ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានបង្វែរជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួន ភ្នំពេញ-ឌូបៃ តាមរយៈទីក្រុងបាងកកជំនួសឲ្យការឈប់សំចតទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា វិញ ដោយសារតែកំណើនតម្រូវការការធ្វើដំណើរពីកម្ពុជាទៅទីក្រុងបាងកក។ នេះបើតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទព័ត៌មានខ្លីមួយកាលពីម្សិលមិញ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានបញ្ឈប់សេវារបស់ខ្លួន ភ្នំពេញ-ឌូបៃ តាមរយៈទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃទី ៣១ ខែ ឧសភា ដោយងាកឈប់សំចតតាមរយៈទីក្រុងបាងកកវិញ។
លោក Abdulla Adnan ប្រធានផ្នែកពាណិជ្ជកម្មទទួលបន្ទុកក្រុមហ៊ុនអាកាសចរណ៍ Emirates Cambodia បានឲ្យដឹងថា កំណើនតម្រូវការធ្វើដំណើរពីប្រទេស កម្ពុជា ទៅទីក្រុងបាងកក ព្រមទាំងការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរនៅក្នុងព្រលានយន្តហោះទីក្រុងបាងកក គឺជាមូលហេតុសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្លាស់ប្តូរពីទីក្រុងយ៉ាំងហ្គោន ទៅទីក្រុងបាងកក ជាកន្លែងឈប់សំចតរបស់ខ្លួនទៅទីក្រុងឌូបៃវិញ។
លោកថ្លែងថា៖ «យើងសម្លឹងមើលទីក្រុងបាងកក ជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់អ្នកដំណើរ ដើម្បីចេញដំណើរពីអាស៊ីអាគ្នេយ៍ទៅទិសដៅផ្សេងៗដូចជាអឺរ៉ុប និងអាមេរិក»។
លោកបន្តថា៖ «យើងចង់បង្កើនទាំងអ្នកដំណើរក្នុងស្រុក និងអ្នកដំណើរក្រៅស្រុកសម្រាប់ប្រទេស កម្ពុជា»។ លោកបន្តថា៖ «ដោយពឹងផ្អែកលើការស្រាវជ្រាវទីផ្សារ យើងមានទំនុកចិត្តថា នឹងទាក់ទាញអ្នកដំណើរមានទ្រព្យច្រើនរបស់យើង»។
លោក Abdulla Adnan ថ្លែងថា៖ «ទាក់ទងនឹងប្រជាសាស្ដ្រ យើងកំពុងសម្លឹងមើលអ្នកដំណើរមានទ្រព្យច្រើនចម្រុះដែលចូលមកប្រទេស កម្ពុជា និងចេញពីប្រទេស កម្ពុជា»។
ជើងហោះហើរប្រចាំថ្ងៃដែលតភ្ជាប់ទីក្រុងឌូបៃ មកទីក្រុងភ្នំពេញតាមរយៈទីក្រុងបាងកក នឹងប្រើប្រាស់យន្តហោះ Boeing 777-300 ER ដោយមានកៅអីថ្នាក់អ្នកមានទ្រព្យច្រើន ៨ កៅអីថ្នាក់ជំនួញ ៤២ និងកៅអីតម្លៃទាប ៣១០ កន្លែង។
ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានដំណើរការជាលើកដំបូងនូវសេវាអ្នកដំណើររបស់ខ្លួនពីទីក្រុងភ្នំពេញទៅទីក្រុងឌូបៃ កាលពីខែកក្កដា ឆ្នាំ ២០១៧ ដោយសម្លឹងមើលការបង្កើនតួលេខទេសចរណ៍ស្របជាមួយនឹងការពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងការតភ្ជាប់ដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ រវាងទីក្រុងឌូបៃ និងមជ្ឈមណ្ឌលនៅអឺរ៉ុប ដូចជាទីក្រុងប៉ារីស ទីក្រុងឡុងដ៍ និង Frankfurt។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ស្វាគមន៍ការដំណើរការផ្លូវហោះហើរថ្មីនេះ ដោយសារតែវានឹងទាក់ទាញភ្ញៀវទេសចរមជ្ឈិមបូព៌ាកាន់តែច្រើនមកប្រទេស កម្ពុជា។
លោកស្រីថ្លែងថា៖ «ការមានជម្រើសជើងហោះហើរថ្នាក់អ្នកមានទ្រព្យច្រើន នឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកប្រទេស កម្ពុជា ជាពិសេសមកពីទីក្រុងឌូបៃ និងមកពីបណ្ដាប្រទេសមជ្ឈិមបូព៌ា»៕LA