ភ្នំពេញៈ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ៥ ដែល​មាន​ទឹក​ប្រាក់​សរុបជាង ៣០០ លាន​ដុល្លារ ដែល​​​​ផ្តោត​លើ​វិស័យ​​កសិឧស្សហកម្ម បណ្តាញ​​​បញ្ជូន​អគ្គិសនី បដិសណ្ឋាកិច្ច និង​អាហារ ដែល​អាច​បង្កើត​ការងារ​បាន ៤ ៩៤៥ កន្លែង។

​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ CDC ដែល​បាន​ចេញ​ផ្សយ​កាល​ពី​ចុង​សប្តាហ៍​មុន ក្នុង​ចំណោម​គម្រោង​ទាំង ៥ ក្រុមហ៊ុន Kampong Speu Plantation នឹង​វិនិយោគ​ប្រមាណ ៨៥,៥៥ លាន​ដុល្លារ​លើ​ការ​​បង្កើតកសិដ្ឋានដាំដំណាំ​អំពៅ និង​សាង​សង់​រោងចក្រ​កែច្នៃ​នៅ​​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​​អាច​បង្កើត​ការងារ​បាន ២ ២៩០ កន្លែង។

ក្រុមហ៊ុន Schneitec Energy នឹង​ចំណាយ​ប្រាក់​ប្រមាណ ៨០,៦០ លាន​ដុល្លារ ដើម្បី​​វិនិយោគ​លើ​ការ​សាង​សង់​ខ្សែ​បណ្តាញ​បញ្ជូន ១១៥ គីឡូវ៉ុល​រវាង​ខេត្ត​​សៀមរាប-ឧត្តរមានជ័យ អនុស្ថានីយ​ឧត្តរមានជ័យ​នៅ​​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​អនុស្ថានីយ​បែក​ចាន​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​បង្កើត​ការងារ​បាន ៤១៣​ កន្លែង។

ក្រុមហ៊ុន Nan Hai Real Estate Development នឹង​​​សាងសង់ និង​ប្រតិបត្តិការ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ប្រាំ​ចំនួន ៥០០ បន្ទប់ និង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​​ជា​មួយ​​​ទុនវិនិយោគ​ប្រមាណ ៨៦,៥៦ លាន​ដុល្លារ ខណៈ​សណ្ឋាគារ​ផ្កាយ​បួន​មួយ​ទៀត​​ដែល​ចំនួន ១៤៩ បន្ទប់ និង​រីសត នឹង​ត្រូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន Hein Li Properties ​ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ ៣៩,៣៧ លាន​ដុល្លារ។

គម្រោង​​បដិសណ្ឋារកិច្ច​ទាំ​ងពីរ​នេះ​​ ស្ថិត​នៅ​ក្រុង​ព្រះ​សីហនុ​​​ដែល​​អាច​បង្កើត​ការងារ​បាន ២០៨៩ កន្លែង។

គម្រោង​ចុង​ក្រោយ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Lyly Kameda ដើម្បី​បង្កើត​រោងចក្រ​នំស្រួយ និង​អាហារ​សម្រន់​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ ៩,១២ លាន​​​​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១៥៣ កន្លែង៕