ភ្នំពេញៈ អគ្គិសនី​កម្ពុជា​ (EDC) ​បាន​ដាក់​ឱ្យ​ដំណើរការ​អនុស្ថានីយ​អគ្គិសនី​ពោធិ៍ចិនតុង​ ដើម្បី​ចែកចាយ​ថាមពល​តង់ស្យុង​ខ្ពស់ និង​ត្រៀម​ផ្គត់ផ្គង់​អគ្គិសនី​ដែលមាន​និន្នាការ​ប្រើប្រាស់​កើនឡើង​នៅ​តំបន់​ជុំវិញ​នោះ​ស្របតាម​ការវិវត្ត​នៃ​គម្រោង វិនិយោគ​ធំៗ​ដែល​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ខាងមុខ​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ឱ្យ​ដឹងថា អនុស្ថានីយ​អគ្គិសនី​ពោធិ៍ចិនតុង​ស្ថិតនៅ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ តភ្ជាប់​ពី​អនុស្ថានីយ​អគ្គិសនី​ទី​៣ ស្ថិតនៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌដង្កោ និង​ផ្នែក​ខ្លះៗ​ក្នុង​ខណ្ឌ​សែនសុខ​។

លោក​បន្ថែមថា ការដាក់​ឱ្យ​ដំណើរការ​អនុស្ថានីយ​អគ្គិសនី​តង់ស្យុង​ខ្ពស់​ ១១៥ គីឡូវ៉ុល កម្លាំង​ ៧៥ ​មេហ្គាវ៉ុល​អំពែរ ដែល​មាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​បញ្ជាការដ្ឋាន​ការពារ​អាកាស និង​ខ្សែ​បញ្ជូន​អគ្គិសនី​អាកាស និង​កប់​ដី​តង់ស្យុង​ខ្ពស់ ១១៥ គីឡូវ៉ុល​បែកខ្នែង​ពី​ផ្លូវ Northbridge ប្រវែង​ ២ ​គីឡូ​មែត្រ​។

លោក​និយាយ​៖ «​ការដាក់ឱ្យ​ដំណើរការ​គឺជា​ពេលវេលា​ល្អ​ព្រោះ​វា​ស្ថិតក្នុង​រដូវប្រាំង​ដែល​មាន​កំណើន​នៃ​ការប្រើប្រាស់​ខ្លាំង​ក្នុង​តំបន់​នេះ ហើយ​វា​នឹង​ជួយ​សម្រាល​ការប្រើប្រាស់​ចេញពី​អនុស្ថានីយ​ជុំវិញ​ដែល​កំពុង​លើស​បន្ទុក ហើយក៏​វា​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​ដល់​រាជធានី​ភ្នំពេញ​»​។

លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា អនុស្ថានីយ​នានា​នៅ​ទីក្រុង​ភ្នំពេញ​គឺ​ទទួល​បាន​ថាមពល​អគ្គិសនី​ពី​ប្រភព​ចម្រុះ​របស់​រោងចក្រ​ថាមពល​ធ្យូងថ្ម វារីអគ្គិសនី​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដើម្បី​ចែកចាយ​ដល់​អ្នកប្រើប្រាស់​។

លោក​ថ្លែងថា​៖ «​ថាមពល​ពី​អនុស្ថានីយ​នេះ​នឹង​ជួយ​ដល់​ការផ្គត់ផ្គង់​ថាមពល​នៅក្នុង​ខណ្ឌ​សែនសុខ ខណ្ឌ​ពោធិ៍សែនជ័យ​ដែល​នឹង​លើកស្ទួយ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​ការផ្គត់ផ្គង់​ថាមពល​នៅ​ទីក្រុង​»​។

បើតាម​លោក ហ្សូនា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​អគ្គិសនី​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ​នេះ ដោយ​បច្ចុប្បន្ននេះ​កម្ពុជា​មាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​បាន ៣ ០០០ មេហ្គាវ៉ាត់​នៅ​រដូវវស្សា និង​ ២ ២០០ ​មេហ្គាវ៉ាត់​នៅ​រដូវប្រាំង​។

លោក រតនៈ ថា អនុស្ថានីយ​នេះ​សាងសង់​លើ​ផ្ទៃដី ៣ ៣៧៥ ម៉ែត្រការ៉េ ដែលជា​ថវិកា​របស់​រដ្ឋ​ទទួល​បាន​ពី​កម្ចី​ឥណទាន​សម្បទាន​នៃ​គម្រោង​ពង្រីក​ខ្សែ​បញ្ជូន​ និង​ចែកចាយ​ចាប់ពី​ឆ្នាំ​ ២០២០-២០២១​។

លោក​បញ្ជាក់​៖ «​ការប្រើប្រាស់​ថាមពល​ក្នុង​តំបន់​ដែលមាន​សកម្មភាព​អភិវឌ្ឍន៍​រីកដុះដាល​ច្រើន​របស់​ប្រជាពលរដ្ឋ ក៏ដូចជា អគារ​ពាណិជ្ជកម្ម​ប៊ូយ៉ុងថោន អគារ​អ៊ែតវូត អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប ជាដើម ពិសេស ត្រៀម​បំពេញ​តម្រូវការ​ប្រើប្រាស់​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នឹង​ដំណើរការ​​ជា​ប្រក្រតី​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ បាន​ធូរស្រាល​»​។

បើតាម​លោក កែវ រតនៈ បច្ចុប្បន្ន​អនុស្ថានីយ​នេះ​បាន​បំពាក់​ត្រង់​ស្វូម៉ាទ័រ​កម្លាំង ៧៥ មេហ្កាវ៉ុលអំពែរ ហើយ​នៅពេល​អនាគត អគ្គិសនី​កម្ពុជា​នឹង​បន្ថែម​ត្រង់​ស្វូម៉ាទ័រ ៧៥ មេហ្គាវ៉ុល​អំពែរ​មួយទៀត ដើម្បី​បង្កើន​កម្លាំង​សរុប ១៥០ មេហ្គាវ៉ុលអំពែរ សម្រាប់​ធានា​វិសាលភាព​នៃ​ការផ្គត់ផ្គង់​៕ LA