ភ្នំពេញៈ Cambodian Investors Capital Partners Plc (CIC Capital Partners Plc.​) បាន​ក្លាយ​ជា​ក្រុមហ៊ុន «​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ» ​ដំបូង​នៅ​កម្ពុជា​ បន្ទាប់​ពី​​​ទទួល​​អាជ្ញាប័ណ្ណ​ជា​ផ្លូវ​ការ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) កាល​ពី​ថ្ងៃ​ទី ​៧ ខែ ​មិថុនា ឆ្នាំ ​២០១៩​ កន្លង​មក​។

«​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ»​ មាន​ន័យ​ថា ក្រុមហ៊ុន​អាច​នឹង​កៀរគរ​ទុន​ពី​វិនិយោគិន​ទាំង​ជា​លក្ខណៈ​បុគ្គល និង​ស្ថាប័ន​ពី​ក្នុង​​ស្រុក និង​ក្រៅ​​ស្រុក និង​បង្កើត​ជា​ទម្រង់​យន្តការ​វិនិយោគ (Investment Platform) មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ ដែល​​វិនិយោគិន​អាច​ចូលរួម​ក្នុង​​សកម្មភាព​ជា​មួយ ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​ការ​បណ្តាក់​ទុន​រួម​នោះ​។​

CIC Capital Partners Plc. គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Cambodian Investors Corporation Plc. ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ផ្តុំ​​​ដោយ​ក្រុម​អ្នក​វិនិយោគ​ក្នុង​ស្រុក​​​ប្រមាណ​ ៣០០ ​នាក់ ​ដោយ​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ខែ ​មេសា ឆ្នាំ ​២០១៣​។​

លោក គុយ វ៉ាត ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន CIC Capital Partners Plc ក្នុង​ឱកាស​ពិធី​ទទួល​​អាជ្ញាប័ណ្ណ​ពី​ SECC កាល​ពី​ម្សិលមិញ​បាន​និយាយ​ថា ក្រុមហ៊ុន​​នឹង​​ចូលរួម​ចំណែក​ក្នុង​ការ​​​​ជួយ​ដោះស្រាយ​​ការ​លំបាក​របស់​សហគ្រាស​ធុន​​តូច និង​មធ្យម​នៅ​កម្ពុជា ពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ។

លោក​បន្ត​ថា CIC Capital Partners Plc នឹង​បង្កើត​នូវ​​យន្តការ​មួយ​ដែល​មាន​គុណភាព ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​​សម្រាប់​អ្នក​វិនិយោគ​ ហើយ​​លោក​​សង្ឃឹម​ថា​ នឹង​មាន​វិនិយោគិន​ជា​ច្រើន​​ចូលរួម​ជាមួយ​ CIC Capital Partners Plc.។​

លោក​​ថ្លែង​​​ថា៖ ​«​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នេះ​នឹង​​រួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​មូលបត្រ​កម្ពុជា​ ក៏​ដូច​ជា​​​​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​​ផង​ដែរ​»​។

លោក​បន្ត​ថា CIC Capital Partners នឹង​ធានា​ឲ្យ​មាន​នូវ​ប្រតិបត្តិការ​ដែល​អនុលោម​តាម​​ច្បាប់ ដោយ​នឹង​កៀរគរ​មូលធន​ពី​សាធារណ​ជន​​ឲ្យ​បាន​​​ច្រើន​ ព្រម​ទាំង​ប្រើប្រាស់​មូលនិធិ​នេះ​ប្រកប​ដោយ​តម្លាភាព ប្រសិទ្ធភាព​ ប្រសិទ្ធ​ផល​ជាមួយ​នឹង​ការ​ការពារ​ការ​វិនិយោគិន​ពី​ហានិភ័យ​ផ្សេងៗ​» លោក ស៊ូ សុជាតិ អគ្គនាយក​​គណៈកម្មការ​​​មូលបត្រ​កម្ពុជា បាន​និយាយ​ថា នេះ​ជា​វឌ្ឍនភាព​ថ្មី​មួយ​ទៀត​របស់​​​វិស័យ​មូលបត្រ​នៅ​កម្ពុជា។ នេះ​ជា​ទីផ្សារ​ថ្មី​​នៅ​កម្ពុជា តែ​សម្រាប់​ប្រទេស​រីក​ចម្រើន​ដូច​ជា​សហរដ្ឋ​អាមេរិក គេ​មាន​ទីផ្សារ​បែប​នេះ​ប្រមាណ​ ១០០ ​ឆ្នាំ​​មក​ហើយ​។

លោក​បន្ត​ថា បើ​ទោះ​បី​ជា CIC Capital Partners ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ SECC តែ​គ្រប់​សកម្មភាព​របស់ CIC Capital Partners ត្រូវ​តែ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ SECC។​

លោក​ ស៊ូ សុជាតិ បញ្ជាក់​ថា​៖ ​​«​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី SECC នេះ​មិនមែន​មាន​ន័យ​ថា ក្រុមហ៊ុន​អាច​ចាប់​​ផ្តើម​ប្រកាស​គម្រោង​វិនិយោគ​អ្វី​​មួយ និង​​ធ្វើ​ការ​ប្រមូល​មូលនិធិ​ពី​សាធារណជន​បាន​នោះ​ទេ»។ លោក​បន្ត​​​ថា៖ ​«​​គ្រប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ [ក្រុមហ៊ុន​​គ្រប់គ្រង​មូលនិធិ] គឺ​ត្រូវ​តែ​មាន​ការ​រាយការណ៍ ​ត្រួត​ពិនិត្យ និង​យល់ព្រម​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​»​។

លោក​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​អ្នក​វិនិយោគ និង​បញ្ជាក់​ថា ឯកសារ​ដែល​ក្រុមហ៊ុន​រៀបចំ​មក​គឺ​មាន​ភាព​ច្បាស់លាស់ មាន​តម្លាភាព​ និង​មាន​គ្រប់​តួអង្គ​ទាំង​អស់​ចូលរួម​។​

បច្ចុប្បន្ន​​​មាន​ក្រុមហ៊ុន​ចំនួន ​៣ ​ផ្សេង​ទៀត​ដែល​កំពុង​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ ​«​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​» នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក្នុង​នោះ ២ ​ជា​ក្រុមហ៊ុន​អន្តរជាតិ​។ ដើម្បី​អាច​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​នេះ​បាន​ក្រុមហ៊ុន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ជា​ច្រើន និង​ត្រូវ​បាន​ទុន​យ៉ាង​តិច ​១ ​លាន​ដុល្លារ​។ នេះ​បើ​តាម​លោក ស៊ូ សុជាតិ៕​ LA