ភ្នំពេញ: សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា (CFMA) បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជួយ​ពន្យារ​ការបង់ពន្ធ​គ្រប់​ប្រភេទ និង​ពន្យារពេល​ការបង់ប្រាក់​បំណុល​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ផលិត​ចំណីអាហារ កសិឧស្សាហកម្ម និង​កសិកម្ម​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩​។

យោងតាម​លិខិត​ចំហ​របស់​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា ការរាតត្បាត​ជំងឺ​កូ​វីដ​១៩ ជា​សកល កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាជីវកម្ម​ផ្នែក​ផលិត និង​កែច្នៃ​ចំណីអាហារ​នៅ​កម្ពុជា​។

CFMA បាន​ឲ្យ​ដឹងថា សហគ្រាស​មួយចំនួន​បាន​កាត់បន្ថយ​បុគ្គលិក​ពី ៥០ ​ទៅ​ ៧០ ​ភាគរយ ហើយ​សហគ្រាស​មួយចំនួន​ទៀត​បាន​សម្រេច​ផ្អាក​ដំណើរការ​ចង្វាក់​ផលិតកម្ម​បណ្តោះអាសន្ន ព្រោះ​គ្មាន​អ្នកបញ្ជា​ទិញ​ពី​ផ្សារទំនើប ម៉ាត និង​ពុំមាន​ការនាំចេញ​ជាដើម​។ ការណ៍​នេះ​បាន​ធ្វើឲ្យ​សហគ្រាស​ទាំងនោះ​បាត់បង់​ប្រាក់​ចំណូល​យ៉ាងគំហុក និង​គ្មាន​លទ្ធភាព​បង់ថ្លៃ​លើ​ការចំណាយ​ផ្សេងៗ ពិសេស​គ្មាន​លទ្ធភាព​បង្វិលប្រាក់​សងបំណុល​ទៅ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។

CFMA បាន​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ​សមាគម​សង្ឃឹមថា សហគ្រាស​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់​នឹង​ទទួលបាន​ការលើក​ទឹកចិត្ត​ផ្សេងៗ​ពី​រដ្ឋាភិបាល​»​។

CFMA បាន​ដាក់​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​ស្នើសុំ​ចំនួន ៧ ​ចំណុច​រួមមាន ពន្យារ​ការបង់ពន្ធ​គ្រប់​ប្រភេទ​ចំពោះ​សហគ្រាស​ផលិត​ចំណីអាហារ កសិឧស្សាហកម្ម និង​កសិកម្ម កាត់បន្ថយ​តម្លៃ​អគ្គិសនី​មក​ត្រឹម ២៥ ​ភាគរយ​នៃ​តម្លៃ​បច្ចុប្បន្ន ដើម្បី​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត និង​បន្ត​ឲ្យ​មាន​ចរន្ត​ផលិតកម្ម និង​ស្នើសុំ​បង្កើត​ប្រព័ន្ធ​លើកទឹកចិត្ត​អ្នក​ទិញ​ផលិតផល​ខ្មែរ​។

CFMA ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ជួយ​សម្រួល និង​ពន្លឿន​នីតិវិធី​ក្នុង​ការបោះទុន​វិនិយោគ​ជាមួយ​សហគ្រាស​ខ្នាតតូច និង​មធ្យម ឬ​បោះទុន​ឲ្យ​គ្រឹះស្ថាន​ធនាគារ​នានា​ក្នុង​ការផ្តល់​កម្ចី​ទៅដល់ SMEs ក្នុង​អត្រា​ការប្រាក់​ទាប ដោយ​មាន​ការសម្រួល​នីតិវិធី និង​មិន​តម្រូវ​ឲ្យ​មានទ្រព្យ​បញ្ចាំ និង​ជួយ​សម្របសម្រួល​លើ​ការបង់ប្រាក់​សង​ធនាគារ​ដោយ​ពន្យារ ឬ​បង់​តែ​ការប្រាក់​ក្នុង​រយៈពេល​ ៦ ​ខែ​យ៉ាងតិច​។

ទន្ទឹមនឹងនេះ CFMA ក៏បាន​ស្នើសុំ​រដ្ឋាភិបាល​បញ្ចេញ​ប្រាក់ឧបត្ថម្ភ​ធន​លើ​ប្រាក់បៀវត្សរ៍​បុគ្គលិក ៥០ ​ភាគរយ​ នៃ​ប្រាក់ខែ​គោល​របស់​កម្មករ និយោជិត​។

អ្នកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LYLY Food Industry Co ដែលជា​រោងចក្រ​ផលិត​នំស្រួយ លីលី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការស្នើសុំ​នេះ​នឹង​អាច​សម្រាល​បន្ទុក​បាន​មួយផ្នែក​ដល់​វិស័យ​ឯកជន ប្រសិនបើ​រដ្ឋាភិបាល​ទទួល​យក​សំណើ​នេះ​។

អ្នកស្រី​បាន​បន្តថា ក្រុមហ៊ុន​នំស្រួយ លីលី ក៏​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រាក់ចំណូល​យ៉ាង​ច្រើន​ដោយសារ​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ​ដែល​បណ្តាល​មកពី​វីរុស​នេះ​។

អ្នកស្រី​ថ្លែងថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​នៅពេលនេះ ពួកគេ​នឹង​រក្សា​និរន្តរភាព​អាជីវកម្ម និង​ចង្វាក់​ផលិតកម្ម ហើយ​កម្មករ​ក៏​នឹង​មិន​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ដែរ​»​។

ទន្ទឹម​នឹង​នេះ​ដោយសារ​ការរីករាលដាល​កូវីដ​១៩ ក្រុមហ៊ុន Kirirom Food ProductCo., Ltd ដែល​ជា​រោងចក្រ​កែច្នៃ​ផលិតផល​ពី​ផ្លែស្វាយ​ក៏​កំពុង​ប្រឈម​នឹង​កង្វះ​ទុន​បង្វិល​ប្រមាណ ៥០ ​ម៉ឺន​ដុល្លារ​ ក្នុងអំឡុង​នៃ​ការរាតត្បាត​កូវីដ​១៩​ ដែរ​។

អ្នកស្រី ម៉ៅ សុធា អ្នក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន​នេះ​បាន​និយាយថា កង្វះ​ទុន​បង្វិល​នៅពេលនេះ​ដោយសារ​ការនាំចេញ និង​ការ​លក់រាយ​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​។ អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា សព្វថ្ងៃ​វិស័យ​ឯកជន​ចង់បាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល ជាពិសេស​ការលើកលែង​ពន្ធ និង​ការផ្តល់ប្រាក់​ឧបត្ថមធន​ដែល​វិធានការ​ទាំងនេះ​នឹង​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកយើង​បន្តដំណើរ​ទៅមុខទៀត​»​។

ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​កម្ពុជា​បាន​គ្រោង​ថវិកា​ប្រមាណ​ ៤៥០ លាន​ដុល្លារ​៕