ភ្នំពេញ៖ ទន្ទឹម​នឹង​ពេល​ដែល​ការ​រីករាល​​ដាល​ជំងឺ​កូវីដ ​១៩​ បាន​ទប់ស្កាត់​ គេហទំព័រ​អាជីវកម្ម​អនឡាញ​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បម្រើ​ប្រជាជន​ក្នុង​អំឡុង​ពេល​វេលា​ដ៏​តានតឹង​នេះ​។​ គេហទំព័រ​ Drinks on Wheels​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រយៈពេល ​២ ​សប្ដាហ៍​ បន្ទាប់​ពី​ក្រុមហ៊ុន​ភាគ​ច្រើន​បំផុត​នៅ​ភ្នំពេញ​បាន​ចាប់​ផ្ដើម​បំបែក​ពេល​ម៉ោង​ដែល​ធ្វើ​ការងារ​ពី​ផ្ទះ ឬ​បិទ​ដោយ​មិន​មាន​ពេល​វេលា​កំណត់។

លោក David Ghani ស្ថាបនិក​គេហទំព័រ​ Drinks on Wheels ដែល​មាន​ប្រវត្តិ​ចែកចាយ​ស្រា​​ មិន​គ្រាន់​​តែ​មាន​រយៈពេល​ជាង ​១៥ ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំាង​នៅ​​​ប្រទេស​ជា​ច្រើន​ផង​ដែរ រួម​មាន​​ចិន និង​ថៃ បង្កើត​គេហទំព័រ​ផ្សារ​ទំនើប​​អនឡាញ​​ ដើម្បី​បម្រើ​​សហគមន៍​ទាំង​ក្នុង​ស្រុក និង​បរទេស​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បាន​ផ្តល់​បទ​សម្ភាស​ដល់លោក ម៉ៃ គុណមករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​​កាសែត​ភ្នំពេញប៉ុស្ដិ៍ ដើម្បី​ពិភាក្សា​អំពី​​អាជីវកម្ម​នេះ និង​ថា តើ​សហគមន៍​អាជីវកម្ម​មាន​សភាព​ដូចម្ដេច​ដែរ ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

តើ​លោក​អាច​ប្រាប់​ខ្ញុំ​អំពី​អាជីវកម្ម​របស់​លោក​​បាន​ដែរ​ឬទេ? ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​ចាប់​យក​អាជីវកម្ម​ប្រភេទ​នេះ?​

គេហទំព័រ Drinks on Wheels ត្រូវបាន​ដាក់​​ឲ្យ​ដំណើរការ​រយៈពេល ៣ ​​​សប្ដាហ៍​មក​ហើយ បន្ទាប់​ពី​​ក្រុមហ៊ុន​ភាគ​ច្រើន​នៅ​ទីក្រុង​​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ផ្លាស់ប្តូរ​ម៉ោង​ការងារ​ ដោយ​ធ្វើ​ការងារ​ពី​ផ្ទះ​ ​ឬ​បិទ​ដោយ​គ្មាន​ពេល​វេលា​​កំណត់។ ដោយ​មាន​ការ​ជំរុញ​ពី​គេហទំព័រ​​ផ្សារ​ទំនើប​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​​បាន​​មើល​ឃើញ​ឱកាស​នេះ និង​​បាន​បង្កើត​គេហទំព័រ​​ Drinks on Wheels ដើម្បី​បម្រើ​សហគមន៍​ក្នុង​​​ស្រុក និង​​ជន​បរទេស​នៅ​ទីក្រុង​​ភ្នំពេញ។

យើង​ជា​គេហទំព័រ​ចែកចាយ​ស្រា​លើក​ដំបូង​នៅ​​កម្ពុជា ដែល​មាន​ស្ដុក​ជាង​ ៤០០ ​ផលិតផល។ ទិសដៅ​របស់​យើង​ គឺ​ធ្វើ​​ឲ្យ​ទីផ្សារ​​ភេសជ្ជៈ​អាច​រក​បាន​នៅ​​កម្ពុជា​តាមរយៈ​​គេហទំព័រ​នេះ ព្រម​ទាំង​លើក​កម្ពស់​ការ​​ពិសា​ប្រកប​ដោយ​​ការ​ទទួល​ខុស​ត្រូវ និង​ការ​អប់រំ​ជា​ទូទៅ​ពី​ផល​ប៉ះពាល់​​ដោយសារ​តែ​ការ​ផឹក​​ស្រា។​​

តើ​សេវា​​របស់​ Drinks on Wheels មាន​ទំហំ​យ៉ាង​ណា​​?​

Drinks on Wheels កំពុង​រៀបចំ​ផែនការ​មិន​គ្រាន់​តែ​ក្លាយ​ជា​​សេវា​ចែកចាយ​ភេសជ្ជៈ​នៅ​​​​ភ្នំពេញ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​នៅ​​ទូទាំង​​ប្រទេស​កម្ពុជា ​ផង​​ដែរ ជាមួយ​នឹង​ការ​ដាក់​ចេញ​​ផែនការ​ធ្វើ​ឲ្យ​​បាន​នៅ​មុន​ដំណាច់​​​ឆ្នាំ​នេះ​។

តើ​លោក​សង្កេត​ឃើញ​បែប​​​ណា​អំពី​​ផល​ប៉ះពាល់​ដោយសារ​កូវីដ ​១៩ ​​ដល់​​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា?

ជំងឺ​កូវីដ ១៩ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​​អាជីវកម្ម​ជា​ច្រើន​នៅ​​កម្ពុជា ជា​ពិសេស​​ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ។ ​មាន​ការ​បិទ​ភោជនីយដា្ឋន​តូចៗ​ និង​រង្គសាល​ជាច្រើន​​នៅ​ទូទាំង​ប្រទេស​ ដោយសារ​​មិន​មាន​អតិថិជន​ ឬ​​​តាម​សារាចរ​របស់​រដ្ឋាភិបាល។ វា​​គឺ​ជា​ពេល​វេលា​ដ៏​ពិបាក​ខ្លាំង​បំផុត​ សម្រាប់​ឧស្សាហកម្ម​របស់​យើង​ ហើយ​​វា​ទំនង​ជា​នឹង​ត្រូវ​ការ​រយៈពេល​ជា​យូរ​ទៅ​មុខ​ទៀត​ មុន​ពេល​វា​ត្រឡប់​ទៅ​រក​​ស្ថានការណ៍​មុន​ជំងឺ​កូវីដ ​១៩ ​វិញ​ ប្រសិន​វា​កើត​ឡើង​ជា​ថ្មី​។​​

តើ​លោក​​​មើល​ឃើញ​និន្នាការ​ទីផ្សារ​​ក្នុង​អំឡុង​ពេល​វេលា​ដ៏​ពិបាក​នេះ​ដូច​ម្ដេច​ដែរ?

យោង​ទៅ​តាម​ការ​វាស់វែង ដោយ​​ Kantar​ ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​ផ្នែក​ទិន្នន័យ​ មាន​ការ​កាត់​បន្ថយ​​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ភាគ​ច្រើន​ដោយសារ​តែ​ការ​បិទ​​​រង្គសាល​ ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ។

ការ​ផឹកស្រា​​ភាគ​ច្រើន​នៅ​ពេល​នេះ ​គឺ​នៅ​តាម​ភោជនីយដ្ឋាន ឬ​តាម​ផ្ទះ ដូច្នេះ​ប្រជាជន​ខ្មែរ​​បច្ចុប្បន្ន​​ប្រើប្រាស់​ផ្សារ​ទំនើប​ និង​ម៉ាត ជា​ទៀង​ទាត់​បំផុត​ ​ដើម្បី​ទិញ​​ភេសជ្ជៈ​។​​

តើ​លោក​នឹង​បន្ត​អាជីវកម្ម​នេះ​ដូចម្ដេច​នៅ​ពេល​ជំងឺ​កូវីដ ​១៩ ត្រូវ​បាន​គ្រប់គ្រង?

ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ​គឺ​ជា​អនាគត​នៃ​អាជីវកម្ម​នៅ​ទូទាំង​ពិភព​លោក។ វា​​​ត្រូវ​បាន​បង្កើន​ល្បឿន​ដោយសារ​តែ​ស្ថានការណ៍​ជំងឺ​កូវីដ ១៩ និង​បាន​ជំរុញ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ចូល​ទៅ​ក្នុង​ទីផ្សារ​អនឡាញ​ ដែល​ប្រហែល​ជា​មិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ការងារ​នេះ​ពី​មុន​មក​ទេ។ អាជីវកម្ម​របស់​យើង​នឹង​មិន​មាន​ការ​​ប្រែប្រួល​​នោះ​ទេ​ ប៉ុន្តែ​​​យើង​​នឹង​បន្ត​ខិតខំ​​​អភិវឌ្ឍ​អាជីវកម្ម​អនឡាញ​របស់​យើង​នៅ​ពេល​​​ដែល​ជំងឺ​កូវីដ ​១៩​ នេះ​រលត់​បាត់​ទៅ​វិញ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​៕​​LA​