ភ្នំពេញៈ ក្រុមហ៊ុន Prime Road Alternative Company Limited បាន​ឈ្នះ​ការដេញថ្លៃ​ផ្គត់ផ្គង់​ក្នុង​តម្លៃ​ទាប​បំផុត​សម្រាប់​គម្រោង​សូឡា ៦០ ​មេហ្គាវ៉ាត់​ នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​សប្តាហ៍​មុន​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ ADB ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ៥ កញ្ញា បង្ហាញ​ថា​ការដេញថ្លៃ​សម្រាប់​ថាមពល​សូឡា​ ៦០ ​មេហ្គាវ៉ាត់​នេះ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អគ្គិសនី​កម្ពុជា (EDC) ដើម្បី​ទទួល​បាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​តម្លៃ​ទាប​មួយ​។ ហើយ​លទ្ធផល​ក្រុមហ៊ុន Prime Road Alternative Company Limited បានឈ្នះ​ការដេញ​ថ្លៃ​ក្នុង​តម្លៃ ៣,៨៧៧ ​សេន (​ដុល្លារ​អាមេរិក​) ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​។

គម្រោង​ថាមពល​សូឡា ៦០ ​មេហ្គាវ៉ាត់​នេះ គឺជា​ផ្នែក​មួយ​នៃ​សួន​សូឡា​ជាតិ ១០០ ​មេហ្គាវ៉ាត់​ នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​ត្រូវបាន​ធ្វើឡើង​ភាព​ជា​ដៃគូ​សាធារណៈ​ឯកជន​។

កាលពី​ខែ​កុម្ភៈ EDC បានដាក់​ដេញថ្លៃ​សម្រាប់​សិទ្ធិ​សាងសង់​គម្រោង​សូឡា ៦០ ​មេហ្គាវ៉ាត់​ នៅ​ខេត្ត​កំពង់ឆ្នាំង​លើ​មូលដ្ឋាន​សាងសង់ គ្រប់គ្រង​ប្រតិបត្តិការ​។

គម្រោង​ដែល​គាំទ្រ​ដោយ ADB នេះ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ដេញថ្លៃ​ ២៦ ដែល​រួមទាំង​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយចំនួន​ផងដែរ និង​សម្រេច​បាន​តម្លៃ​ទាប​បំផុត​នៅក្នុង​អាស៊ីអាគ្នេយ៍​បើ​គិត​មក​ដល់​នឹង​ពេលនេះ​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក Siddharta Shah នាយក​ការិយាល័យ​ភាព​ជា​​ដៃគូ​សាធារណៈ​ឯកជន​របស់ ADB បាន​ឲ្យ​ដឹងថា តម្លៃ​ដ៏ទាប​នេះ​បង្ហាញ​ពី​ភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ថាមពល ហើយ​នេះ​ជា​សម័យថ្មី​មួយ​សម្រាប់​ការអភិវឌ្ឍ​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា និង​តំបន់ ហើយ​ជាពិសេស​សម្រាប់​ការផលិត​ថាមពល​សូឡា​។

លោក Siddharta Shah បាន​ឲ្យ​ដឹងថា នេះ​គឺជា​ព័ត៌មាន​ដ៏ល្អ​មួយ​សម្រាប់ EDC និង​ប្រជាជន​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​យើង​ជឿជាក់​ថា រដ្ឋាភិបាល​កាន់តែ​ច្រើន​នៅក្នុង​តំបន់​នេះ​នឹង​អនុម័ត​ការដេញ​ថ្លៃ​ជា​យុទ្ធសាស្ដ្រ​មួយ​ដើម្បី​ទទួលបាន​សមត្ថភាព​ផលិត​ថាមពល​កកើត​ឡើងវិញ ហើយ​រចនាសម្ព័ន្ធ និង​តម្លៃ​នេះ​នឹង​បម្រើ​ជាត​ម្លៃ​គោល​សម្រាប់​គម្រោង​នៅពេល​អនាគត​»​។

ការងារ​រៀបចំ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ ADB ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​កាណាដា និង​សិង្ហបុរី​។

លោក Pradeep Tharakan អ្នកឯកទេស​ខាង​ការប្រែប្រួល​អាកាសធាតុ​នៅ ADB បាន​ថ្លែងថា ADB កំពុង​ធ្វើការ​ងារ​ឆ្ពោះទៅ​ការអភិវឌ្ឍ​រយៈពេល​វែង​នៃ​វិស័យ​ថាមពល​នៅក្នុង​ប្រទេស​ កម្ពុជា​។

លោក​ថ្លែង​​ថា​៖ «​ការពង្រីក​ការផលិត​សូឡា​ស្រប​គ្នា​នឹង​ទិសដៅ​របស់ខ្លួន​នៃ​ការបង្កើន​លទ្ធភាព​ទទួល​បាន​ប្រភព​អគ្គិសនី​មាន​តម្លៃ​ទាប និង​ទុកចិត្ត​បាន​»​។

ការគាំទ្រ​គម្រោង​ផ្សេង​ទៀត​របស់ ADB ក្នុង​វិស័យ​ថាមពល​របស់​កម្ពុជា រួមមាន​ការផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការពង្រីក និង​ការពង្រឹង​អគ្គិសនី​ជាតិ ការអភិវឌ្ឍ​ផែនការ​អភិវឌ្ឍន៍​ថាមពល​ដ៏ទូលំទូលាយ​រហូត​ដល់​ឆ្នាំ​ ២០៤០ និង​ការសាកល្បង​បច្ចេកវិទ្យា​នវានុវត្តន៍​ដែល​រួមទាំង​ប្រព័ន្ធ​ស្ដុក​ថាមពល​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

នៅពេល​ទំនាក់ទំនង​តាម​បណ្តាញ WhatApp កាលពី​ម្សិលមិញ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​កាលពី​ខែ​កក្កដា​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​អាទិភាព​ដល់​ការអភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​ជា​ជាង​វារីអគ្គិសនី​។ លោក​ឲ្យ​ដឹងថា កម្ពុជា​នឹង​ពង្រីក​ការវិនិយោគ​ថាមពល​សូឡា​របស់ខ្លួន​ឲ្យ​បាន​ ១២ ​ភាគរយ​ ត្រឹម​ចុង​ឆ្នាំ​ ២០២០ និង​បង្កើន​រហូត​ដល់​ ២០ ​ភាគរយ ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​បន្ទាប់​ទៀត​៕LA