ភ្នំពេញ: ក្រុមហ៊ុន Emerald Resources NL ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្ត្រាលីបានចុះកិច្ចសន្យាក្នុងតម្លៃ ២៣០ លានដុល្លារជាមួយក្រុមហ៊ុន Mining and Civil Australia (MACA) លើគម្រោងរ៉ែមាសអូរខ្វាវនៅកម្ពុជា។
ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេរបស់ Renaissance Minerals (Cambodia) Ltd គ្រោងនឹងទាញយករ៉ែមាសលើគម្រោងអូរខ្វាវក្នុងខេត្តមណ្ឌលគិរីនៅត្រីមាសទី ២ ឆ្នាំ ២០២១។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចសន្យានេះមានរយៈពេលជាង ៧ ឆ្នាំ រួមមានការផ្គត់ផ្គង់ឧបករណ៍ធ្វើរ៉ែ និងសេវាកម្មលើគម្រោងរ៉ែមាសនៅកម្ពុជា។ វិសាលភាពការងារនៃកិច្ចសន្យានេះនឹងគ្របដណ្តប់លើសេវាដឹកជញ្ជូន ការទាញយករ៉ែ ខួង និងការបំផ្ទុះ។
ក្រុមហ៊ុនបានឲ្យដឹងថា ការរៀបចំឧបករណ៍គម្រោងអូរខ្វាវត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែសីហា ហើយគ្រោងនឹងប្រតិបត្តិការនៅខែតុលា។
លោក Morgan Hart នាយកគ្រប់គ្រងនៅក្រុមហ៊ុន Emerald Resources បានឲ្យដឹងថា ការចុះហត្ថលេខាលើកិច្ចសន្យាត្រូវបានធ្វើឡើងបន្ទាប់ពីមានដំណើរការយ៉ាងល្អិតល្អន់ និងសហការជាមួយក្រុមហ៊ុនទាំង ២ ក្នុងការបញ្ចប់ការវិភាគរុករករ៉ែនៃការអភិវឌ្ឍ និងប្រតិបត្តិការរបស់គម្រោងរ៉ែមាសអូរខ្វាវ។ លោកថ្លែងថា៖ «ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែជាការផ្តល់ទំនុកចិត្តកាន់តែខ្លាំង ដើម្បីសម្រេចបាននូវគោលដៅរបស់យើងជាអ្នកផលិតមាសខ្នាតធំដ៏ទំនើបដំបូងគេនៅកម្ពុជាដែលនឹងទាញយករ៉ែមាសនៅត្រីមាសទី ២ ឆ្នាំ២០២១»។
ក្រុមហ៊ុននេះបានចេញផ្សាយការសិក្សាលទ្ធភាពច្បាស់លាស់របស់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០១៧ ដែលបង្ហាញថា គម្រោងរ៉ែមាសអូរខ្វាវអាចផលិតបានមាស ១០៦ ០០០ អោនស៍ក្នុង ១ ឆ្នាំជាមធ្យម។
ក្រុមហ៊ុនបានប៉ាន់ប្រមាណថា ការទាញយករ៉ែដំបូងនឹងមានសកម្មភាពរយៈពេល ៧ ឆ្នាំជាមួយនឹងទុនវិនិយោគមានចំនួន ៩៨ លានដុល្លារអូស្ត្រាលី។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែមុនថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណរុករករ៉ែឲ្យក្រុមហ៊ុននេះកាលពីខែកក្កដា ឆ្នាំ ២០១៨ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១១,៥ គីឡូម៉ែត្រការ៉េលើគម្រោងរ៉ែមាសអូរខ្វាវក្នុងស្រុកមណ្ឌលសីម៉ា ខេត្តមណ្ឌលគិរី។
លោកបានបន្តថា អាជ្ញាប័ណ្ណនេះនឹងមានរយៈពេល ១៥ ឆ្នាំហើយអាចនឹងបន្តជាថ្មីបាន ២ ដងទៀត ដែលមានរយៈពេល ១០ ឆ្នាំម្តង។ បច្ចុប្បន្នក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រមាណ ៣៧ កំពុងរុករកនៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។
លោក Geoff Baker នាយកប្រតិបត្តិការក្រុមហ៊ុន MACA បានប្រាប់សារព័ត៌មាន NS Energy ថា៖ «ក្រុមហ៊ុនទន្ទឹងរង់ចាំបន្តនូវទំនាក់ទំនងការងាររឹងមាំដែលយើងបានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ និងសម្រេចបានគម្រោងជោគជ័យប្រកបដោយគុណភាពជាច្រើនជាមួយក្រុមប្រឹក្សាភិបាល និងការគ្រប់គ្រងរបស់ក្រុមហ៊ុន Emerald Resources»។
លោកបន្តថា៖ «ការសម្រេចបានកិច្ចសន្យារ៉ែបានអនុញ្ញាតឲ្យក្រុមហ៊ុន MACA ទទួលបានបទពិសោធក្រៅប្រទេសដែលនៅប្រទេសប្រេស៊ីលហើយបានបន្ថែមលើការងាររបស់ក្រុមហ៊ុន MACA ក្នុងវិស័យមាស»៕