​យក​ក្រុមហ៊ុន​ខ្លួន​ដោយ​ក្រុមហ៊ុន Broadcom ហើយ​កាលពី​សប្តាហ៍​មុន​បាន​ច្រាន​ចោល​សំណើ​ផ្តល់​តម្លៃ​លើក​ចុងក្រោយ​ចំនួន ៨២ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ដោយ​លើក​ឡើង​ថា វា​ជា​តម្លៃ​ទាប​ពេក​។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​សំណើសុំ​ទិញ​យក​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បន្ថយ​តម្លៃ​របស់​ក្រុមហ៊ុន Broadcom បាន​ធ្វើឲ្យ​ការ​ផ្តល់​តម្លៃ​មិន​គ្រប់គ្រាន់​នេះ​កាន់តែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ថែម​ទៀត បើ​ទោះ​ជា​មាន​ការ​ដំឡើង​តម្លៃ​ច្បាស់លាស់​ចំពោះ​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន Qualcomm តាមរយៈ​ការ​ផ្តល់​ភាព​ប្រាកដប្រជា​ចំពោះ​ការ​ទិញ​យក​ក្រុមហ៊ុន NXP ក្តី​»​។

ក្រុមហ៊ុន Qualcomm បាន​លើក​ឡើង​ថា ការ​ផ្តល់​តម្លៃ ៧៩ ដុល្លារ​ក្នុង​មួយ​ហ៊ុន ធ្វើ​ឲ្យ​តម្លៃ​ក្រុមហ៊ុន​នេះ​ទាប​ជាង​ទីផ្សារ ហើយ​មិន​បាន​ពិចារណា​ពី​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​ខ្លួន​នឹង​ទទួល​បាន​ពី​ការ​ទិញ​យក​ក្រុមហ៊ុន NXP នោះ​ទេ​។

កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន Qualcomm បាន​ដំឡើង​ការ​ផ្តល់​តម្លៃ​របស់​ខ្លួន​រហូត​ដល់ ៤៣ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យក​ក្រុមហ៊ុន NXP ក្នុង​គោលបំណង​បន្ធូរបន្ថយ​ក្តីបារម្ភ​របស់​វិនិយោគិន​មួយ​ចំនួន​របស់​ក្រុមហ៊ុន NXP និង​ដើម្បី​សម្រេច​ភាព​ជា​ដៃគូ​ដែល​នឹង​ធ្វើឲ្យ​ការ​ទិញ​យក​ក្រុមហ៊ុន Qualcomm ពី​សំណាក់​ក្រុមហ៊ុន Broadcom មិន​សូវ​មាន​ភាព​ទាក់ទាញ​។

ក្រុមហ៊ុន Broadcom បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​របស់​ខ្លួន​នៅ​តែ​ប្តេជ្ញាចិត្ត​ទិញ​យក​ក្រុមហ៊ុន Qualcomm ហើយ​ការ​ផ្តល់​តម្លៃ​ទិញ​យក​ក្រុមហ៊ុន​នេះ​ជា​សាច់​ប្រាក់ និង​ជា​ភាគហ៊ុន​នឹង​ត្រូវ​ដំឡើង​ដល់ ៨២ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន​វិញ បើ​ក្រុមហ៊ុន Qualcomm មិន​អាច​ទិញ​យក​ក្រុមហ៊ុន NXP បាន​។

ក្រុមហ៊ុន Broadcom បន្ត​ថា​៖ «​ក្រុមហ៊ុន​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ភាគហ៊ុនិក​របស់ ​Qualcomm នឹង​បន្ត​គាំទ្រ​ចំពោះ​សំណើ​របស់​ខ្លួន ដើម្បី​ទិញ​យក​ក្រុមហ៊ុន Qualcomm»៕ BP