ភ្នំពេញៈ ចាប់​តាំងពី​បើក​ដំណើរការ​ដំបូង​កាលពី​ឆ្នាំ​ ២០១២ មក​ដល់​ពេល​នេះ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​តែ​ ៥ ​ប៉ុណ្ណោះ​។ ខណៈ CSX បាន​ដាក់​ដំណើរការ​ទីផ្សារ​កំណើន​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​ ២០១៥ មាន​បំណង​ធ្វើឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​ធុន​តូច និង​មធ្យម​ដើម្បី​ចុះបញ្ជី​លើ​ផ្សារហ៊ុន​នេះ តែ​មក​ដល់​ពេល​នេះ​មិន​មាន SME ចុះបញ្ជី​នៅ​ទីផ្សារ​នេះ​នៅ​ឡើយ​ទេ​។

លោក Jong Weon Ha ត្រូវ​បាន​តែងតាំង​ថ្មីៗ​នេះ​ជា​ប្រធាន​ប្រតិបត្តិការ​ថ្មី (COO) នៅ CSX ដែល​ក្លាយ​ជា​ជនជាតិ​កូរ៉េ​ទី​ ៣ ​ក្នុង​មុខ​តំណែង​នេះ​។

លោក ហ៊ គីមសាយ អ្នកយក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោក Jong Weon Ha ដើម្បី​និយាយ​អំពី​ការទទួល​ខុសត្រូវ​របស់​លោក និង​ចក្ខុវិស័យ​របស់​ទីផ្សារ​មូលបត្រ​កម្ពុជា​។

ចាប់​តាំងពី​ប្រតិបត្តិការ​កាលពី​ឆ្នាំ ២០១២ CSX នៅ​តែ​កំពុង​ជម្នះ​យ៉ាង​ខ្លាំង​ក្នុង​ការទាក់ទាញ​ក្រុមហ៊ុន​ឲ្យ​ចុះ​បញ្ជី ខណៈ​មាន​តែ​ក្រុមហ៊ុន​ ៥ ​ប៉ុណ្ណោះ​នៅ​លើ​ទីផ្សារ​រហូត​មក​ដល់​ពេល​នេះ​។ តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ដំណើរការ​នេះ​?

ទីផ្សារ​មូលបត្រ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ដូច្នេះ​វា​ជា​ករណី​ធម្មតា​ដែល​ផ្សារហ៊ុន​នេះ​មិន​ទាន់​មាន​សកម្មភាព​ច្រើន​នៅ​ឡើយ​ទេ​។ សូម្បី​ការអភិវឌ្ឍ​ផ្សារមូលបត្រ​នៅ​ក្នុង​ប្រទេស​ថៃ ដូចជា​ផ្សារហ៊ុន​ថៃ (SET) និង​ផ្សារមូលបត្រ​នៅ​វៀតណាម​ត្រូវការ​ពេលវេលា​មួយ​ចំនួន​ដែរ ដើម្បី​រីកចម្រើន​មុន​ពេល​វា​មាន​សកម្មភាព​កាន់តែ​ច្រើន​ដូច​បច្ចុប្បន្ន​។

ពិត​ហើយ​យើង​មាន​សក្ដានុពល​ធំ​ក្នុង​ការ​រីកចម្រើន​។ សេដ្ឋកិច្ច​កម្ពុជា​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ការត្រួតពិនិត្យ​លើ​ក្រុម​វិនិយោគិន​មិន​ដឹង​ច្បាស់លាស់​នោះ​ទេ​។ មាន​តែ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ដឹង​ពី​បញ្ហា​នេះ​។ មិនមែន​វិនិយោគិន​ច្រើន​ដឹង​អំពី​សក្ដានុពល​របស់​ផ្សារមូលបត្រ​នេះ​ទេ​។ ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​អ្វី​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​វិនិយោគិន​បុគ្គល​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រុម​វិនិយោគិន​បរទេស​ដើម្បី​យល់ដឹង​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។

តើ​អ្វី​ជា​យុទ្ធសាស្ដ្រ​ថ្មីៗ​ដែល​អ្នក​នឹង​នាំ​មក​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​សកម្ម​?

ការចំណាយ​ពេលវេលា​កាន់តែ​ច្រើន​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ទីផ្សារ​នេះ ក្នុង​ចំណោម​វិនិយោគិន​វ័យក្មេង​របស់​កម្ពុជា គួរតែ​ជា​ការ​ផ្ដោត​ការយក​ចិត្តទុកដាក់​មួយ​។ ខ្ញុំ​នឹង​ព្យាយាម​ចែករំលែក​ចំណេះដឹង​របស់​ខ្ញុំ​ជាមួយ​វិនិយោគិន​វ័យក្មេង ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​លើ​ផ្សារមូលបត្រ​នេះ​។ នៅពេល​ធនធាន​មនុស្ស​មាន​ច្រើន​នឹង​ចូលរួម​នៅក្នុង​ទីផ្សារ​ថ្មី​នេះ ពួកគេ​នឹង​ជួយ​វិស័យ​នេះ​រីកចម្រើន​កាន់តែ​ខ្លាំង​។

យើង​នឹង​ព្យាយាម​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​កាន់តែ​ច្រើន ហើយ​នាពេល​អនាគត​នៅ​ពេល​ក្រុម​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ដូចជា​កូរ៉េ និង​ចិន វិនិយោគ​លើ​ទីផ្សារ​នេះ​នឹង​មាន​ឱកាស​ធំៗ​សម្រាប់​ទីផ្សារ​នេះ​។ ប៉ុន្តែ យើង​គួរ​តែ​ដឹង​ថា​វិនិយោគិន​ក្នុង​ស្រុក​ត្រូវការ​យល់ដឹង​ពី​អត្ថប្រយោជន៍​ទីផ្សារ​នេះ និង​ការវិនិយោគ​លើ​ទីផ្សារ​នេះ​ផង​ដែរ​។

តើ​មកកាន់​តំណែង​ជា COO នៅ CSX តាំងពី​ពេលណា​? ​តើ​អ្វី​ជា​ការងារ​សំខាន់​របស់​អ្នក​?

ខ្ញុំ​បាន​មក​ទី​នេះ​កាលពី​ថ្ងៃទី​ ៧ ខែ​មេសា​ហើយ​ខ្ញុំ​មិន​ប្រាកដ​នៅ​ឡើយ​ទេ​ថា រយៈពេល​ប៉ុន្មាន​ហើយ​ដែល​ធ្វើ​ការងារ​​នៅ​ទី​នេះ​។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ធ្វើ​ការងារ​នៅ​ទីនេះ​រយៈពេល​វែង និង​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​សកម្ម​ថែម​ទៀត​។ តាម​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​នឹង​ដោះស្រាយ​ការងារ​ជាច្រើន​ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​របស់ CSX ។ យើង​មាន​នាយកដ្ឋាន ៥ នៅ​ទី​នេះ​ហើយ​ខ្ញុំ​នឹង​ដោះស្រាយ​ការងារ​ក្នុង​ចំណោម​នាយកដ្ឋាន​ទាំងនេះ​។

តើ​អ្នក​អាច​ប្រាប់​ពី​បទពិសោធ​ការងារ​របស់​អ្នក​នៅ​ផ្សារមូលបត្រ ឬ​ការរួមចំណែក​របស់​អ្នក​ក្នុង​ការ​អភិវឌ្ឍ​ផ្សារ​មុន​ពេល​ចូលរួម​ជាមួយ CSX បាន​ទេ​?

ខ្ញុំ​បាន​សញ្ញាបត្រ​ពី​ផ្នែក​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​ ១៩៩២ ហើយ​ចាប់​តាំងពី​ពេល​នេះ​ខ្ញុំ​បាន​វិនិយោគ​ពេលវេលា​ភាគច្រើន​នៅក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​ផ្សារមូលបត្រ​។ ខ្ញុំ​ធ្លាប់​ធ្វើ​ការងារ​ឲ្យ​ផ្សារមូលបត្រ​កូរ៉េ KOSPI ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​។ ខ្ញុំ​មាន​បទពិសោធ​ការងារ​ខាង​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ផង​ដែរ​។

មុន​ឆ្នាំ​ ២០១៤ KOSDAQ មាន​ភាព​ស្ងប់ស្ងាត់​។ មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​តិចតួច​នៅ​ទីផ្សារ​នេះ ហើយ​ទំហំ​ជួញដូរ​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​។

ខ្ញុំ​រីករាយ​ក្នុង​ការ​ប្រាប់​ថា​ខ្ញុំ​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ KOSDAQ​។ ក្នុង​អំឡុង​ពេលវេលា​នៅ​ទី​នោះ​របស់​ខ្ញុំ ខ្ញុំ​ព្យាយាម​ពិភាក្សា​ជាមួយ​ម្ចាស់ SME ជាច្រើន​។ ខ្ញុំ​បាន​រៀបចំ​សិក្ខាសាលា​ជាច្រើន និង​ធ្វើ​បទបង្ហាញ និង​ការពន្យល់​។ ខ្ញុំ​ព្យាយាម​ស្វែងរក​ក្រុម​វិនិយោគិន​នៅក្នុង​ប្រទេស​កូរ៉េ និង​បរទេស​។ ការងារ​ជាច្រើន​ត្រូវ​បាន​ផ្លាស់ប្តូរ​នៅពេល​នេះ​។ មុន​ឆ្នាំ ២០១៤ ក្រុមហ៊ុន​មិន​ដល់ ២០ ចុះ​បញ្ជី​នៅ KOSDAQ ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​នៅពេល​នេះ​មាន​ក្រុមហ៊ុន​ជាង ១០០ ចុះ​បញ្ជី​នៅ KOSDAQ ប្រចាំ​ឆ្នាំ​។

ផ្សារហ៊ុន​កម្ពុជា​បាន​ដំណើរការ​ទីផ្សារ​កំណើន​សម្រាប់​ឲ្យ​ SME ចុះបញ្ជី​ផង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ SME ចុះបញ្ជី​នៅ​ផ្សារមូលប​ត្រ​នេះ​នោះ​ទេ​។ តើ​អ្នក​នឹង​ជួយ​ទីផ្សារ​នេះ​ដូចម្ដេច​?

ខ្ញុំ​នឹង​ប្រើប្រាស់​របៀប​ស្រដៀង​គ្នា​ដូច​ដែល​ខ្ញុំ​ធ្លាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​កូរ៉េ​។ ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​ក្រុម​វិនិយោគិន អំពី​សារៈសំខាន់​របស់​ទីផ្សារ​កំណើន​។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​លទ្ធផល​ល្អ​។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន SME កាន់តែ​ច្រើន​ឡើងៗ​ចុះ​បញ្ជី​នៅ​ទីផ្សារ​កំណើន​របស់​ CSX៕LA