ភ្នំពេញៈ​ CamGO​ ជា​ក្រុម​ហ៊ុន​តាក់ស៊ី​ហៅ​ជិះ​ក្នុង​ស្រុក​ កាល​ពីម្សិល​មិញ ​បាន​ប្រកាស​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃ​គូ​ ជា​​មួយ ​TVS ​Motor ជា​ក្រុម​ហ៊ុន​ផលិត​រ៉ឺម៉ក​កង់៣​របស់​ឥណ្ឌា​ ដើម្បី​ផ្ដល់​សេវា​កម្មវិធី​ហៅ​ជិះ ​នៅ​កម្ពុជា​ ដោយ​ប្រើ​ប្រាស់​រ៉ឺម៉ក​ TVS King​។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ​ក្រុម​ហ៊ុន​ TVS​ នឹង​ផ្គត់​ផ្គង់​រ៉ឺម៉​កកង់៣ ​TVS King ​ដល់​ក្រុម​ហ៊ុន​ CamGO ​នៅ​ពេល​មាន​ការ​បញ្ជា​ទិញ​ តាម​រយៈ​ក្រុម​ហ៊ុន​ក្នុង​ស្រុក ​Three ​Wheel ​Motor ​Service ​Provider ​ ដែល​ជា​ភាគី​ផ្សេង​ទៀត​ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​នេះ​។

លោក ​អ៊ុក ​ជៀប​សួន ​អគ្គ​នាយក​ក្រុម​ហ៊ុន ​Camgo ​បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​ព័ត៌​មាន​កាល​ពី​ម្សិល​មិញថា ក្រុម​​ហ៊ុន​របស់​លោក​​បាន​ផ្ដល់​សេវា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ សេវា​ហៅ​តាក់​ស៊ីជិះ​ពីក្រុម​ហ៊ុន ​CamGo ​ត្រូវ​បាន​ទាញ​យក​ដោយ​អ្នក​ប្រើ​ប្រាស់​នៅ​ទី​ក្រុង​ភ្នំពេញ​ ៥០០០ ​ដង​។ ​ខណៈ​មាន​សេវា​ហៅ​តាក់​ស៊ីជិះ​កំពុង​ប្រតិ​បត្តិ​ការ​នៅ​រ៉ឺម៉ក​កង់៣ ​ TVS​ King​ ចំនួន ​៤៣​ គ្រឿង​ នៅ​ទី​ក្រុង​ភ្នំពេញ​ នៅ​ពេល​បច្ចុប្បន្ន​ លោក ​អ៊ុក ​ជៀប​សួន ​​ថ្លែង​ថា ​រ៉ឺម៉ក​កង់​ ៣៤២ ​គ្រឿង​ផ្សេង​ទៀត​ នឹង​មក​ដល់​នៅ​ដើម​ខែ​ក្រោយ​ ដែល​នឹង​ធ្វើ​ឲ្យ​ចំនួន​កើន​ដល់​៨៤​គ្រឿង​នៅ​ខែ​ក្រោយ។

លោក​ថ្លែង​ថា​៖ «​ដោយ​មាន​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​នេះ ​[ម្សិល​មិញ] ​យើង​រំពឹង​ថា ​នឹង​មាន​រ៉ឺម៉ក​កង់​៣​ពី​ក្រុម​ហ៊ុន TVS ​សរុប​ចំនួន​ ៣០០ ​គ្រឿង​​សម្រាប់​ប្រតិ​បត្តិ​ការ​មុន​ចុង​ខែ​ឆ្នាំនេះ​»​។ លោក​បន្ថែម​ថា​ សេវា​នេះ​នឹង​ពង្រីក​ហួស​ពី​ទី​ក្រុង​ភ្នំពេញ ​ទៅ​ទិស​ដៅ​ទេសចរណ៍​ផ្សេង​ទៀត​ ដូចជា​សៀមរាប​ កំពត​ ព្រះសីហនុ​។

ក្រុម​ហ៊ុន ​CamGo ​គ្រប់​គ្រង​រ៉ឺម៉ក​កង់​៣​ទាំងអស់​របស់​ខ្លួន ​និង​ផ្ដល់​ដល់​អ្នក​បើក​បរ​របស់​ខ្លួន​នូវ​ជម្រើស​ទាំង​ការ​ងារ​ដើម្បី​ប្រាក់​ខែ ​ឬ​ជួល​រ៉ឺម៉ក​ក្នុង​តម្លៃ​ ៤,៥​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

ក្រុម​ហ៊ុន​ផ្តល់​សេវា​ហៅ​តាក់​ស៊ីជិះ ​ចាប់​ផ្ដើម​កើន​ឡើង​យ៉ាង​រហ័ស​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​ក្រុម​ហ៊ុន ​Grab​ បាន​ចូល​មក​ទី​ផ្សារ​កម្ពុជា ​ហើយ​ក្រោយ​មក​បាន​ទិញ​ភាគ​ហ៊ុន​​ក្រុមហ៊ុន Uber ​របស់​​អាមេរិក​។ ​ក្រៅ​ពី​នេះ​​ មាន​ក្រុម​ហ៊ុន​គ្រប់​គ្រង​ និង​ប្រតិបត្តិ​ការ​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា PassApp ​ជា​ដើម​។

លោក​ វ៉ា​ ចាន់​ដូរ៉េ ​នាយក​ក្រុម​ហ៊ុន​ Three ​Wheel ​Motor ​Service ​Provider ​ជា​ក្រុម​ហ៊ុន​ដែល​ជួយ​សម្រួល​​ក្នុង​ការ​នាំ​យក​រ៉ឺម៉ក​កង់៣​របស់​ក្រុម​ហ៊ុន​ TVS King ​ពីរោង​ចក្រ​មក​ឲ្យ​ក្រុម​ហ៊ុន ​CamGo បាន​ថ្លែង​កាល​​ពី​ម្សិល​មិញ​ថា ​តម្រូវ​ការ​សេវា​ហៅ​​តាក់​ស៊ី​ជិះ ​កំពុង​កើន​ឡើង​យ៉ាង​រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ដូច្នេះ​វា​ត្រូវ​ការ​ការ​ផ្គត់​ផ្គង់​រ៉ឺម៉​កកង់៣​​ ហើយ​កិច្ច​ព្រម​ព្រៀង​នឹង​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាច​រណ៍​ និង​ផ្ដល់​ការ​ងារ​ដល់​ប្រជា​ជន​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រតិ​បត្តិ​ការ​របស់​យើង ​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​ចរាចរណ៍​ និង​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជា​ជន​កម្ពុជា​ដោយ​ធ្វើ​ជា​អ្នក​បើក​បរ​»៕​ LA