ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍សហគ្រិនប្រទេសហូឡង់ FMO នឹងចាក់បញ្ចូលប្រាក់ប្រមាណ ១,៤ លានដុល្លារសម្រាប់មូលនិធិជុំទី ២ ដល់មូលនិធិ Emerging Markets Investment Advisers (EMIA) ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឲ្យប្រសើរឡើងផលបត្ររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសឡាវ (CLMDF II) ចំពេលការរីករាលដាលជំងឺកូវីដ ១៩។
តាមទីភ្នាក់ងារព័ត៌មាន Nikkie Asia Review ដែលបានរាយការណ៍កាលពីថ្ងៃទី ៨ ខែសីហា ថា នេះគឺជាការចាក់បញ្ចូលមូលនិធិថ្មី ១ ទៀតទៅក្នុងទីផ្សារទាំងនេះ ដោយធនាគារ FMO សង្ឃឹមថា មូលនិធិដែលបង្កើននេះនឹងបំពេញបន្ថែមលើទុនបម្រុងផ្សេងទៀតនៃមូលនិធិអភិវឌ្ឍន៍ជុំទី ២ សម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ធនាគារនេះត្រូវបានដកស្រង់សម្តីថា៖ «ការវិនិយោគរបស់មូលនិធិនេះ បានបង្ហាញពីភាពរឹងមាំ ដោយបានលៃទុកសម្រាប់កំណើនអនាគត និងត្រូវបានប្រើប្រាស់ដើម្បីគ្របដណ្ដប់លើទុនបង្វិល និងការចំណាយប្រតិបត្តិការក្នុងអំឡុងការបិទប្រទេស។ យុទ្ធសាស្ដ្រផ្សេងទៀតរបស់មូលនិធិនេះក៏រងផលប៉ះពាល់ផងដែរ»។
ធនាគារឲ្យដឹងទៀតថា មូលនិធិនេះត្រូវរំពឹងថា នឹងគាំទ្រដល់ក្រុមហ៊ុនផលបត្រទាំង ១៣ របស់ CLMDF II ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ១៩។
FMO បានបន្តថា៖ «ការបង្កើនការប្ដេជ្ញាចិត្តនេះនឹងជួយដល់មូលនិធិនេះឲ្យសម្រេចបានតាមគោលបំណងបង្កើនតម្លៃរបស់ខ្លួន និងគាំទ្រដល់ការវិនិយោគសម្រេចបានទិសដៅកំណើនដំបូងរបស់ពួកគេ»។
កាលពីឆ្នាំ ២០១៥ FMO បានសន្យាផ្តល់ ១០ លានដុល្លារដល់ CLMDF II ជាលើកដំបូង។ មូលនិធិនេះបានបិទក្នុងចំនួន ៦៤,៥ លានដុល្លារ ជាមួយនឹងការវិនិយោគលើក្រុមហ៊ុន ១៣ ភាគច្រើនក្នុងចំណោមក្រុមហ៊ុនទាំងនោះស្ថិតក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ៤ នៅប្រទេសមីយ៉ាន់ម៉ា និង ៣ នៅឡាវក៏ទទួលបានមូលនិធិនេះផងដែរ។
លោក Joshua Morris អគ្គនាយកមូលនិធិ Emerging Markets Investment Advisers បានប្រាប់ក្រុមហ៊ុន DealStreetAsia ដែលដកស្រង់សម្តីដោយទីភ្នាក់ងារ Nikkie Asia Review កាលពីខែមុនថា ក្រុមហ៊ុននេះបានផ្ដោតលើការងារជាមួយក្រុមវិនិយោគិនដើម្បីបង្កើនការប្ដេជ្ញាចិត្ត និងជាទុនបម្រុងផ្សេងទៀតរបស់មូលនិធិទី ២ នេះ។
លោកក៏បានបង្ហាញថា EMIA កំពុងសម្លឹងមើលការចាប់យកដៃគូទាំងក្នុងស្រុកដែលមានស្រាប់ និងដៃគូថ្មី ដើម្បីប្រមូលមូលនិធិរហូតដល់ ១២០ លានដុល្លារសម្រាប់យុទ្ធសាស្ដ្រថ្មី។ មូលនិធិជុំទី ៣ នេះនឹងបន្តយុទ្ធសាស្ដ្រដែលមានស្រាប់នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
លោក Morris ថ្លែងថា៖ «យើងរំពឹងថា យើងនឹងអាចគ្របដណ្ដប់លើទំហំវិនិយោគដ៏ទូលំទូលាយសម្រាប់មូលនិធិថ្មី ខណៈដែលទុនបម្រុងគឺយើងមានគ្រប់គ្រាន់ដើម្បីគាំទ្រកំណើន»។
មូលនិធិដំបូងរបស់ EMIA មានទឹកប្រាក់ចំនួន ១៩,៦៥ លានដុល្លារ បានវិនិយោគនៅក្នុងប្រទេសកម្ពុជា និងឡាវ ប៉ុន្តែបានដកការវិនិយោគជាបន្តបន្ទាប់ពីប្រទេសទាំង ២ នេះដោយបន្ថយភាគហ៊ុននៅក្នុង Park Cafe និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។ នេះបើយោងតាមលោកប្រធានក្រុមហ៊ុន៕ LA