ភ្នំពេញៈ ក្រុមហ៊ុន​បចេ្ចកវិទ្យា​ហិរញ្ញវត្ថុ​ (fintech) Fincy មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ការពង្រីក​វត្តមាន​របស់​ខ្លួន​ដល់​ក្រុងព្រះសីហនុ​ដើម្បី​ចាប់យក​នូវ​ឱកាស​នៃ​ការរីកចម្រើន​នៃ​អាជីវកម្ម និង​ការវិនិយោគ​ស្រប​នឹង​ការលើក​ទឹកចិត្ត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការប្រើប្រាស់​ការទូទាត់​បែប​ឌីជីថល ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

កាលពី​ខែ​មីនា​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ជំរុញ​ឲ្យ​បណ្ដា​ក្រសួង​របស់​រដ្ឋាភិបាល គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សាធារណជន ធ្វើការ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​របស់ Fincy នៅ​កម្ពុជា​ចាប់ពី​ដើម​ឆ្នាំ​នេះ បន្ទាប់ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី NBC អាជីវកម្ម​របស់​ខ្លួន​ទទួល​បាន​អត្រាកំណើន​លើស​ពី​ការរំពឹងទុក ដោយ​ទទួល​បាន​អាជីវករ​ជិត​ ៦០០ ​នាក់ ​នៅ​ក្រុង​ភ្នំពេញ និង​ជាមួយ​នឹង​មូលដ្ឋាន​ប្រើប្រាស់​កម្មវិធី​ដែល​រីកចម្រើន​យ៉ាង​រហ័ស​បំផុត យីហោ Fincy កំពុង​បង្កើន​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ផងដែរ​។

Fincy ផ្ដល់ជូន​សេវា​ទូទាត់​ឌីជីថល​ដែល​មាន​មុខងារ​ខ្ពស់បំផុត និង​គួរ​ឲ្យ​ទុកចិត្ត​ដែល​ផ្ដល់​ការទូទាត់ ការផ្ទេរ​ប្រាក់ និង​មុខងារ​សេវា​បើក​ប្រាក់ខែ​។ ទាំងអស់​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅលើ​បច្ចេកវិទ្យា blockchain ដែលមាន​សុវត្ថិភាព និង​តម្លាភាព​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​៖ «​ដើម្បី​បម្រើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ដល់​តម្រូវការ​ដែល​កើនឡើង​នេះ Fincy សម្រេច​បើក​ដំណើរការ​នៅក្នុង​ក្រុងព្រះសីហនុ ជាមួយ​នឹង​ប្រព័ន្ធ​ភ្នាក់ងារ​ក្នុងស្រុក​។ អាជីវករ​របស់​ Fincy ក្នុងស្រុក​មាន​ឱកាស​ក្នុង​ការក្លាយ​ទៅ​ជា​ភ្នាក់ងារ Fincy ប្រសិនបើ​ពួកគេ​ឆ្លង​ផុត​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ដែល​បាន​កំណត់​ដោយ​ក្រុមប្រឹក្សាភិបាល​របស់ Fincy​។

លោក Zwan Ross Lee ប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Fincy ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹងថា ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ នៅតែ​មាន​ក៏ដោយ ក៏​អាជីវកម្ម​ និង​ការវិនិយោគ​នៅ​ក្រុងព្រះសីហនុ ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ នៅតែ​មាន​ភាពរស់រវើក​។

លោក Zwan ថ្លែងថា​៖ «​បន្ទាប់ពី​រយៈពេល​ខ្លី​នៃ​ការជាប់គាំង​សេដ្ឋកិច្ច ដែល​បាន​បណ្ដាល​មកពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ សេដ្ឋកិច្ច​របស់​ក្រុងព្រះសីហនុ​កំពុង​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងខ្លាំង ហើយ​យើង​ជឿជាក់​ថា កំណើន​នឹង​បង្កើនល្បឿន​ក្នុង​រយៈពេល​ ២ ​ទៅ​ ៣ ​ឆ្នាំ​ក្រោយ​»​។

បើ​យោង​តាម​របាយការណ៍​របស់ NBC ចំនួន​គណនី​ប្រើប្រាស់​សេវា​ទូទាត់​តាម​អេឡិចត្រូនិក​សកម្ម​បាន​កើនឡើង​ ៥,២២ ​លាន​ កាលពី​ឆ្នាំមុន ដោយ​កើនឡើង​ ៦៤ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

NBC បង្ហាញ​ថា ទំហំ​ទឹកប្រាក់​ផ្ទេរ​តាមរយៈ​ធនាគារ និង​គ្រឹះស្ថាន​សេវាកម្ម​ទូទាត់​ប្រាក់ (PSIs) មាន​ចំនួន​ ៥៧,៩៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ ឬ​ ២១៣ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​។ ទន្ទឹម​នឹង​នេះ​ការទូទាត់​ចល័ត​តាមរយៈ​ធនាគារ និង PSIs ស្មើនឹង​ ២២,៩ ​ភាគរយ ​នៃ GDP កាលពី​ឆ្នាំ​ ២០១៩៕ LA