ភ្នំពេញៈ ធនាគារកម្ពុជាសាធារណៈ (Campu Bank) ដែលគ្រប់គ្រងដោយប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាផ្លូវការពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃពុធ ដើម្បីដើរតួជាទីភ្នាក់ងារទូទាត់សាច់ប្រាក់ (CSA) ដើម្បីឆ្លើយតបនឹងការកើនឡើងការជួញដូររបស់ទីផ្សារមូលធន។
លោក Phan Ying Tong ប្រធានប្រចាំតំបន់ទទួលបន្ទុកប្រតិបត្តិការឥណ្ឌូចិននៃធនាគារ Campu Bank បានឲ្យដឹងថា ការទទួលស្គាល់ និងអនុញ្ញាតឲ្យចូលរួមនេះមិនគ្រាន់តែឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ប៉ុណ្ណោះទេ ប៉ុន្តែការទទួលស្គាល់ដោយ SECC និង CSX នេះជាការរួមចំណែកដល់ការរីកចម្រើនរបស់ទីផ្សារមូលបត្រមួយនេះផងដែរ។
លោកថ្លែងថា៖ «ការទទួលស្គាល់ធនាគារនេះជាទីភ្នាក់ងារទូទាត់សាច់ប្រាក់ មិនគ្រាន់តែត្រួសត្រាយផ្លូវសម្រាប់ការសហការអាជីវកម្មកាន់តែច្រើនជាមួយ SECC និង CSX ប៉ុណ្ណោះទេ ប៉ុន្តែថែមនាំយកភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង ដើម្បីអនុវត្តការជួញដូរមូលបត្រតាមរយៈ Campu Securities ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការទូទាត់តាមរយៈធនាគារ Campu Bank ជាសេវាច្រកចេញចូលតែមួយ»។
លោក ស៊ូ សុជាតិ អគ្គនាយក SECC បានឲ្យដឹងថានៅក្នុងការប្រគល់អាជ្ញាប័ណ្ណថាកាលពីឆ្នាំ ២០១៩ ទីផ្សារមូលបត្រនៅកម្ពុជារីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងនិន្នាការវិជ្ជមានបំផុតទាក់ទងនឹងការកើនឡើងចំនួនក្រុមវិនិយោគិន កំណើនសកម្មភាពជួញដូរ ភាពយល់ដឹងរបស់សាធារណជននៃវិស័យមូលបត្រ និងអ្នកចូលរួមទីផ្សារមូលបត្រ។ល។ ដែលបង្ហាញឱកាសមួយសម្រាប់អាជីវកម្មមូលបត្រ។
លោកលើកឡើងថា៖ «ជាមួយនឹងកំណើនវិស័យមូលបត្រ និងការកើនឡើងសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស កម្ពុជា ខ្ញុំជឿជាក់ថាទីភ្នាក់ងារទូទាត់សាច់ប្រាក់របស់ធនាគារ Campu Bank នឹងទទួលបានអត្ថប្រយោជន៍ពីនិន្នាការទីផ្សារមូលបត្រវិជ្ជមាននេះ»។
លោកបន្តថា៖ «ខ្ញុំផ្ទាល់ និងក្រុមរបស់ខ្ញុំស្វាគមន៍ដោយកក់ក្ដៅដល់ធនាគារ Campu Bank ជា CSA នៅពេលក្រោយ។ ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាចំណុចចាប់ផ្ដើមនៃប្រតិបត្តិការរួមរបស់យើងសម្រាប់ពេលអនាគតនៃទីផ្សារមូលបត្រកម្ពុជា»។
លោក ហុង សុខហួរ អគ្គនាយក CSX ក៏ស្វាគមន៍ដល់វត្តមានរបស់ធនាគារ Campu Bank ក្នុងការរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធនដែលបានប្រតិបត្តិការល្អប្រសើរកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ធនាគារ Campu Bank ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមធនាគារក្នុងតំបន់ឈានមុខគេជាច្រើននឹងបន្តផ្ដល់សេវាកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រកាន់តែទូលំទូលាយ»។
លោក ស៊ូ សុជាតិ បានឲ្យដឹងថាកាលពីចុងឆ្នាំ ២០១៩ មានក្រុមវិនិយោគិន ២២ ០០០ នាក់ដែលបានទទួលអត្តសញ្ញាណជាវិនិយោគិនពី SECC។
សន្ទស្សន៍ទីផ្សារនេះកើនឡើងដល់ ៨៧០,៦៥ ពិន្ទុ ខណៈមូលធននីយកម្មទីផ្សារបានកើនឡើងដល់ប្រហែល ៨០២ លានដុល្លារ និងទំហំជួញដូរបានកើនឡើងដល់ចំណុចខ្ពស់បំផុតប្រហែល ៣៧ លានដុល្លារ ជាមួយនឹងភាគហ៊ុនដែលបានជួញដូរជាង ១៥ លាន។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា៖ «នៅឆ្នាំ ២០២០ យើងរំពឹងថានឹងមានក្រុមហ៊ុន ៧ បោះផ្សាយលក់មូលបត្រដែលក្នុងចំណោមក្រុមហ៊ុនទាំងនោះក្រុមហ៊ុន ៣ និងប្រមូលមូលនិធិតាមរយៈបោះបណ្ណបំណុលសាជីវកម្ម»៕LA