ក្រុងប្រ៊ុចសែលៈ ក្រុមហ៊ុន Facebook ដែល​មាន​រឿង​អាស្រូវ​ទិន្នន័យ​ដ៏ធំ​មួយ​ដែល​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​មួយ​នេះ​បាត់បង់​ប្រាក់​អស់​ជាង ១០០ ពាន់​លាន​ដុល្លារ​នៃ​តម្លៃ​ទីផ្សារ​របស់​ខ្លួន​នោះ​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ​ភាព​ឯកជន​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ឲ្យ​អ្នកប្រើប្រាស់​មាន​លទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួន​កាន់តែ​ខ្លាំង​។

មុន​ពេល​ចូល​ជាធរមាន​នៃ​ច្បាប់​ការពារ​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប​ដ៏សំខាន់​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​នឹង​បន្ថែម «​ប៊ូតុង​ឯកជន​» ថ្មី​មួយ​នៅ​លើ​បញ្ជី​ប៊ូតុង​ដែល​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​ចែករំលែក និង​លុបចោល​ក៏​ដូចជា​លក្ខណពិសេស​មួយ​ចំនួន​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​ទិន្នន័យ​របស់​ខ្លួន​បាន ហើយ​ផ្លាស់​ទិន្នន័យ​ទាំង​នោះ​ទៅ​កាន់​សេវា​ផ្សេង​ទៀត​។

លោក Erin Egan ប្រធាន​មន្ត្រី​ផ្នែក​ភាព​ឯកជន និង​លោកស្រី Ashlie Beringer អគ្គមេធាវីរង​ប្រចាំ​ក្រុមហ៊ុន Facebook បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន​ថា​៖ «​សប្តាហ៍​មុន​បាន​បង្ហាញ​ថា តើ​យើង​ត្រូវ​ធ្វើ​ការងារ​បន្ថែម​ប៉ុនណា ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​យើង និង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​ពី​វិធី​ដែល​ក្រុមហ៊ុន Facebook ធ្វើការ​ព្រម​ទាំង​ជម្រើស​ដែល​ពួកគេ​មាន​ចំពោះ​ទិន្នន័យ​របស់​ខ្លួន​»​។

អ្នក​ទាំង ២ ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​ដូច្នេះ​បន្ថែម​លើ​ការប្រកាស​របស់​លោក Mark កាលពី​សប្តាហ៍​មុន យើង​កំពុង​ធ្វើ​ដំណើរ​មួយ​ជំហាន​ទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​មនុស្ស​គ្រប់គ្រង​ភាពឯកជន​របស់​ពួកគេ​បន្ថែម​ទៀត​»៕ BP