ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នឹង​រៀបចំ​វេទិកា​ក្រុមហ៊ុន​ចុះបញ្ជី (The First Listed Company Forum) ​ជា​លើក​ដំបូង​របស់​ខ្លួន​ដើម្បី​បង្កើន​ការយល់ដឹង និង​ទំនុកចិត្ត​ដល់​សាធារណជន​សម្រាប់​វិស័យ​មូលបត្រ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CSX កាលពី​ថ្ងៃ​ម្សិលមិញ​។

CSX កន្លង​មក​បាន​រៀបចំ​ពិព័រណ៍​ផ្សារហ៊ុន​ជាច្រើន​លើក​រួច​មក​ហើយ​ដើម្បី​បង្កើន​ការយល់ដឹង​សម្រាប់​សាធារណជន​ទៅ​លើ​ផ្សារមូលបត្រ​ដ៏ក្មេងខ្ចី​របស់​កម្ពុជា​។

លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ចុះ​បញ្ជី និង​ផ្តល់​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយ​ថា វេទិកា​នេះ​នឹង​រៀបចំ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ដែល​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន និង​សាធារណជន​បាន​ស្តាប់ និង​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​នីមួយៗ​។

លោក​បន្ត​ថា​កន្លង​មក​ក្រុមហ៊ុន​ចុះបញ្ជី​តែង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ការងារ​របស់​ខ្លួន​ជា​រៀងរាល់​ ៣ ​ខែ​ម្តង​ទៅ​ដល់​សាធារណជន​តាមរយៈ​គេហទំព័រ​របស់​ផ្សារមូលបត្រ​កម្ពុជា តែ​នៅ​ពេល​មាន​វេទិកា​នេះ​គឺ​គេ​អាច​ធ្វើការ​ផ្សព្វផ្សាយ និង​សាកសួរ​ព័ត៌មាន​ដោយ​ផ្ទាល់​ជាមួយ​វិនិយោគិន និង​សាធារណជន​ទូទៅ​។

លោក​បាន​ថ្លែង​ថា​៖ «​វេទិកា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជា​វេទិកា​ដែល​បើក​ឱកាស​ឲ្យ​វិនិយោគិន និង​សាធារណជន​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​កំពុង​មាន​សកម្មភាព​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​រំពឹង​ថា​វេទិកា​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​វិសាលភាព​ទីផ្សារ​មូលបត្រ​កម្ពុជា​កាន់តែ​មាន​ភាព​ធំ​ទូលាយ​បន្ថែម​ទៀត​»​។

ប្រធានបទ​សំខាន់ៗ​ដែល​នឹង​ត្រូវ​លើក​យក​មក​បង្ហាញ​ក្នុង​វេទិកា​នេះ​រួមមាន យុទ្ធសាស្ត្រ​អាជីវកម្ម សក្តានុពល​ការរីកចម្រើន​នៃ​វិស័យ​មូលបត្រ សក្តានុពល​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​វឌ្ឍនភាព​នៃ​ប្រាក់​ចំណេញ និង​ធាតុ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​នីមួយៗ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ក្នុង​វេទិកា​នេះ​ក៏​នឹង​មាន​ការចូលរួម​ចែករំលែក​ការវិភាគ​លើ​ព័ត៌មាន និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ពី​អ្នក​ជំនាញ​មកពី​ក្រុមហ៊ុន​មូលបត្រ​ក៏​ដូចជា​ការជួយ​ជំរុញ​ការជួញដូរ​នៅ​លើ​ទីផ្សារ​តាមរយៈ​ការបំពេញ​បន្ថែម​នូវ​កង្វះខាត​ព័ត៌មាន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​សម្រាប់​វិនិយោគិន​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​នឹង​រៀបចំ​វេទិកា​នេះ​ជា​រៀងរាល់​ត្រីមាស​តែ​ម្តង​។

បច្ចុប្បន្ន​នេះ​នៅ​ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន​ ៥ កំពុង​ដំណើរការ​ជួញដូរ គឺ​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេនធ្វីនអ៊ីនធើណេសិនណល តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខណៈ​ពេល​ឆាប់ៗ​នេះ​អាច​នឹង​មាន​ក្រុមហ៊ុន​ ២ ​បន្ថែម​ទៀត​គឺ​ក្រុមហ៊ុន Pestech Cambodia និង​ក្រុមហ៊ុន ASA ដែល​ជា​ម្ចាស់​ភាគហ៊ុន​ភាគច្រើន​មួយ​របស់​ធនាគារ​អេស៊ីលីដា ត្រូវ​គេ​រំពឹង​ថា​នឹង​ឡើង​ផ្សារហ៊ុន​នៅ​ឆ្នាំ​នេះ​ផង​ដែរ​៕ LA