ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​ការចុះបញ្ជី​ជា​ផ្លូវការ​នូវ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​ ៥ ដែលមាន​ទុនវិនិយោគ ២៧,១ ​លាន​ដុល្លារ​ចាប់ពី​ដើមឆ្នាំ​ ២០២០ គិត​ត្រឹម​ជិត​ពាក់កណ្តាល​ខែ​កុម្ភៈ​នេះ​។ នេះ​បើ​យោងតាម CDC​។

CDC បាន​ឲ្យ​ដឹងថា គម្រោង​រោងចក្រ​ទាំងនេះ​នឹង​បង្កើត​ការងារ​ចំនួន ៦ ០៧៩ ​នាក់​។

យោងតាម CDC គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ទាំង​ ៥ រួមមាន ក្រុមហ៊ុន Peng Tai (Cambodia) Co., Ltd. មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​ ៥ ក្នុងស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង​មាន​ទុនវិនិយោគ ៤ ​លាន​ដុល្លារ​ដោយ​អាចបង្កើត​ការងារ​បាន ១ ៤២១ កន្លែង ក្រុមហ៊ុន Kniteracy Asia Company Limited ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ២,៤ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ០២៦ ​កន្លែង​។ ចំណែក​ក្រុមហ៊ុន K.Y Odyssey Garment Co.,Ltd. ស្ថិតនៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​មាន​ទុនវិនិយោគ​ប្រមាណ ១០,៧ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៧៩៧ ​កន្លែង​។

បន្ថែម​ពីលើ​នេះ CDC ក៏បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន King Lian (Cambodia) Garment Factory Co.,Ltd ស្ថិតនៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ទុន​វិនិយោគ ៣,១ ​លាន​ដុល្លារ​អាច​បង្កើត​ការងារ​បាន​ចំនួន ១ ២២៥ ​កន្លែង និង​ក្រុមហ៊ុន Sun Awesome Garment Co., Ltd នូវ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម មាន​ទុនវិនិយោគ ៦,៩ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៦១០ ​នាក់​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង មិន​ទទួល​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​កាលពី​ពេល​ថ្មី​នេះ​លោក​បាន​និយាយថា បើ​ទោះបី​ជា​កម្ពុជា​អាច​មាន​ការបាត់បង់​អត្ថប្រយោជន៍​ខ្លះ​ពី EBA ប៉ុន្តែ​ជាទូទៅ​កម្ពុជា​នៅតែ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កាត់ដេរ​។ លោក​បន្តថា​ក្រៅពី​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល សម្បូរ​កម្លាំង​ពលកម្ម​វ័យក្មេង​កម្ពុជា​ក៏មាន​គោលនយោបាយ​លើក​ទឹកចិត្ត​ច្រើន​ផងដែរ​សម្រាប់​វិនិយោគិន​។

លោក​បន្តថា លើសពី​នេះ​ទៀត​វិស័យ​ឯកជន​ក៏មាន​ឱកាស​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លើក​យក​បញ្ហា​ប្រឈម​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជា​រៀងរាល់​ឆ្នាំ​ផងដែរ​។ លោក​ថ្លែងថា​៖ «​ក្រុម​វិនិយោគ​នៅ​កម្ពុជា​តែងតែ​ត្រូវ​បាន​សម្តេច​នាយករដ្ឋមន្ត្រី​តាមរយៈ​វេទិកា វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​»​។

ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​របស់​កម្ពុជា​ក្នុងការ​នាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ១០ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ទំនិញ​មាន​តម្លៃ​សរុប ១០ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​សម្លៀកបំពាក់​មាន​តម្លៃ ៦,៤ ពាន់​លាន​ដុល្លារ​៕LA