ភ្នំពេញៈ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​(CDC ) បាន​អនុម័ត​គម្រោង​វិនិ​យោគ​ដែល​មាន​តម្លៃ​ជាង​ ១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ៣ ខែ​ គិត​ត្រឹម​ខែ​វិច្ឆិកា​នេះ​។ ​នេះ​បើ​តាម​ទិន្ន​ន័យ​នៅ​លើ​ទំ​ព័រ​ហ្វេស​ប៊ុក​របស់​ CDC។

ទិន្ន​ន័យ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ​ហើយ​ត្រូវ​បាន​បូក​សរុប​​ដោយ​ភ្នំ​ពេញ​ ប៉ុស្តិ៍ ​បង្ហាញ​ថា ​គិត​ចាប់​​ពី​ដើម​ខែ​កញ្ញា ដល់​​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ CDC បាន​អនុ​ម័ត​គម្រោង​វិ​និ​យោគ​សរុប​ ​៤១ ​គម្រោង​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុ​ល្លារ​។

គម្រោង​​​ទាំង​នោះ​រួម​មាន​ ការ​វិនិ​យោគ​​លើ​សណ្ឋា​គារ រោង​ចក្រ​កាត់​ដេរ ​រោង​ចក្រ​ផលិត​គ្រឿង​​អគ្គិ​សនី ​គ្រឿង​សម្អាង​ គ្រឿង​សង្ហា​រិម​ ភេស​ជ្ជៈ ថ្នាំ​ពេទ្យ​ រោង​ចក្រ​ក្តារ​បន្ទះ ​រោងច​ក្រ​ផលិត​ថាម​ពល​អគ្គិ​សនី​ និង​​ដំ​ណាំ​កសិ​ឧស្សា​ហកម្ម​ជា​ដើម ​ដែល​​មាន​ទី​តាំង​ភាគ​ច្រើន​នៅ​ភ្នំ​ពេញ ​ខេត្ត​ព្រះ​សីហនុ ​កណ្តាល ​និង​កំ​ពង់​ស្ពឺ។​

លោក ​ង៉ែត ​ជូ ​ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន​ Emerging ​Markets ​Consulting ​(EMC) បាន​ស្វា​គមន៍​​ចំ​ពោះ​គម្រោង​វិ​និ​យោគ​ដែល​កម្ពុជា​ទទួល​បាន​។​ ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​លើក​​ឡើង​ថា ​រដ្ឋា​ភិ​បាល​​ក៏​ត្រូវ​​កំ​ណត់​ច្បាប់​​​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ធន​ធាន​​ក្នុង​ស្រុក​ផង​ដែរ​​។ ​

លោក​​ ជូ បាន​លើក​ជា​ឧទា​ហណ៍​​​ថា ជាក់​ស្តែង​គម្រោង​វិ​និ​យោគ​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​របស់​ជន​ជាតិ​ចិន​មួយ​ចំ​នួន​នៅ​កម្ពុជា​មិន​សូវ​បាន​ប្រើ​ប្រាស់​ធន​ធាន​ក្នុង​ស្រុក​ច្រើន​​ទេ ខណៈ​វត្ថុ​ធាតុ​​ដើម​ និង​អ្នក​​ជំ​នាញ​ជា​ជន​បរ​ទេស​។​

លោក​បន្ត​ថា៖​ «​​ការ​ប្រើ​ប្រាស់​ផលិត​​​ផល​ក្នុង​ស្រុក និង​ធន​ធាន​មនុស្ស​​ក្នុង​ស្រុក​ គឺ​ពិត​ជា​មាន​សារៈ​សំ​ខាន់​​ណាស់​ព្រោះ​វា​នឹង​ជួយ​បង្កើន​ចំ​ណូល និង​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​​ចំ​ណា​ក​ស្រុក​​ទៅ​ធ្វើ​ការ​នៅ​បរ​ទេ​ស​»​។​

យោង​តាម​ទិន្ន​ន័យ​របស់​ CDC ​​ក្នុង​គម្រោង​ទាំង​ ៤១ ​នេះ​​​អាច​បង្កើត​ការ​ងារ​សរុប​ ៣១,២៥៥​ កន្លែង។

ទោះ​បី​មិន​មាន​ទិន្ន​ន័យ​ប្រៀប​ធៀប​ ប៉ុន្តែ​ លោក ម៉ី ​កល្យាណ​ ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​​​យល់​ឃើញ​ថា ​ចំ​នួន​​នេះ​​​​ច្រើន​គួរ​សម​​។

លោក​បន្ត​ថា៖«​អ្វី​ដែល​គួរ​​យក​ចិត្ត​ទុក​ដាក់ គឺ​កា​រ​​​វិ​និ​យោគ​ទាំង​​នោះ​​នឹង​មាន​លក្ខ​ណៈ​បែប​ណា។ ការ​ធ្វើ​​​ពិពិ​ធ​កម្ម​ក្នុង​​ការ​វិ​និ​យោគ​​គឺ​ពិត​ជា​មាន​សារៈ​សំ​ខាន់​សម្រាប់​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច»​។

លោក ​ង៉ែត​ ជូ ​​​ឲ្យ​ដឹង​ថា ​រ​ដ្ឋា​ភិ​បាល​​​ក៏​​​ត្រូវ​​ត្រួត​ពិ​និត្យ​ពី​ដំ​ណើរ​ការ​​ក្រុម​​​ហ៊ុន​​ទាំង​អស់​នោះ​ផង​ដែរ​ ខណៈ​​កន្លង​មក​គម្រោង​ខ្លះ​​​មាន​​​តែ​ឈ្មោះ​៕LA