ភ្នំពេញៈ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ៤ ដែល​មាន​ទឹកប្រាក់​សរុប​ជិត ២ ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​រួមមាន​ទាំង​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដែល​ចំណាយ​ប្រាក់​ច្រើន​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ CDC កាលពី​ម្សិលមិញ​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ក្រុមប្រឹក្សា CDC បាន​ឲ្យ​ដឹង​ថា គម្រោង​ទាំង ៤ នេះ​នឹង​មាន​ទឹកប្រាក់​វិនិយោគ​ចំនួន ១,៩០៣ ពាន់​លាន​ដុល្លារ​ដែល​អាច​បង្កើត​ការងារ​បាន​ជាង ១១១៩៣ កន្លែង​។

ក្នុង​ចំណោម​គម្រោង​ទាំង ៤ នេះ គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដែល​នឹង​ត្រូវ​អភិវឌ្ឍ និង​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway ក្នុង​រូបភាព សាងសង់​អាជីវកម្ម​ផ្ទេរ (BOT) នឹង​មាន​ទុន​វិនិយោគ​ប្រមាណ ១,៨៧ ពាន់​លាន​ដុល្លារ​ដែល​អាច​បង្កើត​ការងារ​បាន ៩៥១៥ ​កន្លែង​។

គម្រោង​ផ្សេង​ទៀត​រួមមាន​គម្រោង​បង្កើត​រោងចក្រ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Capital Mineral Resource Investment ដែល​មាន​ទីតាំង​វិនិយោគ​ស្រុក ថា​ឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​។ គម្រោង​នេះ​មាន​ទុនវិនិយោគ​ប្រមាណ ១១,៩៣ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៧៣ ​កន្លែង​។

ក្រុមហ៊ុន Royal Cera នឹង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​ក្បឿង ចាន​បង្គន់​អនាម័យ និង​ការ៉ូ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​មាន​ទុនវិនិយោគ​ប្រមាណ ១៥,៣៦ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ១ ២២៤ ​កន្លែង​។

ក្រុមប្រឹក្សា CDC បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រុមហ៊ុន Tropical Fruit Asia (Cambodia) នឹង​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែឈើ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ៤ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ដែល​មាន​ទុនវិនិយោគ​ប្រមាណ ៦,៤៧ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៣៨០ កន្លែង​៕