ភ្នំពេញៈ Aeon Mall ជាក្រុមហ៊ុនពហុផលិតផលជប៉ុននឹងវិនិយោគទឹកប្រាក់ជាង ២០០ លានដុល្លារផ្សេងទៀតដើម្បីសាងសង់ផ្សារទំនើបអ៊ីអន ៣ នៅខណ្ឌមានជ័យ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ ខែធ្នូបានអនុម័តឲ្យក្រុមហ៊ុន Aeon Mall (Cambodia) វិនិយោគទឹកប្រាក់ ២៨៩,៦ លានដុល្លារផ្សេងទៀតដើម្បីសាងសង់ផ្សារទំនើប អ៊ីអន ៣ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទីក្រុងភ្នំពេញ។
របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឆ្នាំ ២០១៩ បានឲ្យដឹងថា ផ្សារទំនើបអ៊ីអន ៣ នេះនឹងត្រូវសាងសង់នៅក្នុងគម្រោងទីក្រុងរណប ING City នៅលើផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៣។
របាយការណ៍ដំបូងរយៈពេលមធ្យម និងរយៈពេលវែងរបស់ក្រុមហ៊ុន Aeon Mall ដែលបានចេញផ្សាយកាលពីដើមខែតុលាឆ្នាំ ២០១៩ ឲ្យដឹងថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន Aeon Mall ជាពិសេសនៅអាស៊ានបានបង្ហាញកំណើនដ៏រឹងមាំ ខណៈផ្សារទំនើបនេះបន្តផ្ដល់អ្វីៗកាន់តែប្រសើរ និងទំនើបដល់អារ្យធម៌របស់តំបន់នេះ។
ក្រុមហ៊ុននេះបន្តថា៖ «ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ក្រៅប្រទេសមាននិន្នាការដើម្បីបញ្ជាក់ពីប្រសិទ្ធភាព ផ្សារទំនើបរបស់យើងនៅក្នុងប្រទេសចិន និងអាស៊ានបង្ហាញលក្ខណពិសេសកន្លែងចតរថយន្តទ្រង់ទ្រាយធំ ដែលឆ្លុះបញ្ចាំងពីការយល់ដឹងរបស់យើងពីការធ្វើយន្តកម្មនៅពេលអនាគតនៅក្នុងតំបន់ទាំងនេះ។ ចំណតរថយន្តទាំងនេះក៏បម្រើជាអត្ថប្រយោជន៍ប្រកួតប្រជែងមួយសម្រាប់ការប្រើប្រាស់នៅក្នុងការពង្រីកនៅពេលអនាគតផងដែរ»។
ក្រុមហ៊ុនបន្ថែមថា៖ «យើងដឹកនាំការគ្រប់គ្រងផ្សារទំនើប និងប្រតិបត្តិការដែលប្រៀបធៀបនឹងផ្សារទំនើបជប៉ុនដែលផ្ដល់ទីតាំងផ្ដល់សុវត្ថិភាព សន្ដិសុខ និងផាសុកភាពស្មើនឹងប្រទេសជប៉ុន»។
លោកស្រី អាន ធីតា នាយកក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា វត្តមានផ្សារទំនើបអ៊ីអន ៣ នៅតំបន់នេះគឺជាការបំពេញបន្ថែមនឹងការអភិវឌ្ឍយ៉ាងរហ័សនៃវិស័យសំណង់ និងអចលនទ្រព្យនៅទីនោះ ខណៈក្រុងរណប ING City ក៏កំពុងត្រូវបានអភិវឌ្ឍផងដែរ។ ជាមួយគ្នានេះដែរលោកស្រីបានឲ្យដឹងថា ផ្សារទំនើបនេះនឹងកំណត់ទិសដៅគ្រួសារមានប្រាក់ចំណូលមធ្យមរបស់តំបន់នេះ។
លោកស្រីថ្លែងថា៖ «ទីតាំងរបស់ផ្សារទំនើបអ៊ីអន ៣ នេះស្ថិតនៅភាគខាងត្បូងទីក្រុងភ្នំពេញដែលវិស័យសំណង់កំពុងត្រូវបានអភិវឌ្ឍ និងជាការកើនឡើងដ៏ធំនៃប្រជាជនមានប្រាក់ចំណូលមធ្យម។ ដូច្នេះផ្សារទំនើបនេះបានដំណើរការ និងបានសិក្សារួចហើយអំពីតម្រូវការនៅទីនោះជាមូលហេតុដែលពួកគេបានសម្រេចចិត្តដាក់ការវិនិយោគដ៏ធំនៅទីនោះនឹងមានជោគជ័យផ្សេងទៀតសម្រាប់ពួកគេ»។
ប៉ុន្តែលោកស្រីបញ្ជាក់ថា អំណាចការទិញរបស់ប្រទេសនេះគឺនៅតែទាប ដោយសារពួកគេភាគច្រើនចំណាយលើអាហារ និងការកម្សាន្ត។
ផ្សារទំនើបអ៊ីអនទី ១ មានទីតាំងនៅខណ្ឌចំការមន វិនិយោគប្រហែល ២០៥ លានដុល្លារ ហើយអ៊ីអន ២ មានទុនវិនិយោគ ១២០ លានដុល្លារដែលបានបើកដំណើរការកាលពីខែមិថុនាឆ្នាំ ២០១៨ ដោយមានផ្ទៃដីសរុបប្រហែល ៦៨ ០០០ ម៉ែត្រការ៉េនៅខណ្ឌសែនសុខ។
ត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានផ្សារទំនើបសរុបចំនួន ២១ នៅទីក្រុងភ្នំពេញ។ នេះបើតាមរបាយការណ៍របស់ CBRE ៕LA