ភ្នំពេញៈ ក្រុមហ៊ុន​មូលនិធិ​ឯកជន​ក្នុង​ស្រុក Cambodia Investor Club (CIC) បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​អាជីវកម្ម​មួយ​ឈ្មោះ ឱកាស​វិនិយោគ Beyond Investment Opportunity (BIO) ក្នុង​គោល​បំណង​បង្កើន​សកម្មភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការបង្កើន​ដល់​អ្នក​ដែល​មាន​ទុន​លើស និង​អ្នក​ដែល​ត្រូវការ​ទុន​។

លោក ឡែម ចាន់សំរេច នាយក​គ្រប់គ្រង CIC បាន​និយាយ​ថា BIO នឹង​ជួយ​ដល់​វិនិយោគិន​ដែល​មាន​ទុន​ច្រើន​មាន​សមត្ថភាព​ក្នុង​ការ​វាយតម្លៃ​សក្តានុពល​អាជីវកម្ម​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ណាមួយ​ក៏​ជួយ​ពង្រឹង​សមត្ថភាព​សហគ្រិន​ដែល​ជា​អ្នក​ត្រូវការ​ទុន​ដើម្បី ធ្វើឲ្យ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​យក​ទុន​ផង​ដែរ​។

យោង​តាម​លោក សំរេច មាន​មូលនិធិ​វិនិយោគ​កាន់តែ​ច្រើន​សម្រាប់​សហគ្រិន​កម្ពុជា ហើយ​ពួកគេ​គួរតែ​ចាប់​យក​អត្ថប្រយោជន៍​នៃ​មូលនិធិ​ទាំង​នេះ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

លោក​ថ្លែង​ថា​៖ «​ដើម្បី​ធ្វើឲ្យ​ទីផ្សារ​កាន់តែ​មាន​សក្តានុពល ក្រុមហ៊ុន​ក្នុង​ស្រុក​ត្រូវតែ​មាន​សមត្ថភាព ដូច្នេះ​ហើយ​ទើប BIO ដំណើរការ​កម្មវិធី​នេះ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ទទួល​បាន​មូលនិធិ​កាន់តែ​ងាយស្រួល​»​។

លោក​បន្ត​ថា CIC បាន​ចាប់ផ្តើម​​មូលនិធិ​វិនិយោគ​តាំងពី​ឆ្នាំ​ ២០០៩ ហើយ​មក​ដល់​ពេល​នេះ​ CIC បាន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប ៤ ​លាន​ដុល្លារ​អាមេរិក​។

កម្មវិធី BIO និង​មាន​រយៈពេល​ ៦ ខែ ហើយ​មាន​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ៩​។ មាន​វគ្គ​ពិភាក្សា​ជាច្រើន​រវាង​អ្នក​ចូលរួម និង​សហគ្រាស​ជោគជ័យ​នៅ​កម្ពុជា​។

ដើម្បី​ក្លាយ​ជា​សមាជិក BIO អ្នកចូលរួម​ម្នាក់​ត្រូវ​បង់ថ្លៃ​ ៧៥០ ​ដុល្លារ​ក្នុង​មួយ​កម្មវិធី​នេះ​។ កម្មវិធី​កំណត់​ទិសដៅ​អ្នក​ចូលរួម ១០០ ​នាក់ ហើយ​ពេល​នេះ​មាន​អ្នក​ចូលរួម ​៥០ ​នាក់​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ភ្នំពេញ និង ២០ ​នាក់​នៅ​សៀមរាប​។

បច្ចុប្បន្ន​មាន​មូលនិធិ​វិនិយោគ​ឯកជន​ជាច្រើន​នៅ​កម្ពុជា​ដែល​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​វិនិយោគិន​ក្នុង​ការទទួល​បាន​ទុន​កាន់តែ​ច្រើន​។

គ្រាន់តែ​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ឯកជន​ចំនួន​ ៥ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​បច្ចុប្បន្ន​រួមមាន EMIA, Belt Road Capital Management, Smart Axiata, Leopard Capital និង IFC បាន​ផ្តល់​មូលនិធិ​រួម​គ្នា​ ៣០០ ​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​៕