ភ្នំពេញ: ផ្សារមូលបត្រកម្ពុជា (CSX) បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្ដើមថ្មីមួយដែលហៅថា «៣៥ នាទីអំពីអាជីវកម្ម» ដើរតួជាវេទិកាថ្មីមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (SME) បង្ហាញអំពីគំរូអាជីវកម្ម និងចែករំលែកបទពិសោធ និងយុទ្ធសាស្ដ្រអាជីវកម្ម ជាពិសេសដើម្បីស្វែងយល់បន្ថែមអំពីការកៀរគរមូលនិធិតាមរយៈទីផ្សារភាគហ៊ុន។
លោក ហុង សុខហួរ អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថា វេទិកាថ្មីនេះនឹងដើរតួនាទីដ៏សំខាន់នៅក្នុងការផ្ដល់ឱកាសដល់ SMEs ក្នុងស្រុក ដើម្បីចែករំលែកបទពិសោធអាជីវកម្មរបស់ពួកគេ និងគំរូមិនគ្រាន់តែដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់វិនិយោគិនផងដែរ។
លោកថ្លែងថា៖ «គំនិតផ្ដួចផ្ដើមនេះនឹងដើរតួជាវេទិកាសម្រាប់ SME ដើម្បីចែករំលែកបទពិសោធអាជីវកម្មរបស់ពួកគេ និងអាចប្រាប់ដល់សាធារណជនអំពីអ្វីដែលពួកគេកំពុងធ្វើ។ វាក៏ជាស្ពានភ្ជាប់ពួកគេជាមួយវិនិយោគិនផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ជាមួយក្រុមហ៊ុនទាំងនោះអាចនិងចាប់ដៃវិនិយោគរួមគ្នាផងដែរ»។
CSX បានដាក់ដំណើរការទីផ្សារកំណើនរបស់ខ្លួនកាលពីចុងឆ្នាំ ២០១៥។ យោងតាមបទប្បញ្ញត្តិក្រុមហ៊ុនត្រូវបានតម្រូវឱ្យមានដើមទុន ប្រតិបត្តិការអប្បបរមា ៥ សែនដុល្លារដើម្បីចុះបញ្ជី។ ក្រុមហ៊ុននេះក៏តម្រូវឱ្យចេញផ្សាយលទ្ធផលហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ១ ឆ្នាំ និងបង្ហាញប្រាក់ចំណេញវិជ្ជមាន ឬលំហូរសាច់ប្រាក់ប្រតិបត្តិការវិជ្ជមានជាមួយនឹងកម្រិតប្រាក់ចំណេញដុលឱ្យបានយ៉ាងហោចណាស់ ១០ ភាគរយ៕ LA