ភ្នំពេញៈ ការនាំចេញ​អង្ករ​កម្ពុជា​ត្រូវ​រំពឹង​ថា នឹង​មាន​ភាពវិជ្ជមាន​បន្ថែមទៀត​នៅ​ឆ្នាំ​ខាងមុខ បន្ទាប់ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) និង​ធនាគារ Bank of China (Hong Kong) Limited(BOC) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ​លើ​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គាំទ្រ​ក្នុង​ការចូលរួម​កម្មវិធី​ពិព័រណ៍ «3rd China International Import Expo (CIIE)» នៅ​ប្រទេស​ចិន​។

MoU នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៤ ខែ​កញ្ញា នេះ​រវាង​លោក សុង សារ៉ន ប្រធាន​ CRF ជាមួយ​នឹង​លោក Liu Zheng ដែល​ជា​តំណាង​ឲ្យ Bank of China (Hong Kong) Phnom Penh​។

ខ្លឹមសារ​នៃ MoU បាន​ឲ្យ​ដឹងថា ភាគី​ទាំង​​ ២ ​នឹង​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារ និង​ CRF ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​កម្ពុជា​ដែល​ចាប់​អារម្មណ៍ និង​ចូលរួម​ក្នុង​កម្មវិធី CIIE នេះ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ BOC នឹង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​សមាជិក CRF ក្នុង​គម្រោង CIIE​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា តាមរយៈ MoU នេះ BOC នឹង​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​សមាជិក​របស់​ CRF ក្នុង​ការទៅ​ចូលរួម​ក្នុង​ពិព័រណ៍ 3rd China International Import Expo (CIIE)» ដែល​គ្រោង​នឹង​រៀបចំ​ក្នុង​ទីក្រុង​ស៊ាងហៃ ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​ ៥-១០ ខែវិច្ឆិកា ខាង​មុខ​។

លោក​បន្តថា កម្មវិធី​ដ៏ធំ​មួយ​នេះ​តែង​ត្រូវ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​យកចិត្ត​ទុកដាក់​ខ្លាំង ហេតុនេះ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​ការចាប់​យក​ឱកាស​នេះ​ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​។

លោក​ថ្លែងថា​៖ «​ជា​រៀងរាល់​ឆ្នាំ​នៅ​ពេល​ទៅ​ចូលរួម​កម្មវិធី​នេះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នាំចេញ​អង្ករ​កម្ពុជា​តែង​ជួបពិភាក្សា និង​ចុះ​កិច្ចព្រមព្រៀង​​ផ្គត់ផ្គង់​ឲ្យ​ទៅ​អ្នកលក់​នៅក្នុង​ប្រទេស​ចិន​។ នេះ​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​នាំចេញ​សម្រាប់​ឆ្នាំ​ខាងមុខ​»​។

ខណៈ​កម្ពុជា​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ចំនួន ២ ​លើក​រួច​មក​ហើយ​នោះ លោក លន់ យ៉េង អះអាង​ថា​៖ «​ក្នុង​ការចូលរួម​ ២ ​លើក​កន្លងមក យើង​មាន​ចុះ MoU និង​កិច្ចព្រមព្រៀង​លក់​អង្ករ​បាន​ខ្លះ​» ​ដែរ​»​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ក្នុង​រយៈពេល ៨ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ ៤៤៨ ២០៣ ​តោន​ កើនឡើង ៣១,០៤ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៣៤២ ០៤៥ ​តោន​។

ចិន ជា​ប្រទេស​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​ដោយ​មាន​ចំនួន​ ១៥៩ ២៥៣ ​តោន ស្មើនឹង​ចំណែក​ទីផ្សារ ៣៥,៥៣ ​ភាគរយ សហភាព​អឺរ៉ុប​ចំនួន ១៤៩ ៨៤៨ ​តោន ស្មើនឹង​ ៣៣,៤៣ ​ភាគរយ ប្រទេស​សមាជិក​អាស៊ាន ៦០ ៩៣៣ ​តោន ស្មើនឹង ១៣,៥៩ ​ភាគរយ និង​ទិសដៅ​ផ្សេងទៀត​មាន​ចំនួន ៧៨ ១៦៩ ​តោន ​ស្មើនឹង ១៧,៤៤ ​ភាគរយ​៕LA