ភ្នំពេញៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ចាប់ផ្តើម​អភិវឌ្ឍ​ក្នុង​ឆ្នាំ​ ២០១៦ និង មាន​មូលដ្ឋាន​នៅ​កម្ពុជា Clik ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ៥ ខែ​សីហា​ ថា ខ្លួន​បានបញ្ចប់​ការបិទ​បញ្ចប់​ការកៀរគរ​ទុនវិនិយោគ​បន្ថែម​វគ្គ​ដំបូង​ដែលមាន​តម្លៃ​ ៣,៧ ​លាន​ដុល្លារ និង​ត្រៀម​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា មូលនិធិ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ Openway និង Poems Pte Ltd ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ​របស់​ក្រុមហ៊ុន​ Phillip Capital ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សិង្ហបុរី​ក្នុងតម្លៃ​ជាង​ ៣៥ ​ពាន់​លាន​ដុល្លារ​ស្ថិតក្រោម​ការគ្រប់គ្រង​រួមជាមួយ​នឹង​ក្រុម​វិនិយោគិន​គាំទ្រ​ហិរញ្ញវត្ថុ​ពិភពលោក​ជាច្រើន​ទៀត​ដែល​ ១ ​ភាគ​ ៣ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​។

ហិរញ្ញប្បទាន​នេះ​រួមមាន​ ២ ​លាន​ដុល្លារ​នៃ​ការប្ដេជ្ញាចិត្ត​វិនិយោគ​ដំបូង​ដែល​បានប្រកាស​កាលពី​ចុងឆ្នាំ​ ២០១៨ អាច​ឲ្យ​ក្រុមហ៊ុន​ Clik ​បង្កើន​ក្រុម​វិស្វកម្ម​ផលិតកម្ម និង​សេវា​អតិថិជន​របស់ខ្លួន​។

ដោយបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Clik ​គឺជា​ចង្កោម​ការទូទាត់​ដែល​ជំរុញ​ឲ្យ​ការទូទាត់​របស់​អតិថិជន​តាមរយៈ​កាត កាបូប​ប្រាក់​អនឡាញ និង​គណនី​ធនាគារ ខណៈ​ដែល​អាច​ឲ្យ​ពាណិជ្ជករ​ទទួល​យក​ការទូទាត់​បែប​នោះ​។

លោក​ Matthew Tippetts អគ្គនាយក និង​ជា​សហស្ថាបនិក​ក្រុមហ៊ុន​ Clik ​បាន​ឲ្យ​ដឹងថា​៖ «​បន្ទាប់ពី​រយៈពេល​ ២ ​ឆ្នាំ​នៃ​ការកើនឡើង និង​ការកំណត់​មូលដ្ឋានគ្រឹះ​នៃ​យុទ្ធសាស្ដ្រ​ទីផ្សារ​ក្នុង​តំបន់​របស់​យើង យើង​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​បង្កើនល្បឿន​កំណើន​របស់​យើង​ជាមួយ​ការបិទ​ដំណាក់កាល​ដំបូង​នេះ​»៕ LA