ភ្នំពេញ: ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ១០ ដែលមាន​ទុន​ស្នើ​សរុប ៣៤, ៥២ ​លាន​ដុល្លារ​ ក្នុង​ខែកញ្ញា ដែល​នឹង​មាន​លទ្ធភាព​បង្កើត​ការងារ​ជាង ៦ ០០០ កន្លែង​។ ​នេះ​បើតាម CDC​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CDC ឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ CDC ​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​វិនិយោគ​ភាគច្រើន​មកពី​ប្រទេស​ចិន​ដែល​នឹង​បង្កើត​រោងចក្រ​ផលិត​ក្នុង​វិស័យ​ផ្សេងៗ ដូចជា កាត់ដេរ​សម្លៀកបំពាក់ ម៉ាស់មុខ សម្លៀកបំពាក់​ពេទ្យ ផលិត​កាបូប តែមកង់ បោះពុម្ព​ក្រដាស សម្ភារ​វេចខ្ចប់ ប្លាស្ទិក គ្រាប់ជ័រ ស្បែក​សិប្បនិម្មិត និង គ្រឿងអគ្គិសនី​ជាដើម​។

លោក សូដេត លី ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​របាយការណ៍​បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​ថា ការវិនិយោគ​របស់​វិនិយោគិន​បរទេស​នៅ​ប្រទេស​កម្ពុជា​ហាក់​មាន​និន្នាការ​ងាក​ចេញ​ពី​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ដើម្បី​ចាប់យក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​ដែល​គេ​រំពឹង​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ ២០២១​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ វិនិយោគ​ផ្ទាល់​ពី​បរទេស​ហាក់​មិន​ផ្តោត​ខ្លាំង​លើ​វិស័យ​សំណង់​ទៀត​ទេ ដោយ​ប្តូរ​ទិស​ទៅ​វិនិយោគ​លើ​ឧស្សាហកម្ម​មិន​កាត់ដេរ​។ យើង​ត្រូវធ្វើ​ពិពិធកម្ម​លើ​វិស័យ​ភ័ស្តុភារកម្ម ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និង​អគ្គិសនី បន្ថែមទៀត​ដើម្បីឱ្យ​តម្លៃ​ដើម​ផលិត​ទាប​ដែល​អាច​ប្រកួតប្រជែង​បាន និង​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​»​។

យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ​នេះ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ទទួល​បាន​ការអនុម័ត​រួចហើយ ដោយ​កើន​ប្រហែល​ ៤០ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕ LA