
រូបភាពសម្តែងស្តីពីការផ្តល់លុយចងការរវាងប្រជាជន និងអ្នកចងការប្រាក់។ ភ្នំពេញ ប៉ុស្តិ៍ ហេង ជីវ័ន
ភ្នំពេញៈ តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កាលពីម្សិលមិញបានក្រើនរំឭកសាធារណជនពីហានិភ័យនៃកម្ចីមានលក្ខខណ្ឌងាយស្រួលដែលត្រូវបានផ្សព្វផ្សាយកាន់តែច្រើនឡើងនៅតាមបណ្តាញសង្គមដោយក្រុមហ៊ុនមិនសូវស្គាល់ឈ្មោះជាច្រើនដែលអាចជាស្ថាប័នមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោក យន់ សុវណ្ណា នាយកប្រតិបត្តិ CMA បានថ្លែងកាលពីម្សិលមិញថា ការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់កម្ចីដែលមានលក្ខខណ្ឌងាយស្រួលកំពុងកើនឡើងគួរឲ្យកត់សម្គាល់នាពេលថ្មីៗនេះទាំងតាមបណ្តាញសង្គមដូចជាហ្វេសប៊ុក និង ផ្ទាំងផ្សាយពាណិជ្ជកម្មដែលដាក់ភ្ជាប់នៅតាមរ៉ឺម៉កទេសចរណ៍ជាដើម។
ការផ្សព្វផ្សាយពីសេវាកម្ចីទាំងនោះមិនបានបង្ហាញព័ត៌មានប្រកបដោយតម្លាភាពនោះទេស្របពេលព្យាយាមបង្ហាញលក្ខខណ្ឌមួយចំនួនដែលខុសឆ្ងាយពីអ្វីដែលគ្រឹះស្ថានមានអាជ្ញាប័ណ្ណត្រឹមត្រូវតែងអនុវត្ត។ លោកបន្ថែមថា ការផ្សព្វផ្សាយពីកម្ចីទាំងនោះអាចបង្កជាចម្ងល់ថាតើគ្រឹះស្ថានទាំងនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវឬអត់? ដែលកត្តានេះអាជ្ញាធរហិរញ្ញវត្ថុកម្ពុជាគួរត្រូវបានជូនដំណឹង និងចាត់វិធានការនានាដើម្បីបង្ការរឿងអាក្រក់កើតឡើង។
លោកថ្លែងថា៖ «វាអាចប៉ះពាល់ខ្លាំងដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេស បើសិនប្រជាជនកាន់តែច្រើនជាប់បំណុលជាមួយគ្រឹះសា្ថនមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ»។
លោកបានបន្ថែមថា ប្រសិនបើសេវាបែបនោះនៅតែប្រតិបត្តិការ ប្រជាជនកាន់តែច្រើនអាចរងគ្រោះដោយសេវានេះ ហើយផលអវិជ្ជមានអាចរាលដាលដល់កេរ្ដិ៍ឈ្មោះគ្រឹះស្ថានផ្តល់កម្ចីត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «វាអាចជាផលប៉ះពាល់អវិជ្ជមានដល់កេរ្ដិ៍ឈ្មោះគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដែលតែងតែអនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារជាតិយ៉ាងខ្ជាប់ខ្ជួន គោរពតាមគោលការណ៍ការពារអតិថិជន និងវិជ្ជាជីវៈ»។
សេវាកម្មកម្ចីដែលមានលក្ខខណ្ឌងាយស្រួលត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រុមហ៊ុនទាំងនោះក៏មានការផ្ញើសារតាមប្រព័ន្ធទូរស័ព្ទបញ្ចុះបញ្ចូលឲ្យប្រជាជនចាប់អារម្មណ៍ទទួលកម្ចីពីស្ថាប័នពួកគេផងដែរ។ ជាទូទៅស្ថាប័នដែលអះអាងថាផ្តល់កម្ចីរហ័ស និងមានលក្ខខណ្ឌងាយស្រួល ប៉ុន្តែអ្នកផ្តល់កម្ចីទាំងនោះមិនដែលបានផ្ដល់ព័ត៌មានប្រកបដោយតម្លាភាពនោះទេ។ ពួកគេព្យាយាមផ្សព្វផ្សាយពីសេវាកម្ចីដែលមិនមាននីតិវិធីស្មុគស្មាញដូចជាមិនតម្រូវឲ្យមានវត្ថុបញ្ចាំ និងអ្នកធានា តែមិនបានបង្ហាញអត្រាការប្រាក់ជាក់លាក់នោះទេ។ ការផ្សព្វផ្សាយទាំងនេះខុសគ្នាទាំងស្រុងពីការអនុវត្តរបស់គ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោកស្រី ជា សិរី អគ្គនាយក NBC បានថ្លែងកាលពីម្សិលមិញថា NBC បានយល់ដឹងពីបញ្ហានេះ ហើយបានចេញសេចក្ដីប្រកាសព័ត៌មានជាច្រើន ដើម្បីក្រើនរំឭកដល់សាធារណជនអំពីហានិភ័យនេះ។
លោកស្រីថ្លែងថា៖ «យើងស្វាគមន៍សេចក្ដីប្រកាសរបស់ CMA ដោយកត្តានេះបានជួយពង្រីកជំហររបស់យើង ហើយសង្ឃឹមថាវាអាចផ្សព្វផ្សាយកម្មវិធីអប់រំ និងការយល់ដឹងកាន់តែប្រសើរដល់សាធារណជន»។ លោកស្រីបន្តថា៖ «ពីខាង NBC យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារពាក់ព័ន្ធដែលអនុវត្តច្បាប់ ដើម្បីបង្ក្រាបការផ្តល់សេវា [កម្ចីមិនមានអាជ្ញាប័ណ្ណ] នេះ»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានថ្លែងកាលពីម្សិលមិញថា កម្ចីដែលបានផ្ដល់ដោយគ្រឹះស្ថានមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវមានហានិភ័យខ្លាំងណាស់ដែលត្រូវបង្ការឲ្យទាន់ពេល។
លោកទទួលស្គាល់ពីផលប្រយោជន៍នៃវិធានការ NBC នាពេលកន្លងមកទាក់ទងនឹងការផ្សព្វផ្សាយឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន តែលោកបានបញ្ជាក់ថាធនាគារកណ្តាលរបស់កម្ពុជាមួយនេះគួរបង្កើនសកម្មភាពអនុវត្តន៍បទប្បញ្ញាត្តិឲ្យតឹងរ៉ឹង និងឆាប់រហ័សជាងនេះទៀត។
លោកថ្លែងថា៖ «ប្រជាជនរបស់យើងនៅតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទាបនៅឡើយ ដែលមានន័យថាវាជាការចាំបាច់បំផុតដែលនិយតករហិរញ្ញវត្ថុត្រូវមានវិធានការឲ្យបានទាន់ពេលវេលាដើម្បីការពារអត្ថប្រយោជន៍របស់សាធារណជន»។
លោកបានបន្តថា៖ «យើងតែងគ្រប់គ្រងគ្រឹះស្ថានមានអាជ្ញាប័ណ្ណត្រឹមត្រូវដូចជាការដាក់កម្រិតអត្រាការប្រាក់ជាដើម ប៉ុន្តែប្រសិនបើយើងអនុញ្ញាតឲ្យគ្រឹះស្ថានមិនមានអាជ្ញាប័ណ្ណ ផ្ដល់សេវាដូចគ្នាដែរ អ៊ីចឹងវាដូចជាបើកឲ្យមានការប្រកួតប្រជែងដោយមិនស្មើភាពសម្រាប់គ្រឹះស្ថានផ្លូវការ។ វាបង្អាក់ទឹកចិត្តប្រតិបត្តិករឲ្យចូលរួមក្នុងប្រព័ន្ធផ្លូវការ»។
បច្ចុប្បន្នគេឃើញមានភ្នាក់ងារដើរចែកនាមប័ណ្ណតាមផ្ទះ និងហាងលក់ទំនិញតូចៗជាច្រើននៅក្នុងទីក្រុងភ្នំពេញពីការផ្តល់កម្ចីដែលភាគច្រើនត្រូវបានគេដឹងថាភ្នាក់ងារផ្តល់កម្ចីឯកជនដោយជនជាតិចិន៕ LA