អាមេរិកៈ ក្រុមហ៊ុន Facebook បានប្រកាសពីការចេញ រូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួនទៅកាន់ពិភពលោកដែលបានបង្កើតឡើងដើម្បីឲ្យមនុស្សសន្សំប្រាក់ ផ្ញើ ឬចំណាយប្រាក់យ៉ាងងាយស្រួល។
រូបិយប័ណ្ណពិភពលោកថ្មីមួយដែលមានឈ្មោះថា «Libra» ត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ នៅក្នុងគំនិតផ្ដួចផ្ដើមថ្មីមួយក្នុងការទូទាត់សម្រាប់បណ្ដាញសង្គមធំជាងគេរបស់ពិភពលោកមួយនេះ ដែលនឹងនាំយករូបិយប័ណ្ណឌីជីថលមួយនេះចេញពីភាពមិនច្បាស់លាស់នាពេលកន្លងមក។
ក្រុមហ៊ុន Facebook និងដៃគូប្រហែល ២០ ផ្សេងទៀត បានចេញផ្សាយគំរូរបស់ប្រាក់ Libra ជាកូដបើកចំហ នឹងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចាប់អារម្មណ៍ក្នុងទម្រង់ជា App សេវា ឬអាជីវកម្ម មុនពេលរូបិយប័ណ្ណឌីជីថលពិភពលោកនេះដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ។
សមាគមមិនស្វែងរកប្រាក់ចំណេញ មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ នឹងគ្រប់គ្រង Libra ដែលមានមូលដ្ឋានជារូបិយប័ណ្ណឌីជីថលនេះ ដែលរក្សាជាទុនបម្រុងទ្រព្យសកម្មពិតប្រាកដរបស់ពិភពលោក ដើម្បីរក្សាស្ថិរភាពតម្លៃរបស់វា។
លោក Dante Disparte ប្រធានសមាគម Libra Association ទទួលបន្ទុកគោលនយោបាយ និងទំនាក់ទំនងបានឲ្យដឹងថា គំនិតផ្ដួចផ្ដើមនេះ មានលទ្ធភាពអាចឲ្យប្រជាជនដែល «មិនមានគណនីធនាគារ» ១ លាននាក់ជុំវិញពិភពលោកមានលទ្ធភាពក្នុងការទទួលបានសេវាពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុអនឡាញ។
លោក Disparte បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងជឿជាក់ថា ប្រសិនបើអ្នកផ្ដល់លទ្ធភាពដល់ប្រជាជនក្នុងការទទួលបានប្រាក់ និងឱកាសនៅក្នុងតម្លៃទាបបំផុត ជារបៀបមួយដែលក្រុមហ៊ុនអ៊ីនធឺណិតមួយនេះបានធ្វើដោយខ្លួនឯងកាលពីពេលកន្លងមក»។
សមាគម Libra Association បានចាប់ផ្ដើមជាមួយនឹងសមាជិកទាំង ២៨ ក្រុមហ៊ុន ដែលរួមមានក្រុមហ៊ុន Mastercard ក្រុមហ៊ុន Visa ក្រុមហ៊ុន Stripe ក្រុមហ៊ុន Kiva ក្រុមហ៊ុន PayPal ក្រុមហ៊ុន Lyft ក្រុមហ៊ុន Uber និងអង្គការ Women''s World Banking។
លោក Peter Hazlehurst ប្រធានក្រុមហ៊ុន Uber ទទួលបន្ទុកការទូទាត់ និងហានិភ័យបានថ្លែងថា៖ «ការផ្ញើប្រាក់ទៅមិត្តភ័ក្ដិរបស់អ្នក មិនគួរពិបាកជាងពួកគេជិះតាក់ស៊ីរបស់ក្រុមហ៊ុន Uber ទៅផ្ទះនោះទេ»។
លោកថ្លែងថា៖ «Libra មានលទ្ធភាពក្នុងការភ្ជិតគម្លាតរវាងបណ្ដាញហិរញ្ញវត្ថុពីមុន និងបច្ចេកវិទ្យារូបិយប័ណ្ណឌីជីថលថ្មី ខណៈនឹងមានការកាត់បន្ថយការចំណាយសម្រាប់គ្រប់គ្នា»។
Facebook នឹងជាសំឡេងមួយប៉ុណ្ណោះក្នុងចំណោមសំឡេងជាច្រើននៅក្នុងសមាគមនេះ ប៉ុន្តែនឹងបង្កើតហោប៉ៅប្រាក់ឌីជីថលដាច់ដោយឡែកមួយ ដែលហៅថា Calibra។
លោក Tomer Barel អនុប្រធាន Calibra ទទួលបន្ទុកប្រតិបត្តិការបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងមើលឃើញនេះជាការបំពេញបន្ថែមដល់បេសកកម្មរបស់ក្រុមហ៊ុន Facebook ក្នុងការតភ្ជាប់ប្រជាជនទោះគ្រប់ទីកន្លែងដែលពួកគេនៅ ដែលរួមទាំងការអនុញ្ញាតឲ្យពួកគេក្នុងការផ្លាស់ប្តូរតម្លៃផង»។
លោកបន្តថា៖ «ប្រជាជនជាច្រើន ដែលប្រើប្រាស់ Facebook កំពុងស្ថិតក្នុងបណ្ដាប្រទេសដែលមានឧបសគ្គក្នុងការទទួលបានសេវាធនាគារ ឬឥណទាន»។
Calibra នឹងត្រូវបានបង្កើតឡើងនៅក្នុងកម្មវិធី Messenger និងកម្មវិធី WhatsApp របស់ក្រុមហ៊ុន Facebook ជាមួយនឹងទិសដៅមួយនៃការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើ Libra យ៉ាងងាយស្រួល ដូចដែលពួកគេសរសេរសារអ៊ីចឹង៕AFP/LA