ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៏ EZECOM និងក្រុមហ៊ុន LXT Networks បានសហការគ្នាពង្រីកវិសាលភាពបណ្តាញអ៊ីនធឺណិតកម្រិតអន្តរជាតិ និងជំរុញការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
កិច្ចព្រមព្រៀងភាពជាដៃគូនេះនឹងពង្រីកសមត្ថភាពនៃហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន EZECOM និង LXT Networks ក្នុងការតភ្ជាប់ប្រទេសក្នុងតំបន់ ថៃ មីយ៉ាន់ម៉ា ឡាវ និង វៀតណាម សំដៅផ្គត់ផ្គង់សេវាអ៊ីនធឺណិតកាន់តែខ្លាំងក្លា និងកាន់តែប្រសើរឡើង។
ក្រុមហ៊ុន LXT Networks គឺជាក្រុមហ៊ុនឯកទេសផ្គត់ផ្គង់ខ្នាតធំនូវបណ្តាញខ្សែកាប្លិ៍លើដីក្នុងតំបន់អាស៊ាន។
ភាពជាដៃគូនេះនឹងពង្រីកលទ្ធភាពដល់ក្រុមហ៊ុន LXT Networks ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលបានវិនិយោគដោយក្រុមហ៊ុន EZECOM មានដូចជា ប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ MCT និង AAG ជាដើម ខណៈកិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឲ្យ EZECOM ចូលប្រើប្រាស់បណ្តាញរបស់ LXT Networks ដ៏ធំទូលាយក្នុងតំបន់អាស៊ីផងដែរ។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM ថ្លែងថា៖ «ភាពជាដៃគូថ្មីនេះបញ្ជាក់ពីជំហររបស់យើង ថាជាដៃគូតភ្ជាប់ដ៏ល្អសម្រាប់ប្រតិបត្តិករដែលត្រូវការពង្រីកវិសាលភាពរបស់ពួកគេក្នុងប្រទេសថៃ មីយ៉ាន់ម៉ា និងប្រទេសដទៃទៀត»។
ក្រុមហ៊ុន EZECOM និងក្រុមហ៊ុន LXT Networks នឹងផ្ដល់សេវាសមត្ថភាពអន្តរជាតិដែលតភ្ជាប់អតិថិជនចាស់ និងអតិថិជនថ្មីនៅក្នុងតំបន់ក្រុមហ៊ុនប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម។
លោក Tom Sastararuchi អគ្គនាយកក្រុមហ៊ុន LXT Networks បានបញ្ជាក់ថា៖ «យើងមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ជាមួយក្រុមហ៊ុនដែលបង្កើតឡើងយ៉ាងល្អប្រសើរដូចជា EZECOM ដែលបញ្ជាក់ពីភាពខ្លាំងនៃបណ្ដាញរបស់យើង និងលក្ខណៈដ៏រឹងមាំនៃយុទ្ធសាស្ដ្ររបស់យើង»៕LA