ភ្នំពេញ: សហភាពអឺរ៉ុប និងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) ប្តេជ្ញាជួយពង្រឹងដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយសមាជិកអាស៊ាន ដោយបានផ្តល់ហិរញ្ញប្បទាន ៩,៣៥ លានអឺរ៉ូ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជានៅក្នុងតំបន់។
ក្រោមគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISES Plus Cambodia) ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើសិក្ខាសាលាស្តីពីការបើកដំណើរការគម្រោងនៅទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។
គម្រោងនេះជាការផ្តល់ហិរញ្ញប្បទានរួមគ្នាពីសហភាពអឺរ៉ុប និង BMZ ដែលអនុវត្តដោយ GIZ របស់អាល្លឺម៉ង់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គម្រោង ARISE plus Cambodia នឹងជួយធ្វើឲ្យប្រសើរឡើងនូវសេវាពន្ធគយ ការសម្រួលពាណិជ្ជកម្ម និងស្តង់ដា និងការពង្រឹងគុណភាពស្ថាប័ន ការអនុវត្តបទប្បញ្ញត្តិ រួមទាំងបង្កើនការចូលរួមរបស់វិស័យឯកជនតាមរយៈសមាគមសេដ្ឋកិច្ចអាស៊ាន AEC ផងដែរ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានឹងចាកចេញពីកម្ពុជានៅចុងខែសីហានេះបានថ្លែងនៅសិក្ខាសាលាកាលពីថ្ងៃសុក្រថា ជំនួយសហភាពអឺរ៉ុបទាក់ទងនឹងពាណិជ្ជកម្មបានជួយផ្តល់ភាពស្រួលដល់នីតិវិធីការនាំចេញ និងនាំចូលមកប្រទេសកម្ពុជាក៏ដូចជា ពន្ធគយនាពេលកន្លងមកផងដែរ។
លោកថ្លែងថា៖ «សមាសភាគជាតិនៃគម្រោង ARISE Plus បានដំណើរការថ្ងៃនេះនឹងក្លាយជាគន្លឹះសំខាន់សម្រាប់កម្ពុជា ដើម្បីបំពេញការប្តេជ្ញាចិត្ត សហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការប្រកួតប្រជែងនៅក្នុងតំបន់»។
គម្រោងនេះនឹងជួយគាំទ្រក្រសួងពាណិជ្ជកម្មក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដូចជាធ្វើការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
លោក Sascha Reebs លេខាធិការទី ១ និងអនុប្រធានផ្នែកសហប្រតិបត្តិការរបស់ BMZ បានឲ្យដឹងថា គម្រោងនេះបានរួមចំណែកជួយគាំទ្រឆ្ពោះទៅមាគ៌ាសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។
លោកបន្ថែមថាអាស៊ាននឹងក្លាយជាចំណុចអន្តរជាតិកណ្តាលមួយគ្រប់វិស័យទាំងអស់ ប្រសិនបើមានការគ្រប់គ្រង ដើម្បីកំណើនសេដ្ឋកិច្ច និងនយោបាយរួម។ លោកថ្លែងថា៖ «ពួកគេចែករំលែកតម្លៃ និងផលប្រយោជន៍រួមគ្នាលើពាណិជ្ជកម្មសេរី ការប្រែប្រួលអាកាសធាតុ និងច្បាប់អន្តរជាតិ»។
យោងតាមសហភាពអឺរ៉ុបប្រហែលតែ ១ ភាគ ៥ នៃទំនិញរបស់កម្ពុជាប៉ុណ្ណោះត្រូវបានលក់ទៅក្នុងរដ្ឋជាសមាជិកអាស៊ានដែលតួលេខពាណិជ្ជកម្ម និងវិនិយោគមានកម្រិតទាបជាងគេក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានទាំងអស់។
លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានេះជាគម្រោងបច្ចេកទេសដែលនឹងជួយជំរុញការផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជាទៅនឹងសមាហរណកម្មសហគមន៍អាស៊ាន។ លោកថ្លែងថា៖ «យើងសូមអរគុណចំពោះការគាំទ្រដែលនឹងផ្តល់ឲ្យសហគ្រាសខ្នាតតូច និងមធ្យមដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»។
លោក ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading បានឲ្យដឹងថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងកង្វះចំណេះដឹងទាក់ទងនឹងការសម្រួលពាណិជ្ជកម្ម។ លោកថ្លែងថា៖ «គម្រោងនេះនឹងជួយវិស័យឯកជនដើម្បីពង្រីកចង្វាក់ផលិតកម្មនៅពេលផលិតផលពួកគេមានស្តង់ដា។ គម្រោងនេះក៏នឹងជួយឲ្យប្រសើរផ្នែកពន្ធគយ និងស្តង់ដា។ យើងកង្វះព័ត៌មានអំពីពន្ធត្រួតស៊ីគ្នា»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ការនាំចេញកម្ពុជាទៅក្នុងតំបន់នៅតែមានកម្រិតទាបក្នុងចំណោមសមាជិកអាស៊ាន។ លោកថ្លែងថា៖ «យើងភាគច្រើននាំចេញផលិតផលកសិកម្ម និងវត្ថុធាតុដើមមួយចំនួនទៅប្រទេសវៀតណាម និងថៃ»។
បើតាមលោក លឹម ហេង ការនាំចេញកម្ពុជាទៅក្នុងប្រទេសជាសមាជិកអាស៊ានប្រហែល ២០ ភាគរយ និងការនាំចូលមកវិញសរុបប្រមាណ ៨០ ភាគរយដែលភាគច្រើនពីវៀតណាម និងថៃ៕