
សកម្មភាពបុគ្គលិកអគ្គិសនី កំពុងរំកិលទីតាំងបង្គោលអគ្គិសនីនៅក្នុងទីក្រុងភ្នំពេញនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គិសនីកម្ពុជាកាលពីថ្ងៃម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនចំនួន ២ ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដំណើរការដោយប្រេងខ្មៅ (HFO) និងឧស្ម័ន (LNG) តម្លៃ ៣៨០ លានដុល្លារ ដែលត្រូវបានអាជ្ញាធរអគ្គិសនីអះអាងថា ទីក្រុងភ្នំពេញនឹងមិនងាយមានកង្វះខាតថាមពលអគ្គិសនីទៀតទេចាប់ពីឆ្នាំ ២០២០ តទៅ។
ពិធីចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដែលមានថាមពល ៤០០ មេហ្គាវ៉ាត់នេះត្រូវបានធ្វើឡើងរវាងអគ្គិសនីកម្ពុជា (EDC) ជាមួយក្រុមហ៊ុនចិន CGGC-Un Power Co., Ltd និងក្រុមហ៊ុន China National Heavy Machinery Corporation។
រោងចក្រនេះនឹងត្រូវសាងសង់ឡើងក្នុងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលនឹងប្រើប្រាស់ពេល ១០ ខែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
កិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីនេះស្ថិតក្រោមរូបភាពម៉ៅការធ្វើវិស្វកម្ម ផ្គត់ផ្គង់បរិក្ខារ និងសាងសង់ ដែលត្រូវចែកជា ២ ទី១ រោងចក្រផលិតអគ្គិសនី ២០០ មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន WARTSILA របស់ប្រទេស ហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-Un Power Co., Ltd និងទី២ សាងសង់ដោយក្រុមហ៊ុន China National Heavy Machinery Corporation ដោយប្រើម៉ាស៊ីន MAN របស់អាល្លឺម៉ង់។
គម្រោងទាំងមូលនឹងចំណាយថវិកាសរុប ៣៨០ លានដុល្លារ ដែលជាមូលនិធិរបស់រដ្ឋាភិបាល (៣០០ លានដុល្លារ) និងអគ្គិសនីកម្ពុជា ក្នុងនោះ ៣៥៥ លានដុល្លារ សម្រាប់ការសាងសង់រោងចក្រ និង ២៥ លានដុល្លារ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) ដែលបានចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងនោះ បាននិយាយថា ការសាងសង់រោងចក្រផលិតអគ្គិសនីនេះ គឺជាការចូលរួមចំណែករបស់អគ្គិសនីកម្ពុជា ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយកង្វះថាមពល។ លោកថ្លែងថា៖ «ការដំឡើងម៉ាស៊ីននេះ ជាយុទ្ធសាស្រ្តមួយដ៏ចាំបាច់»។
តាមលោក កែវ រតនៈ អគ្គិសនីកម្ពុជាត្រូវបង្កើនការស្វែងរកថាមពលថ្មីបន្ថែមឲ្យបានជាង ១ ០០០ មេហ្គាវ៉ាត់ នៅមុនដំណាច់ឆ្នាំ ២០២០។ លោកបន្តថា៖ «បច្ចុប្បន្នអគ្គិសនីកម្ពុជាកំពុងខិតខំស្វែងរកថាមពលអគ្គិសនី តាមវិធីជាច្រើនដូចជា សាងសង់រោងចក្រអគ្គិសនីដោយថាមពលធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងការទិញពីប្រភពដែលមានតម្លៃថោក (ប្រទេស ឡាវ) ដើម្បីធ្វើឲ្យវាមានភាពប្រសើរជាងមុន»។
តាមលោក កែវ រតនៈ ថា រោងចក្រអគ្គិសនីនេះអាចដំណើរការបានទាំងប្រេងខ្មៅ (HFO) និងឧស្ម័ន (LNG)។ លោកថ្លែងថា៖ «ខ្ញុំជឿថា រដូវប្រាំងឆ្នាំក្រោយនឹងមានភាពល្អប្រសើរជាងឆ្នាំនេះ»។
លោក ទី នរិន្ទ រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារកំពុងធ្វើការដោះស្រាយបញ្ហាមួយចំនួននៅទីតាំងសាងសង់ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនសាងសង់ចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗនេះ។ លោកបន្តថា រោងចក្រអគ្គិសនីមួយនេះអាចនឹងចាប់ផ្តើមដំណើរការនៅក្នុងខែមីនា ឬមេសា ឆ្នាំ ២០២០។
របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានឲ្យដឹងថា កម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់ នៅឆ្នាំ ២០១៩ កើនឡើងពី ២ ៦៥០,២៦ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៨។
របាយការណ៍នេះបង្ហាញថា កម្ពុជាគ្រោងនឹងនាំចូលថាមពលក្នុងបរិមាណដូចគ្នានឹងឆ្នាំ ២០១៨ និង ២០១៧ ពីបណ្ដាប្រទេសជិតខាង គឺ ៤៤២,៥ មេហ្គាវ៉ាត់។
អគ្គិសនីកម្ពុជាកាលពីខែមីនា បានចុះកិច្ចព្រមព្រៀងជាមួយប្រទេស ឡាវ ដើម្បីទិញថាមពលអគ្គិសនីបន្ថែម ២០០ មេហ្គាវ៉ាត់ ដែលចាប់ផ្ដើមផ្គត់ផ្គង់ពីឆ្នាំ ២០២១ ទៅ៕ LA