ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ចកម្ពុជា​ (CBC) ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​ បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា (TCBC) របស់​ប្រទេស​ថៃ​ដើម្បី​ជួយ​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ក្នុងអំឡុងពេល​ដ៏ពិបាក​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ១ ខែមីនា បាន​ជួប​ជាមួយ​ក្រុម​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា (TCBC) ដែល​ដឹកនាំ​ដោយ​លោក Chanitr Charn-chainarong ប្រធាន​ក្រុម​ប្រឹក្សា​នេះ​ដើម្បី​ពិភាក្សា​ពី​ការរីកចម្រើន​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

លោក សោភ័ណ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែលមាន​ដូចជា សកម្មភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម ការវិនិយោគ​ទ្វេភាគី ការប្រើប្រាស់​លិខិត​ឆ្លងដែន​វ៉ាក់សាំង ព្រមទាំង​លទ្ធភាព​នៃ​ការបើក​ដំណើរការ​ច្រកព្រំដែន ជប់​គគីរ (​ខេត្ត​ឧត្តរមានជ័យ​) និង​សៃតាគូ​ (​ក្នុង​ខេត្ត​ប៊ុរីរ៉ាំ​) ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​របស់​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​ពិត​ហើយ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​ពិតជា​រង​ផលប៉ះពាល់​នា​អំឡុងពេល​ដ៏ពិបាក​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ទោះបី​ជា​មាន​ការរឹតបន្តឹង​នៅតាម​ព្រំដែន ក៏​យើង​មិន​ហាមឃាត់​ការនាំចូល ឬ​ការនាំចេញ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​នោះទេ​។ យើង​រឹតបន្តឹង​តែ​លើ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាជន​ប៉ុណ្ណោះ​។ ដូច្នេះ ការផ្លាស់ប្តូរ​ទំនិញ​របស់​យើង នៅតែ​មាន​គ្រាន់តែ​វា​ធ្លាក់ចុះ​បរិមាណ​តិចតួច​ប៉ុណ្ណោះ​»​។

លោក​លើកឡើង​ថា​៖ «​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា​បាន​ពិភាក្សា​គ្នា​ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​ព្រំដែន​។ យើង​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ ២ ​របស់​យើង​ផងដែរ ហើយ​យើង​ក៏បាន​ពិភាក្សា​អំពី​ការចរាចរ​ទំនិញ ដើម្បី​ឱ្យមាន​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ចូលទៅ​ប្រទេស​ថៃ ពិសេស​ក្នុង​ផ្សារទំនើប Big C Super Markets និង​ផ្សារ​ 7 Eleven»​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ថៃ​ និង​កម្ពុជា​មាន ៧ ២៣៦ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ ​ធ្លាក់ ២៣,១៧ ​ភាគរយ​ ធៀប​ឆ្នាំ​ ២០១៩ ដែល​ភាគច្រើន​មកពី​ការរំខាន​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩​។

ស្ថិតិ​បង្ហាញថា ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​តម្លៃ​ ១ ១៤៨ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ ៤៩,៤៩ ​ភាគរយ ​ធៀប​ឆ្នាំ​ ២០១៩ និង​បាន​នាំចូល​តម្លៃ​ ៦ ០៨៩ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ ១៤,៨០ ​ភាគរយ​។

យោងតាម​លោក សោភ័ណ CBC គ្រោង​នឹង​រៀបចំ​សន្និសីទ​ពាណិជ្ជកម្ម និង​ការវិនិយោគ​អនឡាញ​សំដៅ​ទាក់ទាញ​ក្រុម​វិនិយោគិន និង​ពាណិជ្ជករ​ថៃ បន្ថែមទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​យើង​រៀបចំ​ផែនការ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ហើយ​ស្ថានទូត​រៀបចំ​ផែនការ​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម និង​ធ្វើ​បច្ចុប្បន្នភាព​ថ្មីៗ​បំផុត​ស្ដីពី​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​ទាក់ទាញ​ពាណិជ្ជករ និង​ក្រុម​វិនិយោគិន​ថៃ​កាន់តែច្រើន​មក​កម្ពុជា​»​។

លោក​លើកឡើង​ថា​៖ «​យើង​បាន​ព្រាង​ផែនការ​សកម្មភាព​រួច​ហើយ ប្រសិន​បើ​យើង​មិន​អាចធ្វើ​ដោយផ្ទាល់ ក៏​យើង​អាចធ្វើ​តាម​អនឡាញ​បានដែរ​។ ដូច​កាលពី​ឆ្នាំមុន​អ៊ីចឹង យើង​បាន​ធ្វើ​ព្រឹត្តិការណ៍​តាម​អនឡាញ​ដែល​បាន​ការចូលរួម​ប្រហែល​ ៥០០ ​ក្រុមហ៊ុន​»​។

យោងតាម​លោក សោភ័ណ ថៃ ស្ថិត​ក្នុងចំណោម​វិនិយោគិន​ច្រើនជាងគេ​ទី​៩ នៅ​កម្ពុជា​ដោយ​ចាក់​បញ្ចូល ៩៦៧,៨៩ ​លាន​ដុល្លារ​​ ក្នុងការ​វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៤ ដល់​ចុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០១៧៕LA