ភ្នំពេញៈ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ នៅ​ថ្ងៃ​ទី​ ១៩​ កុម្ភៈ ​បាន​រៀប​ចំ​សិក្ខាសា​លា​មួយ​នៅ​ទី​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​​ ដើម្បី​ទាក់​ទាញ​​វិនិ​យោ​គិន​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត​។

សិក្ខា​សាលា​ស្តីពី​ការ​វិនិ​យោគ​នៅ​កម្ពុជា ​ដែល​​សហការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ អាស៊ាន-​ជប៉ុន ​និង​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ទី​ក្រុង ​តូក្យូ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទាក់​ទាញ​ការ​វិនិ​យោគ ​ពី​សំណាក់​វិនិយោ​គិន​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​វិនិយោ​គិន​ជប៉ុន ​ចំនួន​ប្រមាណ ​២៨០ ​នាក់​។

យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​ CDC​ តែង​តែ រៀប​ចំសិក្ខា​សាលា​ស្តី​ពី​ការ​វិនិ​យោគ​នៅ​ទីក្រុង​នានា​នៃ​ប្រទេស​ជប៉ុន​ ដោយ​ឆ្នាំ​នេះ​មាន​ការ​រៀប​ចំសិក្ខា​សាលា​បែបនេះ​នៅ​ទី​ក្រុង​តូក្យូ ​និង​ទី​ក្រុង​សេន​ដាយ​។

គិត​មក​ត្រឹម​ឆ្នាំ ​២០១៧ ​តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​កម្ពុជា​បាន​ទទួល​ស្វាគមន៍ ​និង​ចុះ​បញ្ជី​គម្រោង​វិនិ​យោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​របស់​ជប៉ុន​ ចំនួន​ ១៣០ ​គម្រោង​ ក្នុង​ទុន​វិនិ​យោគ​សរុប​ប្រមាណ ​១,៦​ពាន់​លាន​​​ដុល្លារ​អាមេរិក​ ក្នុង​វិស័យ​មួយ​ចំនួន​ រួម​មាន​ ធនាគារ ​ឧស្សា​ហកម្ម ​កសិ-​ឧស្សា​ហកម្ម ​សេវា​កម្ម ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

ក្នុង​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​នេះ ​មាន​គម្រោង​វិនិ​យោគ​ជប៉ុន​ចំនួ​ន ៩​ ក្នុង​ទុន​វិនិ​យោគស​រុបប្រមាណ ​៦៣ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ ​មាន​គម្រោង​វិនិ​យោគ​ចំនួន​ ៨ ​បាន​បោះ​ទី​តាំង​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​ដែល​មាន​ទុន​វិនិ​យោគ​ប្រមាណ ​៥៩​​ លាន​ដុល្លារ​អាមេរិក​៕