ភ្នំពេញៈ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) ​កាលពី​ថ្ងៃ​ព្រហស្សតិ៍​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា CDTA (Cambodia Digital Tech Association) ដោយ​រំពឹងថា​នឹង​ជួយ​ធ្វើឱ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​កាន់តែ​មាន​ភាពរីកចម្រើន​។

លោក តែ តាំងប៉ ប្រធាន FASMEC បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ថា ការចុះ MoU ជាមួយ CDTA គឺ​ដើម្បី​ជួយ​ពង្រឹក​ផ្នែក​ឌីជីថល​ទៅដល់​វិស័យ​ឯកជន ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​(SME)​ដែលមាន​ប្រមាណ ៩៩,៥ ​ភាគរយ​ក្នុងចំណោម​សហគ្រាស​អាជីវកម្ម​ទាំងអស់​នៅ​កម្ពុជា​។ លោក​បន្ថែម​ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ក្លាយជា​ចំណែក​ដ៏សំខាន់​សម្រាប់​ការធ្វើ​អាជីវកម្ម​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា​៖ «​នេះ​មិនមែន​ជា​លើក​ទី​១ ​ទេ​ដែល FASMEC ចុះ MoU ជាមួយ​ដៃគូ​ដោយ​កន្លងមក FASMEC បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​រួច​មក​ហើយ​ជាមួយ​សមាគម និង​សហគ្រាស​ផ្សេងៗ​។ នេះ​ជា​កិច្ចការ​ជួយ​អភិវឌ្ឍ​សង្គម និង​វិស័យ​ឯកជន​នៅ​កម្ពុជា​»​។

លោក ឈិន កេន ប្រធាន​ CDTA និយាយថា MoU នេះ នឹង​បង្កើត​នូវ​កិច្ចសហការ​រវាង CDTA និង FASMEC ឱ្យបាន​កាន់តែខ្លាំង​។ CDTA នឹងធ្វើ​ការសហការ​ជាមួយ FASMEC ដើម្បី​ផ្តល់​ចំណេះដឹង និង​ជំនាញ​ផ្នែក​ឌីជីថល​ជាច្រើន​ទៅ​ផ្នែក​ពាក់ព័ន្ធ​របស់ FASMEC​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា តាមរយៈ MoU នេះ​នឹង​ជួយ​ឱ្យ​វិស័យ​ឯកជន​នៅ​កម្ពុជា​កាន់តែ​មាន​ឱកាស​ជោគជ័យ​លឿន ព្រោះ​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​គឺ​ពិត​ជា​មាន​ភាពចាំបាច់​ណាស់​នៅ​គ្រប់​វិស័យ​»៕ LA