ក្រុងវ៉ាស៊ីនតោនៈ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កំពុងរៀបចំផែនការ ដែលគេហៅថា ការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងជាអន្តរជាតិដ៏ទូលំទូលាយសម្រាប់យន្តហោះប្រភេទ 737 Max នៃក្រុមហ៊ុន Boeing ដើម្បីដាក់បញ្ចូលក្រុមអ្នកជំនាញចំនួន ៩ នាក់ មកពីអាជ្ញាធរអាកាសចរណ៍ស៊ីវិល។
FAA បានប្រកាសកាលពីថ្ងៃសុក្រថា ការត្រួតពិនិត្យនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ២៩ ខែ មេសា ហើយត្រូវបានរំពឹងថា នឹងត្រូវការរយៈពេល ៩០ ថ្ងៃ។
ទីភ្នាក់ងារនេះ បានឲ្យដឹងថា ការត្រួតពិនិត្យនេះនឹង «វាយតម្លៃលើទិដ្ឋភាពនៃប្រព័ន្ធគ្រប់គ្រងការហោះហើរដោយស្វ័យប្រវត្តិរបស់យន្តហោះប្រភេទ 737 Max ដែលរួមទាំងការរចនា និងការធ្វើទំនាក់ទំនងជាមួយប្រព័ន្ធ ដើម្បីកំណត់ការអនុលោមជាមួយនឹងបទប្បញ្ញត្តិដែលអាចអនុវត្តបានទាំងអស់ និងដើម្បីកំណត់ការធ្វើឲ្យប្រសើរឡើងនៅពេលអនាគតដែលអាចត្រូវការ»។
ប្រព័ន្ធនោះត្រូវគេសង្ស័យថា គឺជាមូលហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air នៅក្បែរទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៨ ដោយសម្លាប់មនុស្ស ១៨៩ នាក់ និងការធ្លាក់យន្តហោះក្រុមហ៊ុន Ethiopian Airlines នៅជិតទីក្រុងអាឌីសអាបាបា កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ ដែលសម្លាប់មនុស្ស ១៥៧ នាក់។
ការធ្លាក់យន្តហោះទាំង ២ នេះ បានកើតឡើងភ្លាមៗបន្ទាប់ពីការហោះឡើងបានបន្តិច។
យន្តហោះ Max របស់ក្រុមហ៊ុន Boeing ដែលជាប្រភេទយន្តហោះលក់ដាច់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនផលិតយន្តហោះមួយនេះ ត្រូវបានហាមឃាត់ទូទាំងពិភពលោកចាប់តាំងពីពេលនោះមក ខណៈក្រុមវិស្វករ និងក្រុមស៊ើបអង្កេតកំពុងស្វែងរកមូលហេតុពិតនៃការធ្លាក់យន្តហោះប្រភេទនេះ។
ការត្រួតពិនិត្យថ្មីនេះ នឹងត្រូវដឹកនាំដោយលោក Chris Hart អតីតប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក រួមទាំងក្រុមអ្នកជំនាញមកពី FAA និងអង្គការ NASA។
ក្រៅពីនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលមកពីបណ្ដាប្រទេសផ្សេងៗដែលនឹងចូលរួម មានដូចជា សហភាពអឺរ៉ុប ប្រេស៊ីល អូស្ដ្រាលី កាណាដា ចិន ជប៉ុន ឥណ្ឌូនេស៊ី សិង្ហបុរី និងអេមីរ៉ាតអារ៉ាប់រួម។
ការធ្លាក់យន្តហោះទាំង ២ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី និងអេត្យូពី ប្រព័ន្ធប្រឆាំងការរលត់ម៉ាស៊ីនថ្មីរបស់ក្រុមហ៊ុន Boeing ដែលគេស្គាល់ថា MCAS ត្រូវសង្ស័យថាមានបញ្ហា។
តាមការរាយការណ៍ប្រព័ន្ធនេះបានបន្ទាបក្បាលយន្តហោះម្ដងហើយម្ដងទៀត បើទោះបីជាក្រុមអ្នកបើកបរខិតខំយ៉ាងណាក៏ដោយ។
កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Boeing បានអនុវត្តការហោះហើរសាកល្បងផ្នែកវិស្វកម្មនៃយន្តហោះ Max ដោយមានការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ MCAS ដែលចាត់ទុកថា ជាជំហានដ៏សំខាន់មួយលើផ្លូវដើម្បីបញ្ជាក់ជាថ្មីដល់យន្តហោះនេះសម្រាប់ការហោះហើរ។
អគ្គនាយកក្រុមហ៊ុន Boeing លោក Dennis Muilenburg ដែលបានជិះយន្តហោះនៅក្នុងការហោះហើរសាកល្បងកាលពីពេលថ្មីៗនេះបានប្ដេជ្ញាថា នឹងធ្វើឲ្យយន្តហោះប្រភេទ 737 Max«ក្លាយជាយន្តហោះដែលមានសុវត្ថិភាពបំផុតមិនធ្លាប់មាននៅក្នុងការហោះហើរនាពេលកន្លងមក»៕ AFP/LA