ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជាថ្មីម្ដងទៀតបង្ហាញពីក្តីសង្ឃឹមថា សហភាពអឺរ៉ុប (EU) នឹងពិនិត្យឡើងវិញនូវវិធានការការពារលើការនាំចូលអង្ករពីកម្ពុជា ដោយសារតែវាជាបញ្ហារសើប ចំពោះឧស្សាហកម្មស្រូវអង្ករកម្ពុជា។
ការលើកឡើងនេះធ្វើឡើង ខណៈ Copa Cogeca ដែលអង្គការកសិករ និងសហករណ៍កសិកម្មអឺរ៉ុប កាលពីសប្ដាហ៍មុន ជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារ លើការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនល្បឿនការអនុវត្តវិធានការការពារនេះ។
Copa Cogeca បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃទី ៤ ខែធ្នូ អគ្គនាយកដ្ឋានពាណិជ្ជកម្ម បានដាក់ឲ្យមានការបោះឆ្នោតនៅក្នុងគណៈកម្មាធិការអនុគ្រោះពន្ធ នូវសំណើមួយដើម្បីអនុវត្តវិធានការការពារ ស្ដីពីការនាំចូលអង្ករពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា។
Copa Cogeca បានឲ្យដឹងថា ដោយមិនមានការអត្ថាធិប្បាយស្ដីពីការអនុវត្តនេះ គណៈកម្មាធិការនេះអាចនឹងចាត់វិធានការលើបញ្ហានេះ។
Copa Cogeca បានឲ្យដឹងថា៖ «គណៈកម្មាធិការនេះ មិនបានបញ្ចេញគំនិតនោះទេ ដែលអនុញ្ញាតឲ្យគណៈកម្មការបន្តការសម្រេចនេះឆ្ពោះទៅមុខ ដោយអនុម័តសំណើច្បាប់នេះ»។
សហករណ៍នេះបន្តថា៖ «ការស៊ើបអង្កេតការពារ ដែលបានអនុវត្តឡើងដោយគណៈកម្មការនេះ បានឈានដល់ការសន្និដ្ឋានដូចគ្នា គឺថា ការបង្កើនការនាំចូលអង្ករពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា បានបណ្ដាលឲ្យមានការពិបាកធ្ងន់ធ្ងរសម្រាប់វិស័យស្រូវអង្កររបស់ EU ទាំងមូល»។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា CRF បានពន្យល់រួចហើយដោយមានមូលហេតុត្រឹមត្រូវ ទៅកាន់គណៈកម្មាធិការ EU ថាវាមិនប៉ះពាល់ដល់ឧស្សាហកម្មស្រូវអង្ករ EU នោះទេ ដោយសារតែវាជាអង្ករប្រភេទផ្សេងគ្នា ហើយវាជាជម្រើសរបស់អតិថិជន។
លោកថ្លែងថា៖ «វាមិនមែនជាលើកដំបូងទេ សម្រាប់ប្រទេស អីុតាលី និងអេស៉្បាញ ដែលត្អូញត្អែរអំពីដំណើរយឺតយ៉ាវនៃឧស្សាហកម្មស្រូវអង្កររបស់ពួកគេ វាមិនមែនមកពីយើងនោះទេ វាជាប្រភេទអង្ករផ្សេងគ្នា»។
បើសេចក្តីសម្រេនេះត្រូវអនុវត្ត អង្កររបស់កម្ពុជានឹងប្រឈមនឹងការយកពន្ធ ១៧៥ អឺរ៉ូ (១៩៨ ដុល្លារអាមេរិក) ក្នុង ១ តោននៅឆ្នាំដំបូង និង ១៥០ អឺរ៉ូនៅ ឆ្នាំទី ២ ហើយ ១២៥ អឺរ៉ូ នៅឆ្នាំបន្ទាប់។
កសិករប្រទេស អីុតាលី បានត្អូញត្អែរពីបញ្ហានៃការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយពួកគេបានបញ្ជាក់ថា ការនាំចូលបែបនោះ កំពុងធ្វើឲ្យប៉ះពាល់ដល់កសិករអឺរ៉ុប។
លោក ហ៊ុន ឡាក់ ថ្លែងថា៖ «ពន្ធនាំចូលនឹងប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់របស់កម្ពុជា ខណៈហេដ្ឋារចនាសម្ព័ន្ធរបស់យើងមិនទាន់រួចរាល់ដើម្បីកាត់បន្ថយតម្លៃឡូជីស្ទីកនោះទេ យើងនឹងប្រឈមជាមួយនឹងការប្រកួតប្រជែងយ៉ាងខ្លាំងលើទីផ្សារអង្កររបស់យើងជាមួយប្រទេសជិតខាង វាអយុត្តិធម៌សម្រាប់យើង ខណៈយើងនៅតែជាប្រទេសកំពុងអភិវឌ្ឍន៍»។ លោកបន្តថា EU ខ្វះការត្រួតពិនិត្យ ដោយបានដាក់បញ្ចូលអង្ករគ្រប់ប្រភេទទាំងអស់ ទៅក្នុងវិធានការការពារនេះ។
លោកថ្លែងថា៖ «យើងបានអំពាវនាវឲ្យសមាជិករបស់ EU ធ្វើអន្តរាគមន៍លើវិធានការការពារនេះ ពួកគេក៏បានគាំទ្រពួកយើងផងដែរ និងមានបំណងបោះឆ្នោតវ៉េតូ ឬជ្រើសរើសមិនចូលរួមនៅក្នុងកិច្ចប្រជុំការបោះឆ្នោតនេះ»។ លោកបន្តថា៖ «វាជាបញ្ហារសើបពិតប្រាកដសម្រាប់ប្រទេស កម្ពុជា»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានឲ្យដឹងថា ជាង ៧៥ ភាគរយនៃការនាំចេញអង្ករកម្ពុជាទៅ EU គឺអង្ករក្រអូប ដែលវានឹងមិនប៉ះពាល់ដល់កសិករ EU នោះទេ។
លោកថ្លែងថា៖ «យើងកំពុងនាំចេញអង្ករក្រអូបភាគច្រើនទៅបណ្ដាប្រទេសអឺរ៉ុប ដែលប្រទេសទាំងនោះមិនអាចដាំដុះស្រូវក្រអូបបាន»៕LA