ភ្នំពេញ: ក្រុមហ៊ុនសេវាអ៊ីនធឺណិត Ezecom បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈ (CLPD) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សរបស់ស្ថាប័ននេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី Lee Yuni អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Ezecom បានថ្លែងនៅក្នុងពិធីចុះ MoU នេះថា ការផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនប្រកបដោយគុណភាព និងការការពារប្រកបដោយសុវត្ថិភាពខ្ពស់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រឹះស្ថានអប់រំនៃសាកលវិទ្យាល័យ AUPP ក្នុងការពង្រីកសក្តានុពលរបស់ខ្លួន ព្រមទាំងការផ្តល់កម្មវិធីសិក្សាឲ្យបានកាន់តែទូលំទូលាយទៅដល់មនុស្សកាន់តែច្រើននៅក្រៅថ្នាក់រៀនតាមរយៈប្រព័ន្ធអ៊ីនធឺណិត។
លោកស្រីនិយាយថា៖ «ការចុះអនុស្សរណៈនៃការយោគយល់ថ្ងៃនេះនឹងបើកឱកាសសហការកាន់តែជិតស្និទ្ធរវាងក្រុមហ៊ុន Ezecom និងមជ្ឈមណ្ឌល CLPD ក្នុងកិច្ចការអប់រំបណ្តុះបណ្តាលបុគ្គលិក និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ ខ្ញុំពិតជារីករាយចំពោះកិច្ចសហការនេះ»។
លោក Alan Wark នាយកប្រតិបត្តិមជ្ឈមណ្ឌល CLPD បានប្រាប់ថា ភាពជាដៃគូរវាងសាកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Ezecom គឺជាឱកាសសម្រាប់ភាគី ២ ទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក និងជួយឲ្យក្រុមហ៊ុនអាចពង្រឹងឯកទេសរបស់ខ្លួនបានកាន់តែរឹងមាំបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមសម្តែងក្តីសោមនស្សរីករាយចំពោះកិច្ចសហការនេះ ហើយនៅពេលអនាគតយើងរំពឹងថា នឹងរៀបចំនូវគំនិតផ្តួចផ្តើមសម្រាប់ការបណ្តុះបណ្តាល និងការអភិវឌ្ឍបច្ចេកវិទ្យាជាច្រើន ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុននេះ»។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះនឹងមានវេទិកាជាច្រើនដែលភាគីទាំង ២ អាចសហការគ្នាមានដូចជា ការបណ្តុះបណ្តាល ឱកាសអាហារូបករណ៍ ការធ្វើកម្មសិក្សា និងសកម្មភាពដទៃទៀតដែលនឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកនៃស្ថាប័នទាំង ២ ផងដែរ៕ LA