ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX ) កាលពីថ្ងៃពុធបានជំរុញឲ្យម្ចាស់សហគ្រាសកម្ពុជាកៀរគរប្រភពទុនពីមូលនិធិវិនិយោគឯកជន ដែលកំពុងកើនឡើង ដោយបញ្ជាក់ថា វាជាប្រភពទុនថ្មីមួយដើម្បីឲ្យអាជីវកម្មរីកលូតលាស់លឿន និងជួយបង្កើតស្តង់ដារអាជីវកម្មដែលងាយស្រួលក្នុងការចុះបញ្ជីលក់ភាគហ៊ុននៅថ្ងៃក្រោយ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងសិក្ខាសាលាមួយស្ដីពី «ការប្រមូលទុនពីមូលនិធិវិនិយោគឯកជន លោក ហុង សុខហួរ អគ្គនាយក CSX បានថ្លែងថា មានមូលនិធិវិនិយោគកាន់តែច្រើនដែលអាចរកបានសម្រាប់សហគ្រិនកម្ពុជា ហើយពួកគេគួរតែត្រៀមខ្លួន ដើម្បីទទួលប្រាក់ពីមូលនិធិនេះ សម្រាប់ការពង្រីកអាជីវកម្ម។
យោងតាមលោក ហុង សុខ ហួរ ក្រុមហ៊ុនមូលនិធិវិនិយោគឯកជនមិនគ្រាន់តែជាប្រភពមួយសម្រាប់ប្រាក់នោះទេ ប៉ុន្តែថែមទាំងមានក្រុមជំនាញ ដើម្បីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្ដល់ការប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពផងដែរ។
លោកថ្លែងថា៖ «ឥឡូវនេះយើងបានប្តូរយុទ្ធសាស្ត្រយើងពីការស្វែងរកក្រុមហ៊ុនមកចុះបញ្ជីក្នុងផ្សារហ៊ុនតែមួយមុខ មកជាបង្កើតគំនិតផ្តួចផ្តើមដើម្បីជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SME) ឲ្យរីកចម្រើនកាន់តែលឿន»។
លោកបន្ថែមថាសហគ្រាសដែលអាចទទួលដើមទុនពីមូលនិធិវិនិយោគឯកជន និងមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ និងមានប្រព័ន្ធគ្រប់គ្រងប្រកបដោយតម្លាភាព។
លោកបន្តថា៖ «នៅពេលដែលពួកគាត់រីកចម្រើនកាន់តែធំទៅៗនាពេលអនាគត គាត់នឹងចុះបញ្ជីក្នុងផ្សារហ៊ុន និងពេលនេះវានឹងមានភាពងាយស្រួលសម្រាប់ពួកគាត់»។
លោក កឹម បូរ៉ា នាយកក្រុមហ៊ុន Mekong Strategic Partners បានថ្លែងកាលពីម្សិលមិញថា ទីផ្សារមូលនិធិវិនិយោគឯកជនកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះដោយក្រុមហ៊ុនកាន់តែច្រើនបម្រុងទុកមូលនិធិកាន់តែច្រើន ដើម្បីគាំទ្រកំណើនរបស់ SME។
ខណៈមានក្រុមហ៊ុនមូលនិធិវិនិយោគជាច្រើននៅក្នុងទីផ្សារនេះ លោក កឹម បូរ៉ា ថ្លែងថាក្រុមហ៊ុនធំៗចំនួន ៥ រួមគ្នាមានទុនបម្រុងសរុបប្រហែល ៣០០ លានដុល្លារ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន IFC ជាសាខាផ្ដល់កម្ចីរបស់ធនាគារពិភពលោក ក្រុមហ៊ុន EMIA ក្រុមហ៊ុន Belt Road Capital Management (BRCM) ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Leopard Capital ។
លោកថ្លែងថា៖ «មានមូលនិធិវិនិយោគកាន់តែច្រើនដែលអាចរកបានសម្រាប់ SME ដើម្បីរីកចម្រើន ប៉ុន្តែវាគ្រាន់តែជាបញ្ហាថាតើពួកគេត្រៀមខ្លួនរួចរាល់ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមូលនិធិនេះហើយឬនៅ?»។
លោកស្រី ព្រំ ផារ៉ាវត្តី អគ្គនាយកក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ATA Telecom បានថ្លែងថា ក្រុមហ៊ុនរបស់លោកស្រីត្រូវបានបង្កើតឡើងជាមួយនឹងមូលនិធិបានពីសាច់ញាតិ និងមិត្តភក្តិ ហើយបានកម្រិតឱកាសរីកចម្រើន ដោយសារមូលធននៅមានកម្រិត។
លោកស្រីថា បើអាចទទួលបានមូលនិធិពីក្រុមហ៊ុនមូលនិធិ វិនិយោគ នឹងជួយឲ្យលោកស្រីរីកចម្រើនបានកាន់តែរហ័ស។
លោកស្រីបន្តថា៖ «វាមិនងាយស្រួលនោះទេក្នុងការទទួលមូលនិធិពីក្រុមហ៊ុនមូលនិធិវិនិយោគ ប៉ុន្តែវាកាន់តែប្រសើរត្រូវដឹងពីលក្ខណវិនិច្ឆ័យនៅពេលនេះ និងរៀបចំខ្លួនជាមុន ដើម្បីទទួលបានមូលនិធិនេះពេលអនាគត»៕ LA