ភ្នំពេញៈ ក្រុមហ៊ុន​ជាង ៣៥០ មកពី​ប្រទេស​ចំនួន​ ២៣ ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អន្តរជាតិ Cambuild''18 ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១២-១៤ ខែ​កញ្ញា​នៅ​សាល​តាំងពិព័រណ៍​កោះពេជ្រ​។

ព្រឹត្តិការណ៍​រៀបចំ​ដោយ​ក្រុមហ៊ុន AMB Tarsus Events Group នេះ​នឹង​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​មកពី​ប្រទេស​ជាច្រើន​ដូចជា អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន និង​ថៃ​ជាដើម​។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និយាយ​ថា​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​ការវិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ដែល​ទាមទារ​ឲ្យ​គ្រប់​ការសាងសង់​ទាំងអស់​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​លក្ខណៈ​ជា​សំណង់​បែប Smart City​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការ​ចាំបាច់​ដែល​គ្រប់ការ​សាងសង់​ត្រូវ​គិត​ទៅ​លើ Smart City​។ ព្រឹត្តិការណ៍​នេះ​នឹង​ចែករំលែក​ចំណេះដឹង និង​ជំនាញ​ស្តីពី​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​សាងសង់​បែប Smart City»​។

នាយក​ក្រុមហ៊ុន AMB Tarsus Events Group លោក Andrew Siow និយាយ​ថា​នេះ​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប ពិសេស​អ្នក​មាន​ការងារ ឬ​កំពុង​សិក្សា​ទាក់ទង​វិស័យ​សាងសង់ ព្រោះ​នឹង​មាន​ការដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ​បច្ចេកវិទ្យា​ទំនើបៗ​។

លោក​ថ្លែង​ថា​៖ «​សុវត្ថិភាព និង​ផាសុកភាព​ក្នុង​វិស័យ​សំណង់​គឺ​ពិតជា​មាន​ភាព​ចាំបាច់​ណាស់ ដូច្នេះ​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ចូលរួម​»​។

នេះ​ជា​លើក​ទី​ ៨ ហើយ​ដែល AMB Tarsus Events Group រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​៕LA