ភ្នំពេញៈ គម្រោង​ចំនួន​ ៦ ដែលមាន​ទឹកប្រាក់ ៦៧៧,៩ ​លាន​ដុល្លារ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​នៅក្នុង​ថ្ងៃទី​ ២៤ ខែកុម្ភៈ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ ៦ រួមមាន ក្រុមហ៊ុន Royal Cambodian Hospital Co., Ltd លើ​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ ដែល​មាន​ចំនួន​ ១​ ៥០០ ​គ្រែ​ ស្ថិត​នៅ​មហាវិថី​សម្តេច​ ហ៊ុន សែន ​(​ផ្លូវ ៦០ ​ម៉ែត្រ​) ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ ៤៧៨ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៥០០ ​កន្លែង គម្រោង​សាងសង់​ផ្សារទំនើប Chip Mong Retail Co., Ltd ស្ថិតនៅ​ផ្លូវ​ ២៧១ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ទុនវិនិយោគ ១១៣,៩ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៨២៩ ​កន្លែង​។

ក្រៅពី​គម្រោង​ខាងលើ​មាន​គម្រោង​បង្កើត​រមណីយដ្ឋាន​សេវាកម្ម​ចម្រុះ​របស់​ក្រុមហ៊ុន Angkor Wildlife & Aquarium Co., Ltd ស្ថិតនៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​មាន​ទុន​វិនិយោគ ៧១,៧ ​លាន​ដុល្លារ​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​ឧបករណ៍​ជាង​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Camina Industrial Technology Co., Ltd នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​មាន​ទុនវិនិយោគ ២,៨ ​លាន​ដុល្លារ​។ គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​របស់​ក្រុមហ៊ុន V & J K Development Co., Ltd ស្ថិតនៅ​ផ្លូវជាតិ​លេខ​ ២ សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ ៨,៨ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង​របស់​ក្រុមហ៊ុន HAN WEI (Cambodia) Co., Ltd នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ២,៧ ​លាន​ដុល្លារ​។

គិត​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូត​មក​ដល់​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ CDC បានអនុម័ត​លើ​គម្រោង​សរុប​ចំនួន ២២ ដែល​មាន​តម្លៃ​វិនិយោគ​សរុប​ ៧៥៩,៧ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៦ ៦៦០ ​កន្លែង​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា បើទោះបី​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ដកយក​ភាពអនុគ្រោះ​ពន្ធ ២០ ​ភាគរយ​ពី​កម្ពុជា​ចាប់ពី​ខែ​សីហា​ខាងមុខ​ក៏ដោយ ក៏​នៅតែ​មាន​អ្នកវិនិយោគ​ជាច្រើន​បាន​បន្ត​ចូលមក​បណ្តាក់ទុន និង​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ដដែល​។

លោក​បន្តថា កម្ពុជា​ប្រទេស​ដែល​មាន​ច្បាប់​វិនិយោគ​ទាក់ទាញ និង​អនុគ្រោះ​ច្រើន​ប៉ុណ្ណោះ​ទេ​។ លោក​ថ្លែងថា​៖ «​ទោះជា​កម្ពុជា​មាន​ការបាត់បង់ EBA និង​ពិភពលោក​កំពុង​ទទួលរង​នូវ​ផលអវិជ្ជមាន​ពី​ការផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ក៏ដោយ ក៏​ខ្ញុំ​គិត​ថា​ចំនួន​នៃ​ការចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​បន្ថែមទៀត​»​។ លោក​បន្តថា​៖ «​ការវិនិយោគ​លើ​គ្រប់​វិស័យ​នឹង​មិន​មាន​ការធាក់​ថយក្រោយ​ឡើយ​»​។

លោក​ពន្យល់ថា ការបាត់បង់ EBA នឹងត្រូវ​បាន​ជំនួស​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ចិន​ដែល​រំពឹងថា នឹង​លេច​រូបរាង​នៅ​ចុងឆ្នាំ​ ២០២០ នេះ​។ លោក​បន្តថា ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​នាពេល​នេះ​ក៏​កាន់​តែ​មាន​ភាព​ល្អប្រសើរ​ផងដែរ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹងថា ការធ្វើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​បាន​ធ្វើឲ្យ​កម្ពុជា​មាន​ភាពទាក់ទាញ​ខ្លាំង​ដល់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស​។ លោក​ថ្លែងថា៖ «​ចំនួន​គម្រោង​ដែល CDC អនុម័ត​នឹងមិន​ធ្លាក់ចុះ​ទេ​នៅពេល​ខាងមុខ​»​។

ទោះបី​យ៉ាងណា​លោក​ប្រាប់ថា កម្ពុជា​ក៏​គួរតែ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​វិនិយោគ​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែមទៀត​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែងថា FTA ​រវាង​កម្ពុជា និង​ចិន​រំពឹង​ថា​នឹង​សម្រេច​បាន​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ​៕LA