ភ្នំពេញៈ ​ក្រុមហ៊ុន ​DIGICRO​ ដែល​ជា​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​​វិស័យ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​ បាន​កៀរគរ​ទុន​​ដំបូង ​៣០ ​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន Showcase Capital មាន​មូលដ្ឋាន​នៅ​​ជប៉ុន ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ផ្តល់​កម្ចី​ខ្នាត​តូច​នៅ​កម្ពុជា​ដោយ​ប្រើ​កម្មវិធី​​តាម​ទូរស័ព្ទ​ដៃ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន។

ទុន​ដំបូង​​ ៣០ ម៉ឺន​ដុល្លារ​នេះ​នឹង​ប្រើប្រាស់​ក្នុង​ដំណាក់​កាល​​បឋម​សម្រាប់​​ដំណើរ​ការ​អាជីវកម្ម​ដែល​រួម​មាន​ដូច​ជា​ ការ​សិក្សា​​​ទីផ្សារ ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដើម្បី​​បង្កើត​ផលិតផល​ថ្មី​ជា​ដើម។​ កម្មវិធី​កម្ចី​តាម​ទូរស័ព្ទ​នេះ​មាន​ឈ្មោះ​ថា Spean Loan។

DIGICRO​ ជា​ក្រុមហ៊ុន​កម្ពុជា​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​លោក ​Yuta Nagano ​ជនជាតិ​ជប៉ុន​កាល​​ពី​​ឆ្នាំ​ ២០១៨។​ លោក​ Yuta Nagano ក៏​បាន​ដំណើរការ​គេហ​ទំព័រ​ប្រៀបធៀប​​ហិរញ្ញវត្ថុ​ SPEAN LUY ​ផង​ដែរ​ដែល​អាច​ឲ្យ​អតិថិជន​ប្រៀបធៀប​អត្រា​ការ​ប្រាក់​កម្ចី​​នៅ​តាម​គ្រឹះស្ថាន​ផ្ដល់​កម្ចី​​ផ្សេង​ៗ​របស់​កម្ពុជា​ផង​ដែរ​។​

លោក​​ Yuta Nagano ​ឲ្យ​ដឹង​ថា ​ជាង​ ៦០ ​ភាគរយ​នៃ​​ប្រជាជន​កម្ពុជា​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ ប៉ុន្តែ​ភាគ​ច្រើន​​ក្នុង​ចំណោម​ពួក​គេ​​នៅ​តែ​មិន​​អាច​ទទួល​​បាន​​កម្ចី​ដោយ​សារ​តែ​កង្វះ​​ឯកសារ​ផ្លូវការ ឬ​វត្ថុ​បញ្ចាំ​ ឬ​ពួក​គេ​​រស់​នៅ​តំបន់​ដាច់​ស្រយាល​ ដែល​ធនាគារ​​មិន​អាច​ប្រតិបត្តិការ​បាន​។​

លោក​ថ្លែង​ថា​៖ «​​ក្រុម​របស់​យើង​បាន​​បង្កើត​កម្មវិធី (mobile app) ឈ្មោះ​ថា ​Spean Loan ​ដើម្បី​បម្រើ​អ្នក​ដែល​មិន​ទាន់​ត្រូវ​បាន​ផ្តល់​ជូន​តាម​​រយៈ​​កម្មវិធី​របស់​យើង​។ ​ការ​អនុម័ត​ភ្លាម​ៗ ​នឹង​ជួយ​សហគ្រិន​ខ្នាត​តូច ទទួល​​បាន​មូលនិធិ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ​​និង​​ប្រជាជន​ដែល​ត្រូវ​ការ​មូលនិធិ​បន្ទាន់​»។

កម្មវិធី​នេះ​នឹង​អាច​ឲ្យ​អ្នក​ខ្ចី​ ដាក់​ពាក្យសុំ​​កម្ចី​ខា្នត​តូច​ចាប់​ពី ​៥០ ​ដុល្លារ​រហូត​ដល់​ ១​ ០០០ ​ដុល្លារ​​ដោយ​មិនមាន​​ឯកសារ​ ឬ​​មក​ការិយាល័យ​នោះ​ទេ​។ Spean Loan ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្កើត​ប្រព័ន្ធ​ផ្ដល់​ពិន្ទុ​ឥណទាន​ និង​វាយ​តម្លៃ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​សង​ប្រាក់​។

ទោះ​បី​ជា​ទទួល​ទុន​ដំបូង​​ ៣០ ម៉ឺន​ដុល្លារ​ពី​ Showcase Capital ក៏​អាជីវកម្ម​បង្កើត​ថ្មី​មួយ​នេះ​​កំពុង​រង់ចាំ​ការ​អនុម័ត​បទប្បញ្ញត្តិ​ពី​អាជ្ញាធរ​រូបិយវត្ថុ​កម្ពុជា​នៅ​មុន​ពេល​ការ​ចាប់​​ផ្ដើម​ដំណើរ​​ការ​កម្មវិធី​នេះ​ផង​ដែរ។ តំណាង​​មក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ជា​ធនាគារ​​កណ្ដាល​កម្ពុជា ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាជីវកម្ម​បង្កើត​ថ្មី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ចាប់​កំណើត​នៅ​ក្នុង​ប្រទេស​ កម្ពុជា។ សមាគម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺ​សមាគម​​បច្ចេកវិទ្យា​កម្ពុជា ​(CFA) ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​​កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន ​ខណៈ​មាន​​ការ​រំពឹង​ទុក​ពី​កំណើន​សេវា​ទូទាត់​តាម​ទូរស័ព្ទ។

Clik ជា​អាជីវកម្ម​បង្កើត​ថ្មី​បច្ចេកវិទ្យា​​ហិរញ្ញវត្ថុ​កម្ពុជា ​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា​ មុន​ថា ខ្លួន​រក​បាន​ទុន​ដំបូង ២ ​​​លាន​ដុល្លារ ដែល​ផ្ដល់​មូលនិធិ​ដោយ​ក្រុមហ៊ុន Limestone Technology និង​ក្រុមហ៊ុន OpenWay ស្រប​ជា​មួយ​នឹង​ក្រុម​វិនិយោគិន​គាំទ្រ​ហិរញ្ញវត្ថុ​មួយ​ចំនួន មក​ពី​វិស័យ​លក់​រាយ​របស់​កម្ពុជា។ ក្រុមហ៊ុន​នេះ​រំពឹង​ថា​​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ត្រីមាស​ទី២ ​ឆ្នាំ​នេះ​​នៅ​ពេល​ទទួល​បាន​អាជ្ញាប័ណ្ណ​ ជា​ក្រុមហ៊ុន​ផ្ដល់​​សេវា​ទូទាត់​តាម​អនឡាញ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​៕LA