ភ្នំពេញៈ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា (CRF) បាន​ឲ្យ​ដឹងថា​ ការអភិវឌ្ឍ​សហករណ៍​កសិករ និង​ការគាំទ្រ​របស់​រដ្ឋាភិបាល​តាមរយៈ​កម្ចី​ហិរញ្ញវត្ថុ នឹងធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំចេញ​អង្ករ​ឈានមុខ​គេ​ក្នុង​តំបន់ និង​ពិភពលោក​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្រូវ​អង្ករ​ប្រកប​ដោយ​ស្ថិរភាព​លើកដំបូង​ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ថា ភាព​ជា​ដៃគូ​របស់​សហករណ៍​កម្ពុជា ធនាគារ​ជនបទ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធាតុ​ចូល​កសិកម្ម និង​ពាណិជ្ជករ​កំពុង​រីកចម្រើន​។

លោក​ថ្លែងថា​៖ «​វា​នឹង​កំណត់​ផ្លូវ​ត្រឹមត្រូវ​ដែល​ភាគី​ពាក់ព័ន្ធ​នឹង​ផ្ដោតលើ​ដែល​ដោះស្រាយ​ផលិតភាព​របស់​កសិករ​មាន​ដើមទុន​តិច ស្ថិរភាព​ចង្វាក់​តម្លៃ ដែល​លើកកម្ពស់​កម្មវិធី​ដៃគូ ដើម្បី​ធ្វើឲ្យ​ប្រជាជន​ចេញ​ផុតពី​ភាពក្រីក្រ ថែរក្សា​បរិស្ថាន និង​ការពារ​ផែនដី​»​។

លោក​បន្តថា​៖ «​វា​នឹង​រួមចំណែក​ក្នុងការ​កសាង​សង្គម និង​បង្កើត​កិច្ចព្រមព្រៀង​មាន​មូលដ្ឋាន​លើ​ក្រមសីលធម៌ ជាមួយ​វិស័យ​ឯកជន ពិសេស​ការផ្ដល់​ហិរញ្ញប្បទាន​ជំនួយ​បច្ចេកទេស ការប្រើប្រាស់​ព័ត៌មានវិទ្យា​ដើម្បី​គាំទ្រ​តម្លៃ​ផលិត​ទាប​ធ្វើឲ្យ​កាន់តែ​ប្រសើរ​នូវ​សុវត្ថិភាព​ផលិត និង​ការគោរព​សិទ្ធិ និង​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​»​។

បន្ទាប់ពី​ការប្រមូលផល​កាលពី​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​រំពឹងថា នឹង​មាន​ផលិតផល​ស្រូវ​លើស​ ៦ ​លាន​តោន​បន្ថែម​លើ​ការប្រើប្រាស់​ក្នុងស្រុក និង​តម្រូវការ​ឧស្សាហកម្ម​ក្នុងស្រុក ប៉ុន្តែ​ការវិយោគ​កាន់តែច្រើន និង​ការតភ្ជាប់​ក្នុង​ចំណោម​ចង្វាក់​តម្លៃ​ក្រុមហ៊ុន​ជា​រឿង​ចាំបាច់​នៅក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ឲ្យ​ដឹងថា សហករណ៍​អាជីវកម្ម​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ក្នុងស្រុក និង​ផ្ដល់​អំណាច​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​ប្រជាជន​ដែល​មិន​សូវ​មានលទ្ធភាព ខណៈ​ពួកគេ​បាន​ចាប់យក​ប្រភព​ធនធាន​របស់​សហករណ៍​។

លោក​បន្ថែមថា​៖ «​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​ពិភពលោក (SDG) បញ្ជាក់​ថា ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព គឺជា​ស្នូល​ដ៏សំខាន់​របស់​សហគ្រាស​សហករណ៍​។ ក្នុងនាម​ជា​គំរូ​មួយ​នៃ​អាជីវកម្ម​ដែល​ពឹង​ផ្អែកលើ​តម្លៃ​សីលធម៌ និង​គោលការណ៍​ដែល​ទិសដៅ​របស់​ពួកគេ​នឹងត្រូវ​ផ្ដល់​សម្រាប់​តម្រូវការ និង​ការចង់បាន​របស់​សមាជិក​ពួកគេ ​សហករណ៍​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ និង​គោលបំណង​របស់​សហគមន៍​ក្នុងស្រុក​»​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ដើម​ខែកុម្ភៈ​បាន​ប្ដេជ្ញា​ថា​នឹង​ជួយ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ក្រុមហ៊ុន​នាំចេញ ក្រុមហ៊ុន​ផលិត និង​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រទេស​កម្ពុជា​។ ​

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ផលិត និង​ក្រុមហ៊ុន​នាំ​ចេញ​ស្រូវ អង្ករ​ភាគច្រើន​អាច​ទទួលបាន​កម្ចី​ធានា​ពី​ធនាគារ​នាំចេញ​នាំចូល​របស់​អាមេរិក​ដែល​នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​លទ្ធភាព​ទទួល​បាន​ការផ្ដល់​កម្ចី​មូលធន​ឯកជន និង​សមត្ថភាព​ក្នុង​ការទិញ​ឡសម្ងួត​បច្ចេកវិទ្យា​ខ្ពស់​មួយ​ចំនួន ដើម្បី​ស្ដុក​ស្រូវ​អង្ករ​របស់​ពួកគេ​»​។ លោក​បញ្ជាក់​ថា​៖ «​ការប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ស្ដុក​នឹង​បន្ត​កើនឡើង និង​អាច​ឲ្យ​កម្ពុជា​បង្កើន​ការនាំចេញ​អង្ករ​»​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ឥណទាន​សរុប​ដែល​បានផ្ដល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដល់​វិស័យ​កសិកម្ម​បាន​កើនឡើង​ដល់​ ៣,១ ​ពាន់​លាន​ដុល្លារ​ត្រឹម​ខែ​សីហា​ឆ្នាំមុន​។

បច្ចុប្បន្ន​វិស័យ​កសិកម្ម​បាន​រួមចំណែក​ប្រហែល​ពី​ ២៥ ទៅ​ ៣០ ​ភាគរយ​ ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ ខណៈ​វា​ទទួល​បាន​ប្រហែល​ ១០ ​ភាគរយ ប៉ុណ្ណោះ​នៃ​កម្ចី​ពី​វិស័យ​ហិរញ្ញវត្ថុ​។

របាយការណ៍​បាន​ឲ្យ​ដឹងថា កម្ពុជា​នាំ​ចេញ​អង្ករ ៦២០ ១០៦ តោន​ កាលពី​ឆ្នាំមុន​ធ្លាក់ចុះ​ ០,៩៧ ​ភាគរយ​ ធៀប​នឹង​ ៦២៦ ២២៥ តោន​ពី​ឆ្នាំ​ ២០១៨​។ តម្លៃ​សរុប​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​មាន​ប្រហែល​ ៥០១ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ធ្លាក់​ចុះ​ ៤,៣ ​ភាគរយ​ធៀប​នឹង​ ៥២៤ ​លានដុល្លារ​កាលពី​ឆ្នាំ​ ២០១៨៕LA